Tuesday, May 16, 2017

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​បាញ់​គ្រាប់​ពិត​ថ្នាក់​កងអនុសេនា​ធំ​សហការ​វាយ​លុកជាមួយ​រថក្រោះ​នៅ​ទីលាន​បាញ់​គ្រាប់ពិត​មរតក​តេជោសែន​ភ្នំវាល​ចាប

នៅថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៧នេះ នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាប ស្ថិតនៅភូមិ កណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ សហការវាយលុក ជាមួយរថក្រោះ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
សិក្ខាកាមដែលបានចូលរួមហ្វឹកហ្វឺននៅក្នុងសិក្សារៀនសូត្រនេះសរុបចំនួន ២០៧នាក់ ហ្វឹកហ្វឺនរយៈពេល៦១ ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ដោយហ្វឹកហ្វឺនលើខ្លឹម សារមេរៀន លំហាត់របៀប អប់រំចិត្តសាស្រ្ត យុទ្ធវិធីថ្មើរជើងកងអនុសេនាធំវាយលុក ហ្វឹកហ្វឺនបាញ់អាវុធអាកា បេ៤០ RPD PKM ហ្វឹកហ្វឺនបាញ់អាវុធត្បាល់ និង DK ហ្វឹកហ្វឺនបាញ់អាវុធ 12mm និង 23mm ។ ឆ្លងកាត់តាមតាមការហ្វឹកហ្វឺនរយៈពេល៦១ថ្ងៃកន្លងមកនេះ សិក្ខាកាមទទួលបានលទ្ធផលដូចខាងក្រោម និទ្ទេសល្អចំនួន៦២នាក់ និទ្ទេសល្អបង្គួរចំនួន៨៦នាក់ និទ្ទេសមធ្យម២២នាក់។
នាយឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទីប្រាំ ក៏បានបញ្ជាក់ឱ្យដឹងថា  ទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបយោធភូមិភាគទីប្រាំ ទទួលបានការ ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយការកសាងទីលាននេះ គឺជាគំនិតផ្តួចផ្តើមដំបូងបង្អស់ពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធនពលខេមរភូមិន្ទ ចាប់តាំងពីឆ្នាំ២០០៥ មកម៉្លេះ ហើយការជ្រើសរើសភ្នំវាលចាបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាត្តឱ្យដំណើរការចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤រហូតមក។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បរិបូរណ៍បានផ្តល់ជាឱកាសពេញលេញសម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ធ្វើការហ្វឹក​ហ្វឺន ​បំប៉ន ពង្រឹង ពង្រីក​សមត្ថភាព​ជំនាញវិជ្ជាជីវៈ ឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវ​សក្តា​នុពល​កងទ័ព ដោយដើរទន្ទឹមជាមួយនឹងការជំរុញនូវ​លក្ខណៈ​សកម្ម ​ច្នៃប្រឌិត និងមានមនសិការខ្លួនទីពឹងខ្លួន​ ឆ្លើយ​តបយ៉ាង​ទាន់​ពេលវេលា​​ ក្នុងបុព្វ​ហេតុ​​កិច្ច​​ការពា​រជា​តិ​។​ ក្នុងន័យនេះ ​ការ​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តក្នុងវិស័យហ្វឹក​ហ្វឺន ការអភិវឌ្ឍសមត្ថភាព​អង្គភាព និង​ធនធាន​មនុ​ស្ស សំដៅ​លើកស្ទួយកិត្តិ​យស និងអភិវឌ្ឍ​​កង​យោ​ធ​​​ព​លខេមរភូមិន្ទ​ ឱ្យ​មាន​​​​គ្រប់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​។ ដូច្នេះចាំបាច់ត្រូវបន្ត​លើក​​ស្ទួយ និងអភិវឌ្ឍវិស័យ​ហ្វឹកហ្វឺនគ្រប់​ថ្នាក់ គ្រប់​កម្រិត ឱ្យបា​ន​ជាប់​ជាប្រចាំ ដើម្បី​បម្រើ​ឱ្យ​យុទ្ធសាស្រ្តយោធា ​ក្នុង​វិស័យ​ការពារ​​ជាតិ​។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានអំពាវនាវត្រូវរួមគ្នាការពារឱ្យបានរឹងមាំនូវសុខសន្តិភាព​ និងប្រឆាំង​​​ដាច់ខាតបដិវត្តពណ៌ ឬសកម្មភាពណាមួយដែលបង្កឱ្យ​មាន​​​អរិភាពជាតិសាសន៍នៃសង្គមកម្ពុជា។ ក្រៅពីនេះ ត្រូវ​រួម​សហការជាមួយ​​​​បណ្តា​ស្ថាប័នពាក់ព័ន្ធ ក្នុង​កិច្ច​ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ​ ក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ពិសេសកងទ័ពការពារលទ្ធផលការបោះឆ្នោត និងជាជាច់ខាត យើងជាកងទ័ពមិនអនុញ្ញាតឱ្យមានសកម្មភាពណាមួយដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិនោះឡើយ។ ត្រូវពង្រឹងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ជួយ​ប្រជា​​ពលរដ្ឋពី​គ្រោះមហន្តរាយ​នានា មិនធ្វើអ្វីៗឱ្យ​ប៉ះពាល់​ដល់​សតិ​​អារម្មណ៍របស់ប្រជាពលរដ្ឋ សំដៅ​បង្កើន​ការជឿ​ជាក់​របស់ប្រពលរដ្ឋ មកលើកងទ័ព។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានណែនាំបន្ថែមថា ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុង​កិច្ចសហការ​ល្អ​​​ជាមួយ​កងកម្លាំងប្រទេសជិតខាងដោះស្រា​យ​ បញ្ហា​ផ្សេងៗ​ ដោយ​សន្តិវិធី សំដៅកសាងតំបន់​ព្រំដែនមួយឱ្យ​ក្លាយ​ជា​​តំបន់​សន្តិ​ភា​ព មិត្តភាព  សហប្រតិបត្តិការ និងការ​អភិវឌ្ឍន៍។ នៅក្នុងរដូវវស្សានេះ ត្រូវលើកកម្ពស់ស្មារតីគ្រប់គ្រង ថែរក្សាសម្ភារៈ​ បរិក្ខារ​ សព្វា​វុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបាន​ល្អ។ រួមចំណែកបង្កបង្កើនផល ខិតខំចិញ្ចឹមទ័ព​និងថែរក្សា​សុខ​ភាព ផ្តល់ជុំរុំជម្រកឱ្យសមរម្យ​ ជាពិសេស កងទ័ពនិង​គ្រួសារ​កងទ័ព ត្រូវប្រុងប្រយ័ត្ន​និងការ​ពារ​​កុំ​​ឱ្យមាន​គ្រោះថ្នាក់ ដែល​បណ្តា​ល​មកពី​គ្រោះ​ធម្មជាតិ ខ្យល់​កន្ទ្រាក់ ភ្លៀងផ្គររន្ទះ​ជាដើម​។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានបញ្ជាក់បន្ថែមថា ក្នុង​​អាជីព​​ជា​កងទ័ព ជាដាច់ខាតត្រូវ​ជៀស​ឱ្យឆ្ងាយ​ពី​គ្រឿងញៀន ល្បែងអបាយមុខ​គ្រប់យ៉ាង និងត្រូវចូលរួម​គោរ​ព​​ច្បាប់​ចរា​ចរណ៍ ដើម្បីសុខ​សុវត្ថិភាពខ្លួន​យើង​​។ ត្រូវ​បន្ត​ខិត​ខំ​សិក្សារៀនសូត្រ ដើម្បីបង្កើន​សមត្ថ​​​ភាព​ជំនាញវិជ្ជា​ជីវៈ និង​ខិត​ខំ​​ សិក្សារៀនសូត្រ ក្នុងការ​ប្រើ​ប្រា​ស់​ប្រព័​ន្ធ ​Inter​net បណ្តាញ​សង្គមFacebook ជាដើម ពីព្រោះ​ថា វា​បាន​​ផ្តល់អត្ថ​ប្រយោ​ជ​ន៍ ​យ៉ាងច្រើន ក្នុងការសិក្សា​ស្រាវជ្រាវ​ចំ​ណេះ​ដឹង​ សំដៅ​អភិ​វឌ្ឍ​​ សមត្ថភាពរបស់យើងឱ្យ​កាន់តែមុត​ស្រួច។ ត្រូវ​យក​​ចិត្ត​​​ទុក​ដាក់​​សិក្សាឱ្យបានស៊ីជម្រៅ ​អំពី​លក្ខណៈ​សម្បត្តិ​ប្រាំ​យ៉ាង​របស់​មេបញ្ជា​ការគឺ៖ ត្រូវមានសមត្ថភាព ប្រតិកម្មរហ័ស និងជាមជ្ឈ​មណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងទូទាំងកងទ័ព ពេលទទួលបានបទបញ្ជា ត្រូវសម្រេចល្អភារកិច្ច​ ទោះ​ជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវចេះចិញ្ចឹមទ័ពឱ្យបានល្អ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរដែន​​ដី ទំនាក់ទំនងអន្តរជាតិល្អ។ យកចិត្តទុកដាក់រៀបចំបណ្ណាល័យ ក្នុងទីតាំង​ដ៏​សម​ស្រប​ និងត្រូវសរសេរអំពីឆាកប្រយុទ្ធ​ក្នុងសមរភូមិ​ពិត​ ដែលខ្លួន បាន​ជួប​ប្រទះ​នាពេលកន្លងមក ដើម្បីចងក្រង​ទុកជា​ឯកសារ​​សម្រាប់ប្រភពទុនឱ្យនាយ​ទាហាន​វ័យ​ក្មេង​ ដកស្រង់​បទពិសោធន៍ល្អៗ​​ ក្នុងការ​​សិក្សា​រៀន​សូត្រ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឧបត្ថម្ភថវិការជូនអង្គពិធីចំនួន១០លានរៀល និងឧបត្ថម្ភក្នុងពិធី ប្រគល់ផ្ទះជូនអតីតយុទ្ធជន របស់តំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ចំនួន៥លានរៀលផងដែរ៕










No comments:

Post a Comment