Wednesday, May 31, 2017

អភិបាលរាជធានីភ្នំពេញ ប្រកាសសុំការយោគយល់ ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​ទាំងមូល​ ចំពោះការស្ទះចរាចណ៍​ នាថ្ងៃបិទ​បញ្ចប់ការ​ឃោសនា​រកសម្លេងឆ្នោត​

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងមូល ចំពោះការស្ទះចរាចណ៍ នាថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ បើជៀសបាន មិនបាច់ចេញឡានទេ ក្រែងលោស្ទះ តែបើចាំបាច់ ចេញក៏ចេញ ហើយរកមើលផ្លូវណាដែលមិនស្ទះ នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។

អភិបាលរាជធានីភ្នំពេញ បានសន្យាថា នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ រាជធានីភ្នំពេញ នឹងរៀបចំមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

ការថ្លែងសុំការយោគយល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីត្រួតពិនិត្យលទ្ធផលការដ្ឋាន ដាក់ប្រព័ន្ធលូ និងស្ថាបនាផ្លូវលេខ៧៧BT ប្រវែងជិត៣គីឡូម៉ែត្រ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសហែក្បួនមនុស្សជិត៥ម៉ឺននាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំសមាជិកផ្ទាល់ជាង១៥ម៉ឺននាក់ មានប្រវែងពេលហែរជាង៣០គីឡូម៉ែត្រ ពេញរាជធានីភ្នំពេញ ពោលក្បាលក្បួននៅរង្វង់មូលស្ពានជ្រោយចង្វារ និងកន្ទុយក្បួននៅផ្លូវ៦០ម៉ែត្រឯណោះ។

អភិបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមាជិកចំនួនជាង១៥ម៉ឺននាក់ ហែក្បួនពេញរាជធានីភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬអ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕







No comments:

Post a Comment