Friday, June 30, 2017

ក្រសួង​ពីរ ​សហការរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី៣

នៅ​ថ្ងៃទី​២៩-៣០ ខែមិថុនា​ ឆ្នាំ២០១៧ ​នៅទីរួមខេត្តសៀមរាប ​លោក សួង​ ហេង​ រដ្ឋលេខាធិការ​ក្រសួង​សាធារ​ណការ ​និង​ដឹកជញ្ជូន​ និងជា​ប្រធានគណៈ​កម្មាធិការ​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បាន​អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រូបង្គោល និងសិក្ខាកាមដែលជាមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ប្រមាណ១០០នាក់។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីផ្សព្វផ្សាយការយល់ដឹងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់អង្គភាពក្រោមឱវាទរដ្ឋនីមួយៗទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការគ្រប់គ្រងការអនុវត្តថវិកាកម្មវិធី និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ថ្លែងទៅកាន់សិក្ខាកាមដែលចូលរួមនាឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនសិក្ខាកាមអំពីកំណែទម្រងហិរញ្ញវត្ថុសាធារណៈ និងការណែនាំការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសសមិទ្ធផលកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មអនឡាញដើម្បីផ្តល់សេវាសាធារណៈជនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានជម្រាបជូនសិក្ខាកាមផងដែរអំពីរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរចនាសម្ព័ន្ធថ្មីនេះនឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ៕






No comments:

Post a Comment