Monday, April 03, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវអាជ្ញាធរខេត្តរៀបចំកម្មវិធីសង្ក្រាន្តដើម្បីទាក់ទាញទេសចរក្នុងឱកាសបុណ្យចូលឆ្នាំ

នៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ​អា​ជ្ញាធរខេត្ត​រៀបចំកម្មវិធីសង្ក្រាន្តដើម្បីទាក់​ទាញ​ទេសចរ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំ។ លោក បាន​ថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធីបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា តំបន់ទេសចរណ៍ ធំៗដែលលាតសន្ធឹងកាន់តែធំទៅៗ មិនគ្រាន់តែសៀមរាបដែលមានអង្គរសង្រ្កាន្តនោះទេ ឆ្នាំ​នេះ ក៏មានសង្រ្កាន្តនៅតាមខេត្តមួយចំនួនទៀតដូចជាខេត្តព្រៃវែងជាដើម ដែលឆ្នាំ​ទៅលោក ក៏​បានអំពាវនាវថា សង្រ្កាន្តមិនចាំបាច់តែធ្វើនៅអង្គរនោះទេ សង្រ្កាន្តអាចរៀបចំនៅតាមខេត្ត នានាដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរបស់យើងមានការជួបជុំ កំសាន្ត និងសប្បាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា តំបន់ទេសចរណ៍ពិតជាមានច្រើនឥឡូវនេះ ហើយជាតំបន់ដែលប្រជាពលរដ្ឋចូលចិត្តធ្វើដំណើរទៅកាន់តំបន់ទាំងនោះ សូមតំបន់ទាំង​នោះទាក់ទាញទេសចរទៅដើម្បីបង្កើតឡើងនូវមុខរបរក្នុងវិស័យទេសចរណ៍។ ដើម្បីធានា​បាន​លើបញ្ហានេះ អាជ្ញាធរដែនដីដែលគ្រប់គ្រងនៅតំបន់នោះ ត្រូវរៀបចំសន្តិសុខ និង​សណ្តាប់​​ធ្នាប់ឱ្យបានល្អ អ្នកលក់ដូរទាំងឡាយនៅតំបន់នោះ ត្រូវខិតខំរក្សានូវតម្លៃ ចៀសវាង ការលក់ដំឡើងថ្លៃធ្វើឱ្យគេរាងចាល ហើយបាត់បង់នូវភាពប្រកួតប្រជែងទាក់ទាញទេសចរទៅ សារជាថ្មី។ អ្នកដែលឆ្លាតគឺអ្នកដែលយកចំណេញតិច ក៏ប៉ុន្តែលក់បានច្រើន ឯអ្នកល្ងង់​លក់​បានតិច តែបានថ្លៃខ្ពស់ ហើយលក់បានតែម្តង ពីរដង គេរាងចាល អាហ្នឹងគេហៅថា «រក​ស៊ី​កោរគេ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងថា គ្រប់តំបន់ទេសចរណ៍ ត្រូវមានការ​ឈ្លាសវៃដើម្បីធានាឱ្យអតិថិជនដែលទៅកាន់តំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីទៅលេងឆ្នាំ នេះហើយ ពេលក្រោយទៅលេងបន្តបន្ទាប់ទៀត។ ដើម្បីធានាថា តំបន់ទេសចរណ៍កើតថ្មីនោះ គឺជាទេសចរណ៍ដែលមានការទាក់ទាញនៅពេលខាងមុខ។ ឆ្នាំ២០១៦កន្លងទៅ យើងទទួល បានទេសចរបរទេស ជាង៥លាននាក់ ប៉ុន្តែយើងមិនត្រូវភ្លេចថា ទេសចរផ្ទៃក្នុង​ជាទេសចរ​ដែលមិនចេះរីងស្ងួត ហើយជាទេសចរដែលប្រជាជនទទួលបាន​ប្រាក់ចំណូលនៅឯ​មូល​ដ្ឋាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា នៅឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើង របស់ប្រជាពលរដ្ឋ ជាមួយនឹងប្រាក់ខែដែលទើបឡើងថ្មីរបស់មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និងកម្មករ កម្មការិនីរបស់យើង ផលប្រយោជន៍នោះវានឹងរាយប៉ាយ​នៅក្នុងក្រប​ខណ្ឌ​ទូទាំងប្រទេសរបស់យើង៕





No comments:

Post a Comment