Monday, April 03, 2017

លោក ប៉ុល សារឿន អំពាវនាវឱ្យខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលានិងបន្តសហការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ

លោក ប៉ុល សារឿន សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងខេត្តព្រះសីហនុ បាន​អំពាវ​នាវឱ្យខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលានិងបន្តស​ហ​ការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីផែន​ការឆ្ពោះទៅការបោះឆ្នោត ឃុំសង្កាត់ និងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំទូទាំងស្រុកព្រៃកប្បាស និងស្រុកបាទី នៅខេត្តតាកែវក្នុងដើមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ប៉ុល សារឿន ក៏បានបញ្ជាក់ថា យើងត្រូវបន្តអនុវត្តកម្មវិធីផែនការដែលមានស្រាប់ របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងខិតខំបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលា តាមតម្រូវការរបស់ប្រជាពលរដ្ឋ បន្តសហការគ្នាចុះសាកសួរសុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរ បញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋ ហើយកុំធ្វើអី្វៗដែលនាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ  ត្រូវបន្តឈរជាមជ្ឈ​មណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុង ធានាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីភាពសុខដុមរមនាជូនដល់ប្រជាជន និងរួមសហការគ្នាអនុវត្តនូវយន្តការពីរ ដើម្បីសម្រេចគោល​ដៅតែមួយ។
នៅក្នុងឱកាសនោះ លោក ប៉ុល សារឿន បាននាំមកនូវការសាកសួរសុខទុក្ខ និងនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត  ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ទូទាំងខេត្តតាកែវ ដែលបាននិងកំពុងបំពេញភារកិច្ចរៀងៗខ្លួន រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ប៉ុល សារឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លោកស្រី ជាប្រធាន អនុប្រធាននៃគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តតាកែវ និងក្រុមការងារថ្នាក់កណ្តាល ចុះជួយ មូលដ្ឋាន ដែលបានសហការគ្នា យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារៈនិងថវិកា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ក្នុង​ទិសដៅបន្ត លោក ប៉ុល សារឿន បានសំណូមពរដល់អស់លោក លោកស្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងក្លា និងគោរពឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ដែលបានកំណត់៕



No comments:

Post a Comment