Wednesday, May 31, 2017

លោក ខៀវ កាញារីទ្ធ សរសើររដ្ឋាភិបាលវៀតណាម ដែល​ចេះប្រើ​លុយឲ្យអាមេរិក​ ផ្សព្វផ្សាយពីខ្លួន​ ធ្វើឲ្យចំណង​ទំនាក់ទំនង​ កាន់តែល្អប្រសើរ​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាម ដែលចេះប្រើលុយឲ្យអាមេរិក ផ្សព្វផ្សាយពីខ្លួន ធ្វើឲ្យចំណងទំនាក់ទំនងអាមេរិក និងវៀតណាម កាន់តែល្អប្រសើរ ដែលជាហេតុនាំឲ្យប្រធានាធិបតីអាមេរិកអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ទៅទស្សនកិច្ចនៅសេតវិមាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា លោក ង្វៀន សួនហ៊្វុក នឹងក្លាយជាមេដឹកនាំប្រទេសសមាជិកអាស៊ានដំបូងគេ ដែលនឹងត្រូវចេញទៅបំពេញទស្សនកិច្ចនៅសេតវិមានតបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ។ តាមការគ្រោងទុកលោក ង្វៀន សួនហ៊្វុក នឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ (ម៉ោងនៅអាមេរិក)។ ក្នុងជំនួបនោះត្រូវបានគេរំពឹងថា បញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សា ជាពិសេសការពង្រឹងទំនាក់ទំនងរវាងអាមេរិក និងប្រទេសវៀតណាមតែម្តង។

ក្រៅពីនាយករដ្ឋមន្រ្តីវៀតណាម ប្រធានាធិបតីអាមេរិក ក៏ធ្លាប់បានអញ្ជើញនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ឲ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។ តែមេដឹកនាំនៃប្រទេសដែលធ្លាប់មានសម្ព័ន្ធភាពដ៏ស្អិតល្មួតជាមួយអាមេរិកទាំងពីរនេះ ហាក់សម្តែងការព្រងើយកន្តើយចំពោះសំណើនេះ គ្រាពួកគេកំពុងបង្កើនចំណងទំនាក់ទំនងជាមួយប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ការចេញផ្សាយរបស់ព័ត៌មានបរទេសមកថា ប្រទេសទាំងពីរនេះកំពុងតែស្តីបន្ទោសមន្រ្តីការទូតរបស់ពួកគេ មិនសូវសកម្មដូចមន្រ្តីការទូតរបស់វៀតណាម ជាហេតុធ្វើឲ្យមេដឹកនាំប្រទេសទាំងពីរនេះមានភាពយឺតយ៉ាវជាងប្រទេសវៀតណាម ក្នុងការចេញទៅទស្សនកិច្ចនៅសេតវិមាន។

តាមការស្រាវជ្រាវប្រភពព័ត៌មានពីបរទេសលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ក្រៅពីភាពប៉ិនប្រសព្វ និងសកម្មលើការងារទូតហើយនោះ បច្ចុប្បន្នវៀតណាម បានចាយលុយក្នុងមួយខែបីម៉ឺនដុល្លារ ដើម្បីជួលក្រុមហ៊ុនរបស់អាមេរិក ជួយបញ្ចុះបញ្ចូលឃោសនាពីវៀតណាមនៅលើទឹកដីសហរដ្ឋអាមេរិកថែមទៀតផង។ លុយបីម៉ឺនដុល្លារជាចំនួនមួយដ៏ច្រើន ប៉ុន្តែផលប្រយោជន៍ដែលវៀតណាម ទទួលបានពីអាមេរិកមកវិញគឺមហាសាល។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ចង់ឲ្យមន្រ្តីការទូតខ្មែរពិចារណា និងគិតគូរលើចំណុចនេះផងដែរ៕


No comments:

Post a Comment