Friday, June 30, 2017

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក នៅតែបន្តការគាំទ្រ​លើការ​អភិវឌ្ឍសង្គម​ ការអភិវឌ្ឍសេដ្ឋកិច្ច​ និងនយោបាយ​ នៅក្នុង​ប្រទេសកម្ពុជា​

ក្នុងឱកាសដែល លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញចូលរួម នៅក្នុងខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក លោកបានថ្លែងថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្ត បន្តការគាំទ្រលើការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការ នៃអាជ្ញាធរមីន និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលជារូបច្រើន ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

លោក William A.Heidt បានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសកម្ពុជា រីករាយពេញចិត្ត នូវការធ្វើសន្ទនាដោយស្មោះត្រង់ រវាងគ្នានៅលើបញ្ហាជាច្រើន និងទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត គាំទ្រនៅការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា នៅក្នុងវិធីជាច្រើន ដែលអាចធ្វើទៅបាន។

លោក William A.Heidt បានបន្តថា ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក មានការរីកចម្រើនក្នុងពេលកន្លងមក ដោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានទីផ្សារដ៏ធំ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបន្ថែមទៀតថា កម្ពុជាមានរោងចក្រប្រមាណ២០រោងចក្រ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំនេះ ដើម្បីផលិតទំនិញកាបូប និងកាតាបជាដើម លក់ទៅកាន់សហរដ្ឋអាមេរិក ដោយអនុគ្រោះពន្ធ។ រោងចក្រទាំងនេះ បានផ្តល់ការងារធ្វើជូនកម្មករ បុគ្គលិកប្រមាណ ១៥០០០នាក់។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងថា «សហរដ្ឋអាមេរិក ជាទីផ្សារធំជាងគេ នៃការនាំចេញរបស់យើង ហើយយើងលក់សំលៀកបំពាក់ ខោអាវ ជាច្រើន ទៅទីផ្សារអាមេរិក។ យើងបានទីផ្សារអាមេរិកធំ ដែលផ្ដល់ការងារ និងចំណូល ជូនដល់កម្មករ កម្មការិនី ចិញ្ចឹមគ្រួសារ និងបងប្អូនរបស់គាត់»។

លោកទេសរដ្ឋមន្ដ្រី បានបន្តទៀតថា «ទំនាក់ទំនងសេដ្ឋកិច្ចក៏ល្អ ទំនាក់ទំនងវិស័យទេសចរណ៍ក៏ល្អ ចំនួនភ្ញៀវទេសចរពីសហរដ្ឋអាមេរិកកាន់តែកើនឡើងៗ ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងនៃការផ្លាស់ប្ដូរនិស្សិតទៅរៀន ប្រទេសទាំងពីរក៏ល្អ»។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺយើងដើរលើផ្លូវត្រូវ និងមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរកទីផ្សារការងារជូនប្រជាពលរដ្ឋ នៅក្រៅប្រទេស ដូចជាសហរដ្ឋមេរិកជាដើម ដែលនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិរបស់យើងផងដែរ»៕







No comments:

Post a Comment