Wednesday, May 31, 2017

ក្រសួងការងារ អំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ធ្វើយ៉ាងណាស​ម្រួលពេលវេលា​ និងបង្ក​លក្ខណៈ​ងាយស្រួល​ឲ្យកម្មករ​ទៅបោះឆ្នោត​ ឲ្យបានគ្រប់ៗគ្នា​

បើតាមសចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ធ្វើយ៉ាងណាសម្រួលពេលវេលា និងបង្កលក្ខណៈងាយស្រួល ឲ្យកម្មករនិយោជិត​មានលទ្ធភាពទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមជួយបង្កលក្ខណៈ ងាយស្រួលដល់កម្មករនិយោជិត បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ ដែលពួកគេបានចុះឈ្មោះបោះឆ្នោត ស្របតាមស្មារតីអំពាវនាវរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនាពេលនេះ។ លោកបានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ដែលជាពេលវេលាគៀកទៅនឹងថ្ងៃបោះឆ្នោតនោះ មានការលើកឡើងពីសំណាក់កម្មករនិយោជិតថា ម្ចាស់រោងចក្ររបស់ពួកគេ មិនអនុញ្ញាតឲ្យពួកគេទៅបោះឆ្នោត នាពេលខាងមុខឡើយ ប៉ុន្តែទោះជាយ៉ាងណា ទាំងក្រសួងការងារ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុទ្ធតែបានចេញសេចក្ដីអំពាវនាវ និងទទូចឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងនោះ សម្រួលពេលវេលាដល់កម្មករ  និងនិយោជិតរបស់ខ្លួន បានទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកបានបន្តថា សម្ព័ន្ធសហជីពជាតិរបស់លោក បានគាំទ្រចំពោះការៀបចំដំណើរការចុះឈ្មោះបោះឆ្នោត របស់ គ.ជ.ប កាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលជាប់រវល់ធ្វើការនៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ឲ្យពួកគាត់អាចចុះ ឈ្មោះបោះឆ្នោតនៅជិតកន្លែងធ្វើការបាន ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ក្នុងការទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន នៅជិតទីតាំងដែលពួកគាត់ធ្វើការ ម្យ៉ាងទៀត ប្រសិនបើពួកគាត់ធ្វើដំណើរទៅចុះបោះឆ្នោត និងបោះឆ្នោតនៅ ស្រុកកំណើតរបស់ពួកគាត់នោះ ពួកគាត់ក៏ត្រូវចំណាយថវិកា និងពេលវេលាច្រើនផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះមានការបំផុសថា រាជរដ្ឋាភិបាលកម្ពុជា និងគជប មិនអនុញ្ញាតឲ្យកម្មករឈប់សម្រាករយ:ពេល៣ថ្ងៃ ដើម្បីឱ្យកម្មករមានឱកាសគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឱ្យគជប មានវិធានការដើម្បីឱ្យកម្មករបានឈប់សម្រាក៣ថ្ងៃផងដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប មិនមានសមត្ថកិច្ចកំណត់បញ្ជាឲ្យកម្មករនិយោជិត ឈប់សម្រាកពីថ្ងៃនេះដល់ថ្ងៃនោះ ជំនួសនិយោជក ឬម្ចាស់សហគ្រាសគ្រឹះស្ថាន នោះឡើយ ព្រោះការងារនេះ ហួសដែនសមត្ថកិច្ចផ្លូវច្បាប់របស់ គ.ជ.ប ពោល គ.ជ.ប បានត្រឹមតែធ្វើសេចក្ដីអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងនោះ អនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួន បានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន។

សូមជម្រាបថា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមបប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គឺនឹងត្រូវធ្វើឡើងចំថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃឈប់ស្រាប់ ដូច្នេះប្រជាពលរដ្ឋ កម្មករ និយោជិតទាំងអស់ នឹងមានពេលវេលាសក្តិសម ក្នុងការទៅចូលរួមទៅ បោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ កន្លងទៅ៕



No comments:

Post a Comment