Friday, June 30, 2017

គណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ស្ពឺ​ ប្រារព្ធពិធី​អបអរសាទរ​ខួបអនុស្សារីយ៍​ លើកទី៦៦​ ថ្ងៃបង្កើត​គណបក្ស​

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សារីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧ ដែលត្រូវបានប្រារព្ធធ្វើឡើង នៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ទល់មុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ។
ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខ អ្នកការ ក្នុងខេត្ត ក៏ដូចប្រជាពលរដ្ឋប្រមាណ ២៥០០នាក់។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នង៕





No comments:

Post a Comment