Friday, June 30, 2017

ហ្វេស​ប៊ុក​ចៅចាក់​ស្មុក៖ ​អ្នក​មាន​ខ្លួន​

នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ២០១៧នេះ​ ទំព័រហ្វេសប៊ុក​ចៅចាក់ស្មុក​ បាន​បង្ហោះផ្សាយនូវអត្ថបទ​ មួយ​ក្រោមចំណងជើងថា​ «អ្នកមានខ្លួន» ​ដែល​មានខ្លឹម​សារដូច​ខាងក្រោម៖​

បន្ថែមពីសំណួរចោទពីថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចោទសំណួរជាថ្មីម្តងទៀតនៅថ្ងៃខួបទី៦៦ កំណើតបក្សប្រជាជនកម្ពុជាជុំវិញភាពស្របច្បាប់នៃវត្តមានរបស់បន្ទប់ស្ថានការណ៍ដែលបង្កើតឡើងដោយបណ្តុំអង្គការ សមាគមដែលមាននិន្នាការទៅរកបក្សប្រ​ឆាំងមានតួនាទីតាមដានលើការបោះឆ្នោត ហើយសម្តេចនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យលើបន្ទប់ស្ថានការណ៍នេះក្រោយការចេញសេចក្តីថ្លែងការណ៍ដែលប្រមុខរដ្ឋាភិបាលបានចាត់ទុកថាធ្វើឱ្យអព្ទអួរស្ថានការណ៍នយោបាយ និងប៉ះពាល់ដល់ការវាយតម្លៃលើការបោះឆ្នោត ហើយសង្ស័យថានឹងអាចជាទីតាំងនៃការបញ្ជាបដិវត្តន៍ពណ៌។

រហូតមកទល់ពេលនេះ មេដឹកនាំអង្គការសមាគមមួយចំនួនបាននិងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មានជាមួយអ្នកកាសែតប្រកបដោយសេចក្តីក្លាហាន មុនគេដឹងល្បិចខ្លួនទៀត។ តាម​ការ​រៀប​រាប់​ត្រួសៗ​របស់ លោក សំ គន្ធាម៉ី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Nicfec) ដែលត្រូវបានស្រង់សម្តីដោយវិទ្យុបារាំងអន្តរជាតិ មាន​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ចំនួន​៣​រូប បាន​ចាក​ចេញ​​ទៅ​ក្រៅ​ប្រទេស។ អ្នក​ទាំង​៣ នោះ​គឺ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (Comfrel) លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងលោក មឿន តុលា នាយក​ប្រ​តិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស។

រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា អ្នកទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណាទេ ខណៈការស៊ើបអង្កេតមួយ បាននិងកំពុងធ្វើឡើងដោយក្រសួងមហាផ្ទៃលើភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍នៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ និងគណបក្សប្រឆាំងត្រូវបានគេសង្កេតឃើញថាបានធ្វើសកម្មភាពស្របគ្នា ខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរបានវាយតម្លៃបែបអវិជ្ជមានខ្លាំងលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងទៅ ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃថាមានភាពល្អប្រសើរ សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចទទួលយកបាន។ បន្ទប់ស្ថានការណ៍ ដែលដំបូងឡើយបានសរសើរថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជាមានភាពមិនប្រក្រតីមួយចំនួនតូច។ ប៉ុន្តែក្រោយពីលទ្ធផលបង្ហាញថាគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ហើយមហិច្ឆតាចង់គ្រប់គ្រងព្រឹទ្ធសភា និងឡើងកាន់តំណែងជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រខ្មែរ ព្រះរាជអវត្តមានពីមាតុប្រទេសត្រូវបានរលាយទាំងស្រុង បន្ទប់ស្ថានការណ៍បានប្តូរការវាយតម្លៃរបស់ខ្លួនមកជាមិនល្អពោរពេញដោយភាពមិនប្រក្រតី និងមានការកម្រិតសេរីភាព និងគ្មានយុត្តិធម៌ទៅវិញ។

បន្ថែមលើនេះ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នៅថ្ងៃទី២៤ ខែមេសា និងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមិថុនា ស្ទើរតែដូចគ្នាបេះបិទ ដែលនេះបង្ហាញថា ទាំងបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងមានគោលដៅរួមមួយគឺធ្វើឱ្យស្ថានការណ៍នយោបា​យនៅកម្ពុជាអព្ទអួរ និងធ្វើឱ្យអ្នកឈ្នះការបោះឆ្នោត មិនស្រស់ស្រាយក្នុងចិត្ត។ ប៉ុន្តែច្បាស់ណាស់ថា ពួកគេនឹងប្រកាសថា ការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។ ការឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពេលនេះ មិនមែនជាលើកទី១ ឡើយ ហើយចរិតពិតនៃការឡាំប៉ារបស់បក្សប្រឆាំង នឹងប្រថាប់ត្រាដោយសង្គមស៊ីវិលដែលយកលុយជំនួយបរទេសមកធ្វើការងារដើម្បីបុព្វហេតុបក្សប្រឆាំង គឺគ្រាន់តែបិទបាំងភាពបរា​ជ័យ និងភាពកម្សោយរបស់ខ្លួនប៉ុណ្ណោះ និងដើម្បីលួងលោមអ្នកគាំទ្ររបស់ខ្លួនថាបរាជ័យរបស់ខ្លួនមិនមែនមកពីខ្លួនអន់ទេ គឺដោយសារតែអ្នកដទៃ និងម្យ៉ាងទៀតដើម្បីទុកផ្លូវរកស៊ីជាមួយអ្នកនៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់បន្ថែមទៀត។ យោងតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១៧ នេះ គណបក្សប្រជាជន មានមូលដ្ឋានរឹងមាំដើម្បីឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅដើមឆ្នាំ ២០១៨ និងការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ ២០១៨ បន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

គេនៅចាំបានថាបន្ទប់ស្ថានការណ៍នេះធ្លាប់បានកកូរកកាយយ៉ាងខ្លាំងលើការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដើម្បីជួយប្រថាប់ត្រាបក្សប្រឆាំងក្នុងការធ្វើបាតុកម្មដោយបរិហារថាទឹកខ្មៅជ្រលក់ អាចត្រូវបានលុបជ្រះ បង្កចលាចលនៅមុនប៉ុន្មានថ្ងៃដល់ការបោះឆ្នោត ហើយបានក្រឡុកស្ថានការណ៍ក្រោយការបោះឆ្នោត និងបានសហការជាមួយបក្សប្រឆាំងដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិជាតិ និងអន្តរជាតិលើកម្ពុជា។ បើសង្គមស៊ីវិលពិតជាចង់ជួយសង្គមជាតិពិតប្រាកដមែន គួរអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងកុំបម្រើមហិច្ឆតានយោបាយបរទេស។ ពួកគេមិនត្រូវលាក់របៀបវារៈនយោបាយទុច្ចរិត អសិរពិសនៅពីក្រោយសកម្មភាពអង្គការសមាគមរបស់ខ្លួនឡើយ។ បើខ្លួនមិនប្រព្រឹត្តប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ និងបង្កប់ដោយភាពអសិរពិសនៅពីក្រោយ គួរកុំខ្លាចនឹងប្រឈមការពិត។ ការពិតដែលមន្ត្រីជំនាញក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេត៕

ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment