Friday, June 30, 2017

សហព័ន្ធស្រូវអង្ករកម្ពុជា ចុះអនុស្សារណៈលើកិច្ចព្រមព្រៀងគម្រោងសាកល្បងឃ្លាំងស្តុកស្រូវ និងឡសម្ងួតជាមួយក្រុមហ៊ុនចិន

សហព័ន្ធស្រូវអង្ករកម្ពុជា បានបោះមួយជំហានទៅមុខទៀតដើម្បីធ្វើឲ្យស្ថានភាពស្រូវអង្ករកាន់តែប្រសើរឡើងនៅកម្ពុជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសាកល្បងឃ្លាំងស្តុកស្រូវ និងឡសម្ងួតជាមួយក្រុមហ៊ុន Jilin Province Investment Co.Ltd និង Jilin Tianzhong Agriculture Development Co. Ltd នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការធ្វើជាសាក្សីពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា អភិបាលខេត្តបាត់ដំបង និង អភិបាលរងខេត្តជីលីនរបស់ចិន។
កិច្ចព្រមព្រៀងថ្មីនេះ នឹងអនុញ្ញាតឲ្យភាគីទំាំងពីរ អនុវត្តសាកល្បងនូវគម្រោងឃ្លាំង និងឡសម្ងួតស្រូវ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ មុនឈានទៅអនុវត្តគម្រោងធំ ដែលមានទំហំទឹកប្រាក់ រាប់រយលានដុល្លារអាមេរិក ដែលគេតែងតែឮក្នុងពេលកន្លងមក។
សូមជម្រាបផងដែរថា ក្នុងសន្និសីទ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខេត្តជីលីន និងកម្ពុជា ដើម្បីចាប់ដៃគូរជាមួយពាណិជ្ជករនៅប្រទេសកម្ពុជា ដែលបានចូលរួមជាង១៥០នាក់ ក្នុងនោះគណៈប្រតិភូ និងអ្នកធុរកិច្ចខេត្តជីលីន ៥៦នាក់មកពីសហគ្រាស និងក្រុមហ៊ុន៣២ ព្រមទាំងធុរៈជនកម្ពុជាជាច្រើនរូប ក្រៅពីកិច្ចព្រមព្រៀងខាងលើ ក៏នៅមានអនុស្សារណៈ៥ផ្សេងទៀតបានចុះហត្ថលេខា ដើម្បីបើកផ្លូវទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យមានដំណោះស្រាយថ្មីបន្ថែមទៀត ដល់វិស័យស្រូវអង្ករនៅកម្ពុជា ដោយអ្នកពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
លោកបន្តថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងឃ្លាំង ដែលចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាស្រូវអង្ករជាពិសេសជួយដល់គ្រប់ភាគី ទាំងអស់ក្នុងសង្វាក់ផលិតកម្មស្រូវអង្ករ ដោយរាប់ទាំងកសិករ រោងម៉ាស៊ីន និង អ្នកនាំចេញ ដោយអាចផ្សារភ្ជាប់អ្នកផលិត រហូតដល់ទីផ្សារ»។
លោក សុខ ពុទ្ធីវុធ បានរំឭកថា គំនិតនៃឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ ត្រូវបានលើកឡើងជារឿយៗ នៅតាមសហគមន៍នៃអ្នកសិក្សា អ្នកផលិតស្រូវ អ្នករោងម៉ាស៊ីន ក៏ដូចអ្នកនាំចេញ ប៉ុន្តែគេមិនទាន់ធ្វើឲ្យចេញជារូបរាងនៅឡើយ។
លោក Jin Yu Hui អភិបាលរងខេត្តជីលីន ដែលបានដឹកនំាគណៈប្រតិភូ និងអ្នកធុរកិច្ចចិនមកពីខេត្តនោះ បានមើលឃើញពីឱកាសពង្រីកទំនាក់ទំនងពាណិជ្ជកម្មនៃខេត្តទាំងពីរទៅថ្ងៃអនាគត ដោយសារតែចំណងមិត្តភាពដ៏ជិតសិ្នទ្ធដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើតឡើង។ លោកបន្តថា «ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទាំងសងខាង រក្សាកំណើនសន្ទុះខ្លាំង ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត និងជាប្រទេសដែលមានប្រភពវិនិយោគដ៏ធំបំផុត នៅរយៈពេលបីឆ្នាំចុងក្រោយនេះ»។
លោក Jin Yu Hui បានសរសើរ ខេត្តបាត់ដំបងថា ជាខេត្តកសិកម្ម និង ជាឃ្លាំងស្តុកស្រូវអង្ករដ៏ធំមួយ របស់ប្រទេសកម្ពុជា។
នាឱកាសនោះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក៏បានលើកឡើង ពីសក្តានុពលរបស់ខេត្តបាត់ដំបង ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម។ សម្រាប់វិស័យកសិកម្មមានប្រព័ន្ធធារាសាស្រ្តល្អ និងមានប្រភពទឹកជាក់លាក់ ចំណែកឧស្សាកម្មវិញ ខេត្តបាត់ដំបង នឹងមានរោងចក្រស៊ីម៉ង់ត៍ ដែលនឹងដំណើរការនៅខែមករា ឆ្នាំ២០១៨ ខាងមុខ ដែលវិនិយោគដោយក្រុមហ៊ុនចិន៕





No comments:

Post a Comment