Friday, June 30, 2017

(សូមទស្សនាវីដេអូ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋនៅ​កម្ពុជា មានសិទ្ធិក្នុងការ​អនុវត្តលទ្ធិប្រជាធិប​តេយ្យពិតប្រាកដ



លោក វិល្លៀម ហាដន៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសំដែងនូវអំណរសាទរដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយជោគជ័យ និងប្រព្រឹត្តទៅដោយរលូន។ នេះជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដោយឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកក្នុងឱកាសចូលជួបលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានជម្រាបផងដែរថា រូបលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក រយៈពេលពីរសប្តាហ៍ ហើយនៅក្នុងដំណើរនោះដែរ លោកនឹងជួបប្រជុំជាមួយនឹងសមាគមខ្មែរ-អាមេរិកនៅទីក្រុងស៊ីអាថល (Seattle) និងទីក្រុងវ៉ាស៊ីងតោន ដើម្បីរាយការណ៍អំពីវឌ្ឍនភាព នៃការប្រព្រឹត្តទៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យកម្ពុជា លើកាបូបសម្រាប់ដាក់ទំនិញធ្វើដំណើរ។
ក្នុងន័យនេះ លោកបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម ផ្ដល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបង្ហាញថា ប្រព័ន្ធនេះពិតជាផ្ដល់នូវអត្ថប្រយោជន៍ បង្កើតការងារ ឬផលប៉ះពាល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមកលើកម្ពុជា។
ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូតអាមេរិក ចំពោះការអបអរសាទរដល់ការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។ ចំពោះព័ត៌មាន និងទិន្នន័យទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ GSP វិញ លោក បានមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់ទិន្នន័យចាំបាច់ទាំងអស់ ជូនដល់ឯកអគ្គរដ្ឋទូត ក្នុងដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ថា ប្រព័ន្ធនេះពិតជាមានផលប្រយោជន៍ដល់កម្ពុជាទាំងមូល។
ជាមួយនោះដែរ លោក ប៉ាន សូរស័ក្ដិ បានឆ្លៀតឱកាសនេះ ស្នើសុំជំនួយបច្ចេកទេសបន្ថែមពីសហរដ្ឋអាមេរិក រួមមាន៖ ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ការបណ្តុះបណ្តាលដល់មន្រ្តីថ្មី របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្តីពីការវិភាគពាណិជ្ជកម្ម ការលើកស្ទួយ និងជំរុញកម្ពុជា ជាមូលដ្ឋានផលិតកម្មមួយ សម្រាប់ផលិតគ្រឿងផ្សំ និងផ្នែករបស់រថយន្ត តាមរយៈការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែន និងការគាំទ្រដល់វិស័យពាណិជ្ជកម្ម តាមអេឡិកត្រូនិក រួមបញ្ចូលទាំងការធ្វើឲ្យល្អ ប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងផ្ដត់ផ្គង់។
លោក វិល្លៀម ហាដន៍ បានទទួលយកនូវសំណើរទាំងនោះ ហើយលោកនឹងរាយការណ៍ជូន លោក ប៉ាន សូរស័ក្ដិ វិញ នៅពេលត្រឡប់មកវិញ៕

No comments:

Post a Comment