Wednesday, May 31, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ យាយនៅស្រុកខ្មែរច្បាស់ជាងយាយនៅស្រុកបារាំង

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «យាយនៅស្រុកខ្មែរច្បាស់ជាងយាយនៅស្រុកបារាំង» ដែលមានខ្លឹមសារដូចខាងក្រោម៖
ប្រសាសន៍លោកយាយបីនាក់ ដែលត្រូវបានថតជាវីដេអូ និងបង្ហោះចែកចាយនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងហ្វេសប៊ុក កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសប្រសាសន៍លោកយាយពីរនាក់ដែលកំពុងរស់នៅស្រុកខ្មែរ។ លោកយាយពីររូបនេះបានថ្លែងកោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងការសង្គ្រោះជាតិពីរបបខ្មែរក្រហម ការបញ្ចប់សង្គ្រាមស៊ីវិល នាំយកសន្តិភាពជូនជាតិ និងប្រជាជន និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាដោយចេញពីបាតដៃទទេ រហូតមកដល់កម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការសាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យនៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។
លោកយាយទាំងពីរបានថ្លែងថា គ្រប់ពេលបោះឆ្នោតទាំងអស់ ពួកគាត់បោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ហើយបានថា អ្នកដែលបោះឆ្នោតឱ្យបក្ស រង្ស៊ី និង កឹម សុខា ជាមនុស្សភ្លើ។ ភ្លើព្រោះសុខសន្តិភាព គ្មានចម្បាំងរយៈពេលជាង ២០ ទៅ៣០ ឆ្នាំ មកនេះ គឺជាការត្រួសត្រាយផ្លូវ និងជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនមែនចេញពីបាតដៃរបស់បក្សប្រឆាំងទេ ហើយ សម រង្ស៊ី ក៏ជាកូនអ្នកក្បត់ជាតិដែរ។ លោកយាយទាំងពីរ ក៏បានអំពាវនាវកូនចៅបងប្អូនខ្មែរបន្តគាំទ្រសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទៀតដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយពួកគាត់ចង់បានអាយុវែង មិនចង់បានសង្គ្រាមអាយុខ្លីទេ។
ចំណែកវីដេអូយាយម្នាក់ទៀតដែលកំពុងរស់នៅស្រុកបារាំងដែលថតយូរហើយ និងត្រូវបក្សប្រឆាំងយកមកទប់នឹង សម្តីមាសរបស់លោកយាយនៅស្រុកខ្មែរបាននិយាយរិះគន់សម្តេចតេជោ ហ៊ុន សែន ដឹកនាំមិនល្អ និងដឹកនាំយូរហើយម្តេចមិនព្រមចុះចេញពីតំណែង។ តាមពិតបើប្រៀបធៀបលោកយាយពីរនាក់នៅស្រុកខ្មែរ និងលោកយាយម្នាក់នៅស្រុកបារាំង ដែលលោកយាយពីរនាក់មានវ័យ ៩០ ឆ្នាំដូចគ្នា សុទ្ធតែបានឆ្លងកាត់ការផ្លាស់ប្តូររបបជាច្រើន នៅកម្ពុជា និងក៏បានដឹងពីប្រវត្តិសាស្ត្រ រឿងរ៉ាវជាច្រើនដែរ។
