Sunday, May 14, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារ​ជាមួយលោក​នាយករដ្ឋមន្រ្តីម៉ុងហ្គោលី

បន្ទាប់ពីអញ្ជើញចូលរួមពិធីបើក វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួចហើយ នៅព្រឹកថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោក អ៊ីដិនេបាត ចាហ្គាធុលហ្គា (Erdenebat Jargaltulga) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលី នៅសណ្ឍាគារ China World Hotel ទីក្រុងប៉េងកាំង ប្រទេសចិន ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៌ថា លោកធ្លាប់បានអញ្ជើញទៅប្រទេសម៉ុងហ្គោលីនៅឆ្នាំ១៩៨១ និងនៅ ឆ្នាំ២០១៦កន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ។
លោកនាយករដ្ឋមន្រ្តី ប្រទេសម៉ុងហ្គោលីបានមានប្រសាសន៌ថា ប្រទេសកម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងកាទូតនឹងគ្នានៅឆ្នាំ១៩៥០ ហើយនេះជាឱកាសដែលប្រទេសទាំងពីរត្រូវពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយបានល្អរឹងមាំ។ ក្នុងន័យនេះលោកនាយករដ្ឋមន្រ្តី បានស្នើសុំអោយមានការផ្លាស់ប្តូរទស្សនៈកិច្ចពីគ្នាទៅវិញទៅមក រួមទាំងវិស័យឯកជនដូចជា សហគ្រាសធនតូចនិងមធ្យម កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៌ និងវិស័យអប់រំជាដើម។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី បានស្នើសុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចែករំលែកនូវបទពិសោធន៌ដែលកម្ពុជាមាននៅក្នុងការ រៀបចំទីផ្សារសេរី និងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពិសេសដែលមានកន្លងមកជាមួយដៃគូប្រទេសចិន។ ភាគីម៉ុងហ្គោលីមានបំណងចាត់តាំងក្រុមការងារពិសេសមករៀនសូត្រនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលី ក៏បានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីចូលជាមាជិកនៃកិច្ចប្រជុំអាស៊ីបូព៌ា និងជាសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីករាយស្វាគមន៏ និងអរគុណដល់លោកនាយករដ្ឋមន្រ្តីម៉ុងហ្គោលីដែលមានបំណងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំអោយភាគីពីរពិភាក្សា គ្នាបង្កើត “គណៈកម្មការចំរុះ” ដើម្បីធ្វើកិច្ចការងារនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មុននឹងបង្កើតគណៈកម្មការចម្រុះនេះ គឺត្រូវមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីការពារអ្នកវិនិយោគ (Investment Protection Agreement) ជាមុនសិន។
ដោយសារទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើអោយប្រទេសម៉ុងហ្គោលីជួយទិញអង្ករកម្ពុជា ហើយត្រូវសិក្សាមើលថា តើប្រទេសម៉ុងហ្កោលីមានផលិតផលអ្វីដែលអាចនាំចូលកម្ពុជាបាន ដើម្បីស្វែងរកទីផ្សារទៅវិញទៅមក។ ទាក់ទងនឹងការស្នើសុំចែករំលែកបទពិសោធន៏ទីផ្សារសេរីកម្ពុជាចិននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៏ថា កម្ពុជាពិតជាមានការរីករាយនឹងចែករំលែកបទពិសោធន៏ រីឯការស្នើសុំរបស់ម៉ុងហ្គោលីសុំការគាំទ្រពីកម្ពុជាជាមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា រឺចូលសមាជិកកិច្ចសន្ទនាភាពជាដៃគូរនៃអាស៊ាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៏ថា លោកនឹងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានសិន។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា អាស៊ានតែងតែលើកទឹកចិត្ត និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការណ៏នៃភាពជាដៃគូរ។
នាចុងក្រោយនៃជំនូបនេះ លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ុងហ្គោលីបានកោតសរសើពីការដឹកនាំប្រទេសរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើអោយកម្ពុជារីកចម្រើន ដោយលោកនាយករដ្ឋមន្ត្រីម៉ុងហ្គាលីបានចាត់ទុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំពូកែមួយរួបដែលបានតស៊ូរំដោះប្រទេសនាំមកនូវសុខសន្តិភាព និងសេរីភាពសម្រាប់ប្រជាពលរដ្ឋ។
រូបលោកផ្ទាល់ និងប្រជាជនម៉ុងហ្គោលី បានដឹងច្បាស់អំពីឈ្មោះដ៏ល្បីល្បាញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសំណើមកទស្សនៈកិច្ច នៅម៉ុងហ្គលី នៅពេលវេលាដ៏សមស្របមួយនៅពេលខាងមុខ ៕






No comments:

Post a Comment