Wednesday, May 31, 2017

លោក ម៉ៅ ភិរុណ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល

នៅថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ២០១៧​ លោក​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្តកណ្តា​ល​ រួមជាមួយ​ លោកស្រី​ ជ្រឹង​ បទុមរង្សី​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះអន្លង់ចិន​ បាន​អញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ​ ក្នុងឃុំកោះអន្លង់ចិន​ ស្រុកស្អាង​ ខេត្តកណ្តាល​ ជាមួយនឹងវត្តមានពីអ្នកពាក់ព័ន្ធ​ និងប្រជាពលរដ្ឋចំនួន​ ១០៤១​ នាក់។ គួរបញ្ជាក់​ថា​ ផ្លូវដែលបើកការដ្ឋាននាថ្ងៃនេះ​ មានប្រវែង១០០០​ ម៉ែត្រ​ ទទឹង៤​ ម៉ែត្រ​ កម្រាស់​ ០,១៥​ ម៉ែត្រ​ សាងសង់ឡើងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍​ឆ្នាំ២០១៧​ រយៈពេលសាងសង់​ ០៣​ ខែ។

នៅក្នុងឱកាសនោះ​ លោក​ ម៉ៅ​ ភិរុណ​ បានបញ្ជាក់ថា​ សមិទ្ធផលដែលយើងនឹងបើកការដ្ឋាននៅថ្ងៃនេះ​ គឺដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ។ ថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកោះអន្លង់ចិន​ ដែលនឹងទទួលបាននូវផ្លូវបេតុងថ្មីមួយខ្សែបន្ថែមលើសមិទ្ធផលជាច្រើនដែលកោះអន្លង់ចិនមាន​ ព្រមទាំងមានក្តីសង្ឃឹមជឿជាក់ថា​ ផ្លូវបេតុងថ្មីនេះ​ នឹងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ​ ទៅសិក្សា​ និងដឹកជញ្ជូនកសិផលទៅលក់នូវទីផ្សារ។

លោក​ ម៉ៅ​ ភិរុណ ក៏បានណែនាំដល់មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ត្រូវពិនិត្យ​ ណែនាំដល់ម្ចាស់កំពង់ចម្លង​ មិនត្រូវអោយយកលុយពីសិស្សានុសិស្ស​ ឆ្លងទៅរៀននោះទេ។ ​ លោក ក៏បានប្រ​កាសផ្តល់ផ្លូវបេតុងប្រវែង១០០០​ ម៉ែត្រ​ ដល់ឃុំកោះអន្លង់ចិន​ ប្រើប្រាស់ថវិកាគុណប្រយោជន៍ឆ្នាំ២០១៨ និងបានប្រគេនថវិកា​ ៤០០០​ ដុល្លារសម្រាប់ទិញឥដ្ឋការ៉ូ​ រៀបចំលម្អនៅក្នុងវត្តជោតិរង្សី​ ស្ថិតនៅភូមិក្បាលកោះ​ ព្រមទាំង​ប្រកាសផ្តល់ដីចំនួន​ ១០០​ ឡាន​ សម្រាប់ចាក់បំពេញទីធ្លា​សាលាបឋមសិក្សា​ ហ៊ុន​ សែន​ កណ្តាលកោះ​ ស្ថិតក្នុងភូមិកណ្តាលកោះ។

ជាទីបញ្ចប់ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា​ នាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ ហើយសូមបងប្អូន​បោះឆ្នោតដើម្បីការពារសន្តិភាពយូរអង្វែង​ ការពង្រឹងប្រជាធិបតេយ្យ​ បន្តការអភិវឌ្ឍន៍ប្រទសជាតិយើងឱ្យរីកចម្រើន និងបន្តលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានយើងជាបន្តបន្ទាប់ទៀត៕





No comments:

Post a Comment