Sunday, May 14, 2017

កងទ័ពមួក​ខៀវរបស់កម្ពុជា បូជាជីវិត​ដើម្បីប្រជាជន​អាហ្រ្វិកកណ្តាលទ​ទួលសុខសន្តិភាព​

លោក​ទេស​រដ្ឋមន្រ្តី ​ប្រាក់ ​សុ​ខុន ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ ​បាន​ថ្លែង​ថា ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះ​ការ​ពលីកម្ម​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ​៤នាក់ ​ដែល​បាន​ពលី​ជីវិត​លើទឹក​ដី​អាហ្រ្វិក​កណ្តាល​។ ​លោក​ទេស​រដ្ឋមន្រ្តី​ថា ​ការ​ពលី​របស់​ពួកគេ ​ក៏​ព្រោះតែ​ដើម្បី​នាំមក​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាជន​អាហ្រ្វិក​កណ្តាល​។
នេះ​ជា​សារ​ដែល​លោក ​ប្រាក់ ​សុ​ខុន ​បាន​ចារ​នៅ​លើ​សៀវភៅ​រំលែកទុក្ខ​ក្នុង​ពេល​រូបលោក​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ទាំង៤នាក់​នៅ​រសៀល​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​។
លោក​ទេស​រដ្ឋមន្រ្តី ​បាន​ចារ​លើ​សៀវភៅ​រំលែកទុក្ខ​នោះ​ថា ​«​នៅពេល​ចេញ​ដំ​ណើរ​ម្តង​ៗ ​យើង​ទាំងអស់គ្នា​តែង​បន់ស្រន់​សុំ​ឲ្យ​យុទ្ធជន​មួក​ខៀវ​របស់​យើង​ទទួល​បាន​ជោគជ័យ ​និង​មាន​សុវត្ថិភាព ​វិល​មក​ជួបជុំ​គ្រួសារ​វិញ​ពេល​ចប់​បេ​សកម្ម​។​ ជាអកុសល​នៅ​យប់​ថ្ងៃទី៨ ​ឧសភា ​ទាហាន​យើង ​៤នាក់ ​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ស្ទាប់​បាញ់សម្លាប់​នៅពេល​ក្រុម​របស់​យើង​វិលត្រឡប់​ពី​បេសកកម្ម​»​។
លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​បន្ត​ថា ​«​អ្នក​ទាំង៤ ​ត្រូវ​គេ​សម្លាប់​ក្នុង​ខណៈ​ដែល​ពួកគេ​បំពេញបេសកកម្ម​អន្តរជាតិ ​ដើម្បី​សន្តិភាព ​និង ​មនុស្ស​ធម៌​ធ្ងាយ​ពី​ផ្ទះសំបែង ​ធ្ងាយ​ពី​ក្រុម​គ្រួសារ​។ ​ក្នុង​ខណៈ​ដែល​ពួកគេ​ខិតខំ​រួមចំណែក​នាំ​សន្តិភាព​ដល់​ប្រទេស​មួយ ​ដល់​ប្រជាជន​មួយ​ដែលគេ​មិនទាំង​ស្គាល់​ផង ​តែ​ដោយសារ​កាតព្វកិច្ច​អន្តរជាតិ ​និង​បុព្វហេតុ​សន្តិភាព​តែប៉ុណ្ណោះ​។ ​ពួកគេ​បាន​បូជាជីវិត​របស់​ពួកគេ ​ដើម្បីឲ្យ​ជីវិត​របស់​ប្រជាជន ​នៃ​សាធារណ​រដ្ឋ​អាហ្វ្រិ​កណ្តាល​បាន​ទទួល​សន្តិភាព​។ ​យើង​និង​មិន​បំភ្លេច​ពលិកម្ម​នេះ ​សេចក្តី​ក្លាហាន​នេះ​ឡើយ​»​។
សូម​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៩ ​ខែឧសភា ​ឆ្នាំ២០១៧ ​ម៉ោង​នៅក្នុង​​ប្រទេស​កម្ពុជា ​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​បម្រើការ​ងារ​នៅ​ប្រទេស​អាហ្រ្វិក​កណ្តាល ​បាន​រង​ការវាយប្រហារ​ដោយក្រុម​ឧទ្ទាម ​បណ្តាល​ឲ្យកម្លាំង​កម្ពុជា ​៤នាក់​ស្លាប់ ​និង​ម្នាក់ទៀត​រង​របួស​។ ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​បាន​ពលី​ជីវិត​នោះ​រួមមាន៖ ​អនុសេនីយ៍ទោ ​អ៉ឹម ​សំ ​អាយុ ​៣៧ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ស្រុក​ពួក ​ខេត្តសៀមរាប​, ​អនុសេនីយ៍ឯក ​ម៉ៅ ​អេង ​អាយុ ​៣៧ឆ្នាំ ​មាន​លំនៅឋាន​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​, ​ព្រិន្ទ​បាល​ទោ ​ស៊ាង ​នរិន្ទ ​អាយុ ​៣៥ឆ្នាំ ​មាន​លំនៅឋាន​ក្នុង​​ខេត្ត​កំ​ពង ​និង​លោ​ក​ព្រិន្ទ​បាល​ទោ ​មុំ ​តុលា ​មាន​ស្រុកកំណើត​នៅ​ស្រុក​ក​ណ្តៀង ​ខេត្តពោធិ៍សាត់​៕





No comments:

Post a Comment