Tuesday, May 16, 2017

សមាជិក CNRP ៤៧នាក់ នៅខណ្ឌឬស្សីកែវ បន្តដើរចេញពីបក្សសុំរូមរស់ជីវភាពនយោបាយជាមួយ CPP

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសបញ្ចូលសកម្មជន និងសមាជិក៤៧រូបទៀត ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិដើម្បីសុំចូលមករួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគាត់បានមើលឃើញយ៉ាងច្បាស់លាស់ពីសកម្មភាពរបស់គណបក្សផ្សេងៗ ពិសេសមិនពេញចិត្តការដឹកនាំ និងរបៀបរបបធ្វើការងាររបស់មេដឹក​នាំគណបក្សសង្គ្រោះជាតិ ពោលគឺមេដឹកនាំគណបក្សនេះគ្មានសមត្ថភាពដឹកនាំប្រទេសឡើយ ចេះតែម្យ៉ាងគឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តិអំពើមិនគួរគប្បីក្នុងជួរគណបក្ស និងអំពើអសីលធម៌ជាដើម។
​សមាជិកដែលចាកចេញទាំងនោះ បញ្ជាក់ថា ក្នុងនាមពលរដ្ឋខ្មែរ ពួកគាត់មិនអាចបោះឆ្នោត ឱ្យក្រុមបក្សប្រឆាំងបានឡើយ ហើយពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំប្រទេសឱ្យកាន់តែមានការរីកចម្រើនថែមទៀត ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតទល់សព្វថ្ងៃនេះ។
​ការប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមទៀត របស់គណបក្សប្រជាជនកម្ពុជា ក្រោមស្នូរទះដៃយ៉ាងគងរំពងដែលបានប្រព្រឹត្តឡើង នៅ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០១៧ ​ស្ថិតនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក ​និងបេក្ខភាពប្រធានគណបក្សសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន និងសមាជិក សមាជិកា ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ចំនួន២០នាក់ រួមជាមួយ​សកម្មជន និងសមាជិកមកពីគណបក្សសង្គ្រោះជាតិចំនួន៤៧រូប ថែមទៀតផងដែរ។
លោក ជា ពិសី បានថ្លែងថា «ចំពោះសមាជិកដែលទើបបញ្ចូលថ្មីទាំងអស់សូមឱ្យមានការជឿជាក់ និងស្មោះត្រង់ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានសម្ដេចតេជា ហ៊ុន សែន បានបន្តដឹកនាំរួមគ្នាធ្វើការងារ ក៏ព្រោះតែដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាយើង»
ក្រោយបញ្ចប់កម្មវិធី លោក ជា ពិសី បានថ្លែងទៀតថា ក្នុងចំណោមសមាជិកថ្មីទាំង៤៧នាក់ ក្នុងនោះមានលោក ម៉ម ណយ ទទួលបានប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀល, លោក ឡុង សាវ៉ុន ទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល, លោក ស សុភាព ទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល រួមនិងសមាជិកចំនួន៤៤រូបផ្សេងទៀត ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ២ម៉ឺនរៀលស្មើៗគ្នា៕







No comments:

Post a Comment