Tuesday, May 16, 2017

តំណាងរាស្ត្រមណ្ឌលកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហេង សំរិន​ ចុះទៅពិនិត្យ​ព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋ​ ​ដោយឥតគិតថ្លៃ​ចំនួន២ពាន់នាក់​ នៅឃុំ​ដូនតី

លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងក្រុមការងារមួយចំនួនទៀត ដោយមានការចូលរួមពីប្រធានសុខាភិបាល      និងអាជ្ញាធរមូលដ្ឋាន   នៅថ្ងៃទី១៥    ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន២ពាន់នាក់នៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកកាត់​ន្ថយការចំណាយរបស់ពួកគាត់ប្រចាំថ្ងៃ ចំពោះសេវាសុខភាព។
តំណាងរាស្រ្ត លោក កែវ ពិសិដ្ឋ បានថ្លែងថា ក្រៅពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសុខភាព ក៏ត្រូវការចាំបាច់ដែរ។  ការផ្ដល់ការពិនិត្យព្យាលបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំដូនតី នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល ដែលមានជីវភាពខ្វះខាតឲ្យទទួលបាន សេវាសុខភាពដូចៗគ្នា។
លោកថា ដោយសារមើលឃើញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស និងលោក ហេង សំរិន ប្រធានកិត្តិយស តែងតែចាត់ឲ្យក្រុមពេទ្យស្មគ្រ័ចិត្ត ចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅគ្រប់តំបន់ទូទាំងប្រទេស។ ការចុះពិនិត្យ និងព្យាបាលនេះ គឺជាស្មារតីមនុស្សធម៌ពិតៗកើតចេញពីសេចក្តីស្រឡាញ់​ដែលមិនប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយ គឺក្នុងគោលដៅតែមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងឲ្យប្រជាពលរដ្ឋ ទទួលបានសុខភាពល្អរស់នៅមានសុភមង្គល ក្នុងមហាគ្រួសារ។
លោក កែង វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការព្យាបាលនេះ បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង២ពាន់ នាក់នេះរួមមាន៖ ការពិគ្រោះពិនិត្យជំងឺទូទៅ ការពិនិត្យតាមអេកូសាស្ត្រ ការវះកាត់តូច ពិនិត្យជំងឺភ្នែក និងជំងឺទឹកនោមផ្អែម។
នាឱកាសនោះ លោក កែវ ពិសិដ្ឋ និងក្រុមការងារក៏បានអញ្ជើញចុះសាកសួសុខទុក្ខ និងបានស្វែងយល់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមភូមិនីមួយៗរបស់ឃុំ និងបាននាំយកអំណោយ មានជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួនជូនដល់ គ្រួសារខ្វះខាត ស្ត្រីមេម៉ាយ និង ចាស់ជរាចំនួន១០០គ្រួសារក្នុងឃុំនេះផងដែរ៕




No comments:

Post a Comment