Wednesday, May 31, 2017

សកម្មជនបក្សសង្គ្រោះជាតិ២០៤រូប នៅស្រុកបាណន់ ខេត្តបាត់ដំបង បានដើរចេញពីបក្ស មកចូលរួមជាមួយបក្សប្រជាជនដោយសារអស់ជំនឿ

សកម្ម​ជនគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន២០៤នាក់ នៅក្នុងមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បានដើរចេញពីបក្ស ដោយសារតែអស់ជំនឿ លើមេដឹកនាំរបស់ពួកគេ ហើយមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា​។ ក្រុមសកម្មជនទាំងនោះ បានលើកឡើងដូចគ្នាថា ការចាកចេញពីបក្សរបស់ពួកគេនេះ មកពីអសកម្មក្នុងជួរថ្នាក់ដឹកនាំគណបក្ស បែកបាក់សាមគ្គីផ្ទៃក្នុងបក្ស និងបាត់បង់ជំនឿចិត្ត លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ ដែល​មិនបានធ្វើអ្វីសោះ ជូនសង្គមជាតិពិសេសនៅតាមមូលដ្ឋាន គឺចេះតែសន្យាខ្សល់ បោកប្រាស់អ្នកគាំទ្រខ្លួនរហូតមក។

បន្ទាប់ពីលោក ជុំ ញ៉ អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកបាណន់ បានឡើងអានសេចក្តីសម្រេចប្រកាសទទួលស្គាល់បញ្ចូល សមាជិកបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំង២០៤រូបរួចមក លោក ឈាន តឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានអបអរសាទរក្នុងពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្មជន ជាសមាជិកថ្មីទាំង២០៤រូប មកពីបក្សសង្គ្រោះជាតិ​ ស្ថិតនៅភូមិ-ឃុំ នានាស្រុកបាណន់ នាព្រឹកថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៧។

អតីត​សកម្មជន CNRP​ បានប្រាប់ឱ្យដឹងថា​ ដោយសារតែពួកគាត់អស់ជំនឿលើមេបក្ស ដែលសន្យាខ្យល់ មិនដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាទេដែលជាហេតុនាំឱ្យពួកគេទាំងអស់ស្ម័គ្រចិត្តមករួមរស់ជី​វភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ។ ព្រោះគណបក្សប្រជាជន បានយល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាងបក្សណាៗទាំងអស់។ ហេតុដូច្នេះបានជាសម្មជនទាំងនោះ សម្រេចចិត្តដើរចេញពីមេបក្សសន្យាខ្យល់ទាំងនោះ ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ ព្រោះគ្រប់ទីកន្លែង​ មានការ​អភិវឌ្ឍន៍លើ​គ្រប់វិស័យ​នៅតាមមូលដ្ឋាន។

លោក ឈាន តឿន បានថ្លែថា​ ក្នុងរយៈពេល៣​អណត្តិមកនេះ តើអ្នកសន្យាទាំងនោះ ពួកគេបានសម្រេចលទ្ធផលអ្វីខ្លះជាផ្លែផ្កាដែរទេសន្យា បានត្រឹមតែសន្យាដដែលៗ ឯអ្នកសន្យាទៀតសោតក៏មុខដដែលៗ។ ប៉ុន្តែឯអ្នកមិនដែលសន្យាវិញ គឺបានបង្ហាញសមិទ្ធផលដែលបានកសាងជាក់ស្តែង ពីមួយអណត្តិ ទៅមួយអណត្តិមានសមិទ្ធិផលកាន់តែច្រើនឡើងដើម្បីទុកជាប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋពាសពេញប្រទេសកម្ពុជា​។

លោកប្រធាន បានបញ្ជាក់ថា ដើម្បីបន្តជំហានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខទៀត សូមបងប្អូនកុំជឿគណបក្សដែលសន្យាខ្យល់ទៀត ។ លោកបានបញ្ជាក់ថា ដើម្បី​​​ឱ្យប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត សូមបងប្អូនមេត្តា បោះឆ្នោតឲ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧ខាងមុខនេះទាំងអស់គ្នា៕






No comments:

Post a Comment