Friday, June 30, 2017

អភិបាល​ខេត្ត​សៀមរាប​ អំពាវ​នាវឱ្យ​បញ្ឈប់​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ទន្រ្ទានយក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម ​ពិធី​បុណ្យរុក្ខទិវា ​០៩ ​កក្កដា​ នៅ​ភូមិកំព្រហ្ម ​ឃុំឃុនរាម​ ស្រុកបន្ទាយស្រី​ នៅថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ២០១៧​ លោក ឃឹម​ ប៊ុនសុង អភិបាល​នៃគណៈអភិបា​លខេត្តសៀមរាប ​បានអំពាវនាវឱ្យបញ្ឈប់អាជីវកម្មកាប់បំផ្លាញព្រៃឈើ និងទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថាបុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង។ ប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើង ក្នុងជីវភាពរស់នៅក្នុងការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។
ជាមួយគ្នានោះដែរ ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែង យ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវៈចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។
ជាមួយគា្ននេះដែរ លោកអភិបាលខេត្ត មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឱ្យកាន់តែមានសម្រស់ស្រស់បំព្រងសម្រាប់សង្គមជាតិយើងទាំងមូល ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូមបញ្ឈប់ជាបន្ទាន់នូវទង្វើអវិចារណញ្ញាណទាំងនេះ ព្រោះថាការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ និងការរុករានធ្វើលំនៅដ្ឋានដោយអាណាធិបតេយ្យ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងទោសឱ្យបានជាដាច់ខាន៕






No comments:

Post a Comment