Tuesday, May 16, 2017

អភិបាលខេត្តកណ្តាល អំពាវនាវអោយប្រជាពលរដ្ឋ បោះឆ្នោត អោយអ្នកធ្វើ កុំបោះអោយអ្នកប្រូ

បើបងប្អូន​បោះឆ្នោតឱ្យអ្នកបានតែនិយាយ​ និង អ្នកប្រូ​ នោះគេនឹងមកនិយាយមកប្រូទៀត​ តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ​ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត។​
នេះជាការលើកឡើង​របស់លោក​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជា​ជនកម្ពុជាខេត្តកណ្តាល​ ក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន​១៩០៨​ នាក់​ មកពី ១០ភូមិ​ ក្នុងឃុំខ្ពប​ ស្រុកស្អាង​ ដែល​ពេលព្រឹកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ៤ភូមិ​ គឺភូមិ​ត្នោតញី​ ភូមិដំរីឆ្លង​ ភូមិព្រៃទទឹង​ និងភូមិបឹងខ្ពប​ ចំនួន​ ៧១២​ នាក់ និងពេលរសៀលចំនួន​ ៦ ភូមិ​ គឺភូមិ​ឬស្សីស្រុក​ ភូមិកោះថ្មី​ ភូមិខ្ពបលើ​ ខ្ពបក្រោម​ ភូមិរកាលើ​ ភូមិរកាក្រោម​ មានចំនួន​ ១១៩៦​ នាក់។
ក្រោយពីបានជម្រាបជូនប្រជាពលរដ្ឋអំពីការអភិវឌ្ឍរីកចម្រើន​ ព្រមទាំងសមិទ្ធផល​ ដ៏ច្រើនសន្ធឹកសន្ធាប់​ដែលបានកើតឡើង ជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា​ លោកក៏បានប្រគល់វេទិកា ជូនប្រជាពលរដ្ឋ​លើកឡើងនូវសំណូមពរ​ និងកង្វល់នានាដែល​កើតមាននៅមូលដ្ឋា​ន​ ព្រមទាំងបានឆ្លើយតបដូចជា៖
១-រៀបចំនឹងសាងសង់ ផ្លូវបេតុងមួយខ្សែក្នុងឃុំខ្ពប មានប្រវែង​ ៦​ គ.ម​ ជូន​ក្នុងរយ:ពេលបីឆ្នាំ​ គឺ​ ២០១៨​ ប្រវែង​ ២​ គ.ម​ ឆ្នាំ​ ២០១៩​ ប្រវែង​ ២​គ.ម​ និងឆ្នាំ​ ២០២០​ ប្រវែង​ ២​គ.ម។​ ​ រីឯចំពោះផ្លូវមួយចំនួនទៀតក្នុងឃុំ​ លោកនឹងចាត់មន្ត្រីជំនាញខេត្តចុះសិក្សា​ លើកគម្រោងសាងសង់ជាបន្តបន្ទាប់។ ២-ជូនថវិកាចំនួន​ ២០​ លាន​រៀល​សម្រាប់ជួយសាងសង់សាលាបុណ្យ​ នៅភូមិត្នោតញី។ ៣-សាងសង់របងសាលា បឋមសិក្សាព្រៃទទឹងចំនួន​ ៦០ ប្រឡោះ​ តាមសំណើរបស់លោកនាយកសាលា។
៤-សាងសង់ផ្ទះមួយខ្នងជូន​ ស្ត្រីម៉េម៉ាយម្នាក់ ដែលមានជីវភាពក្រីក្រ​ លំបាក និងមានកូនច្រើនក្នុងបន្ទុក។
៥-ក្នុងឱកាសនោះផងដែរ​ លោកក៏បាន​ផ្តាំផ្ញើ​ និងអំពាវនាវដល់អាជ្ញាធរ​ និងប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសង​ និងគ្រឿងញៀន​ គ្រប់ភេទ​
និងសូមចូលរួមគោរពច្បាប់​ ចរាចរ​ បើកបរមានការយោគយល់អធ្យាស្រ័យគ្នាហើយអាជ្ញាធរដែនដី​ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ​ ឱ្យបានឆាប់​ និងមានគុណភាព​ ។ លោកក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ សូមអញ្ជើញនៅបោះឆ្នោតអោយបានគ្រប់ៗគ្នា​ នៅថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៧​ ខាងមុខ​ ហើយសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា​ ដើម្បីការពារសន្តិភាព​នៅក្នុងប្រទេសយើង និងភូមិ​ ឃុំ​ យើង​ ទទួលបាននូវការអភិវឌ្ឍ​ជាបន្តបន្ទាប់ទៀត​ ដោយលោកបានសង្កត់ធ្ងន់ថា​ “បើបងប្អូន​បោះឆ្នោតឱ្យអ្នកបានតែនិយាយ​ និង អ្នកប្រូ​ នោះគេនឹងមកនិយាយ​ មកប្រូទៀត​ តែបើបងប្អូនបោះឆ្នោតឱ្យអ្នកធ្វើ​ នោះអ្នកធ្វើនឹងបន្តមកធ្វើជូនជាបន្តបន្ទាប់ទៀត”​៕








No comments:

Post a Comment