Wednesday, May 31, 2017

លោក ជាវ ប៊ុនរិទ្ធ៖ រយៈពេល៨ឆ្នាំមកនេះ ប.ស.ស ចំណាយ​ថវិកាជាង​១៥លានដុល្លារ​ ដើម្បី​ទូទាត់ថ្លៃ​ព្យាបាល​ដល់កម្មករ​ដែលរង​គ្រោះថ្នាក់​ការងារ​

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថារយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចំណាយថវិកាជាង១៥លានដុល្លារ ដើម្បីទូទាត់ការចំណាយថ្លៃព្យាបាលជនរងគ្រោះ ១៥៥,០៣៤នាក់ ដល់មន្ទីរពេទ្យ និងទូទាត់ថ្លៃឧបត្ថម្ភដល់ជនរងគ្រោះ គ្រួសារជនរងគ្រោះផងដែរ។
លោក ជាវ ប៊ុនរិទ្ធ បានឲ្យដឹងទៀតថា ថវិកាជាង ១៥លានដុល្លារនេះ ត្រូវបានចំណាយទៅលើ៖ ១- ថ្លៃដឹកជញ្ជូនជនរងគ្រោះ ២- ថ្លៃសង្គ្រោះបន្ទាន់ ៣- ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤- ឧបត្ថម្ភលុយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥- ឧបត្ថម្ភលុយប្រចាំថ្ងៃដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦- ឧបត្ថម្ភលុយប្រចាំខែដល់ជនរងគ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ៧- ផ្តល់ឧបករណ៍ និងសម្ភារៈ ដូចជា៖ ដៃជើង អវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញដល់ជនរងគ្រោះដែលពិការភាព ៨- ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា អ៊ុតសក់, សំអាង, ជួសជុលទូរស័ព្ទ, ជាងភ្លើងជាដើម។
ដោយឡែក ចំពោះជនរងគ្រោះ ដែលគ្រោះថ្នាក់ដល់ស្លាប់ ទទួលបាន៖ ១- ឧបត្ថម្ភលុយ៤លានរៀល សម្រាប់ធ្វើបុណ្យសព ២- ឧបត្ថម្ភលុយប្រចាំខែ សម្រាប់ចិញ្ចឹមកូនរបស់ជនរងគ្រោះដល់អាយុ១៨ឆ្នាំ។ ប្រសិនបើនៅរៀន ឬមានជំងឺ ផ្តល់លុយឧបត្ថម្ភប្រចាំខែរហូតដល់អាយុ២១ឆ្នាំ ៣- ឧបត្ថម្ភលុយប្រចាំខែដល់ ប្តី ឬប្រពន្ធ របស់ជនរងគ្រោះ ៤- ឧបត្ថម្ភលុយប្រចាំខែដល់ជនចាស់ជរា រួមមាន៖ ឪពុក ម្តាយ ជីដូន ជីតា សាច់ញ្ញាតិអ្នកនៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
លោក ជាវ ប៊ុនរិទ្ធ បានបន្តទៀតថា ប.ស.ស មានភារកិច្ចធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព និងប្រាក់សោធនដល់កម្មករនិយោជិតក្នុងវិស័យឯកជន។ គិតមកដល់ឆ្នាំ២០១៧នេះ ប.ស.ស បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៩,០៣១សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ១,១៥៦,១៣៨នាក់៕






No comments:

Post a Comment