១-លោកយាយនៅស្រុកបារាំង មិនដឹងថាគាត់ចាកចេញពីស្រុកខ្មែរទៅតាំងពីពេលណាទេ ប៉ុន្តែអាចនៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច ឬនៅក្រោយខ្មែរក្រហមធ្លាក់ពីអំណាច។ លោកយាយទំនងមិនបានមកលេង ស្រុកកំណើតយូរហើយ និងមានតែព័ត៌មាន និងរូបភាពអាក្រក់ពីកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ឬសំឡេងរបស់ក្រុមប្រឆាំង។ អ្វីដែលលោកយាយមានប្រសាសន៍ គឺមិនពិតឡើយ ព្រោះមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាបច្ចុប្បន្ន។ ចំណែកលោកយាយ និយាយថា សម្តេច ហ៊ុន សែន ដឹកនាំប្រទេសយូរ ហេតុអ្វីមិនចុះចេញពីតំណែង? តាមពិតលោកយាយរស់នៅស្រុកបារាំងយូរហើយ លោកយាយគួរយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យកម្ពុជា ក៏អនុវត្តលទ្ធិប្រជាធិបតេយ្យដែរ រាស្ត្រជាអ្នកបោះឆ្នោត បើប្រជាពលរដ្ឋច្រើនលើសលុបបោះឆ្នោតគាំទ្រ សម្តេច ហ៊ុន សែន បន្តដឹកនាំប្រទេសដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស មតិភាគតិចត្រូវគោរពមតិភាគច្រើន។ ដូច្នេះលោកយាយកុំទើសទាល់អី ហើយបើអាចចៅចាក់ស្មុក សូមអញ្ជើញលោកយាយមកលេងស្រុកខ្មែរម្តង ដើម្បីបានឃើញពីការរីកចម្រើនរបស់កម្ពុជា ដែលទិដ្ឋភាពនេះលោកយាយមិនដែលបានឃើញទេ នៅអំឡុងទសវត្សរ៍ ឆ្នាំ ១៩៧០ ឬ ១៩៨០។
២-លោកយាយនៅស្រុកខ្មែរពីររូប ដែលបានលើកឡើង គឺច្បាស់ណាស់បញ្ជាក់ថា លោកយាយមិនដែលរត់ចោលស្រុកទេសភូមិកំណើតរបស់ខ្លួន ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនគាត់ទេ ពួកគាត់រួមសុខរួមទុក្ខជាមួយកូនៗក្រុមគ្រួសារ និងប្រទេសជាតិ។ ឆ្លងកាត់បទពិសោធន៍រាប់ភ្លេចតាំងពីការទម្លាក់គ្រាប់បែករបស់អាមេរិក របបខ្មែរក្រហមសង្គ្រាមស៊ីវិលជាដើម លោកយាយទាំងពីរពិតជាមិនអាចពិពណ៌នាបាននូវទុក្ខសោកវេទនា និងសោកនាដកម្ម ដែលក្រុមគ្រួសារគាត់បានជួប ប្រទេសជាតិបានរងគ្រោះនោះឡើយ។ រឿងរ៉ាវមានច្រើនឥតឧបមា។ ហេតុដូច្នេះ ហើយបានជាលោកយាយទាំងពីរនៅស្រុកខ្មែរដឹងច្បាស់ណាស់ថា តើនរណាជាអ្នកសង្គ្រោះជាតិ និងជីវិតប្រជាជនពិតប្រាកដ និងនរណាជាអ្នកបង្កចលាចលពិតប្រាកដ។ លោកយាយទាំងពីររូបនៅស្រុកខ្មែរបានភ្លក់គ្រប់រសជាតិ ជីវិត ហើយបច្ចុប្បន្នបាននិងកំពុងរស់នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ មានវត្តអារាមធ្វើបុណ្យ មានព្រះសង្ឃជាស្រែបុណ្យ។ រាស្ត្រខ្មែរភាគច្រើនកំពុងសម្បូរសប្បាយ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តគោលនយោបាយអភិវឌ្ឍដើម្បីឈានដល់ការលុបបំបាត់ភាពក្រីក្រទាំងស្រុង និងលើកកម្ពស់ ជីវភាពប្រជាជន សុខុមាលភាពជាដើម។
សរុបមកវិញ សូមទោសលោកយាយនៅស្រុកបារាំង អ្វីដែលលោកយាយមានប្រសាសន៍មិនឆ្លុះបញ្ចាំងពីការពិតទេ មិនដែលអញ្ជើញមកស្រុកខ្មែរ តែនិយាយពីស្ថានភាពឱ្យពលរដ្ឋខ្មែរក្នុងស្រុកស្តាប់។ គេមិនជឿលោកយាយទេ។ ប៉ុន្តែសម្រាប់លោកយាយពីររូបនៅស្រុកខ្មែរ ពិតជាបានហែលឆ្លងកាត់នូវរឿងរ៉ាវទាំងអស់ជាងលោកយាយនៅស្រុកបារាំង។ ដូច្នេះមានតែយាយនៅស្រុកខ្មែរទេដែលដឹងយល់ដឹងរឿងពិត ហើយអ្វីដែលគាត់និយាយគឺជាការពិត។ លោកយាយមិនចេះកុហក បោកប្រាសដូចបក្សប្រឆាំងទេ!
ដោយ៖ ចៅ ចាក់ស្មុក



No comments:

Post a Comment