Monday, April 03, 2017

ស្វែងយល់ពី ភ្នំសុមេរុក្នុងលទ្ធិព្រះពុទ្ធសាសនាខ្មែរ

យើងតែងលឺពាក្យថា ភ្នំសុមេរុ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅ​ក្នុងរឿង​និទាន​បាន​ដំណាលថា ជាភ្នំមួយដែលទេពធីតាទាំង ៧ បុត្រីកុបិលមហាព្រហ្ម ហែប្រទក្សិណភ្នំព្រះសុមេរុនោះរៀងរាល់ឆ្នាំ។ តើភ្នំសុមេរុ នោះនៅទីណា?
យើង​ធ្លាប់​ដឹង​រួចមកហើយ​អំពី​សារៈសំខាន់​នៃ​វិស័យ​ស្ថាបត្យកម្ម​សំណង់​ប្រាង្គ​ប្រាសាទខ្មែរនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃក៏ដូចជា​ប្រាសាទ​មួយចំនួន​ដែល​ស្ថិតក្នុង​អតីត​បង្គោល​ខណ្ឌសីមា​នៃ​នគរ​ខ្មែរ​បុរាណ​។ ដូច្នេះហើយ បានជា​យើង​បាន​យល់​យ៉ាងច្បាស់​អំពី​ប្រភព និង​និមិត្តរូប​នៃ​ប្រាង្គ​ប្រាសាទខ្មែរ ដែល​តំណាង​ឱ្យ​ភ្នំ​សុមេរុ ឬ​សិនេរុ​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​។​ យោង​លើ​និមិត្ត​រូបភាព​នៃ​ព្រះមេរុ ឬ​ព្រះ​មេន​ខ្មែរ​នា​សម័យ​ក្រោយ​អង្គរ ដែល​គេ​បាន​សង់​ឡើង​ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​។ ក៏ប៉ុន្តែ យើង​ពុំទាន់​បានបង្ហាញ​នៅឡើយ​នូវ​ភាពខុសគ្នា​ខ្លះៗ​រវាង​លោកធាតុ​វិទ្យា​បែប​ព្រហ្មញ្ញសាសនា និង​លោកធាតុ​វិទ្យា​បែប​ព្រះពុទ្ធសាសនា​ជុំវិញ​បញ្ហា​ភ្នំ​សុមេរុ​។ ​
ជាបឋម សូម​រំ​ឮ​ក​ឡើងវិញ​ថា ក្នុង​បញ្ញា​ត្តិ​កម្ម​ព្រហ្មញ្ញសាសនា មាន​ចែងថា នៅ​ចំ​ពិភពលោក​យើង​នេះ​ដែលមាន​រាង​៤​ជ្រុង​ស្មើ មាន​ទ្វីប​មួយ​ធំ​ហៅថា ជម្ពូទ្វីប ដែល​នៅ​ចំ​កណ្តាល​មាន​ភ្នំ​ពិសិដ្ឋ​មួយ​ឈ្មោះថា ភ្នំ​សុមេរុ ហ៊ុំព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ដែលជា​ជួរ​ភ្នំ​។ ជម្ពូទ្វីប​មាន​ទ្វីប​៤ និង​មហាសមុទ្រ​៧ ហ៊ុំព័ទ្ធ​ជុំវិញ​។ នៅលើ​កំពូលភ្នំ​សុមេរុ គឺជា​ស្ថាន​របស់​ព្រះព្រហ្ម ទេវស្ថាន ឬ​ស្ថាន​សួគ៌ា ការពារ​ដោយ​ឆ្មាំ​ទាំង​៨​ទិស (​ទិស​ធំ​ទាំង​៤ និង​អនុទិស​៤)​។ ដូចនេះ ប្រាសាទខ្មែរ​គឺ​តំណាង​ឱ្យ​ភ្នំ​សុមេរុ នៅ​ស្ថាន​មនុស្ស​យើង​នេះ​។​
ចំពោះ​ព្រះពុទ្ធសាសនា​វិញ ផ្សេង​ពី​ទស្សនៈ​ស្តីពី​លោក​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​បន្តិច គេ​ជឿថា មាន​ភ្នំ​សុមេរុ​ដែល​នៅ​ពីលើ​មាន​ស្ថាន​ទេវលោក​ដូចគ្នា ដូច​ករណី​សំណង់​សិប្បនិម្មិត​សាងសង់​នៅ​ឆ្នាំ ១៩០៤ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ​នរោត្តម​ទី​១ ដែល​យើង​ភ្ជាប់​រូបភាព​ខាងលើនេះ​ជា​ភស្តុតាង​ស្រាប់​។ ជុំវិញ​ភ្នំ​សុមេរុ​ខាងលើនេះ មាន​ភ្នំ​៧​ជាន់ (​សត្ត​បរ​ព៌​ត​) និង​សមុទ្រ​ទាំង​៧​ជាន់ (​សត្ត​ទន្តរ​)​។​ ជុំវិញ​នេះ មាន​មហាសមុទ្រ មាន​ទ្វីប​៤ ហើយ​ទ្វីប​មួយ​ក្នុងចំណោម​នៃ​ទ្វីប​ទាំង​៤ គឺ​ជម្ពូទ្វីប ស្ថិតនៅ​ខាងត្បូងជា​ស្ថាន​មនុស្សលោក​។ ទ្វីប​នេះ​ហ៊ុំព័ទ្ធ​ជុំវិញ​ទៅដោយ​កំពែង​ថ្ម ដូច​លោកធាតុ​វិទ្យា​ព្រហ្មញ្ញសាសនា​ដែរ​។ នៅលើ​កំពូលភ្នំ​សុមេរុ ជា​លំនៅស្ថាន​របស់​ព្រះឥន្ទ្រ​ព័ទ្ធជុំវិញ ដោយ​ស្ថាន​ត្រៃ​ត្រឹ​ង្ស (​ស្ថាន​ទេវតា​ទាំង ៣៣​អង្គ​)​។ នៅលើ​ពីនេះ​ទៀត ជា​ស្ថាន​ទេវលោក​ដែល​​តូចធំ​តាម​គណៈ ឬ​សម័យកាល​។​
ដូចនេះ យើង​ឃើញថា សាសនា​ធំៗ​ទាំងពីរ​មាន​ទស្សនៈ​រួមមួយ​អំពី​ភ្នំ​កណ្តាល ជា​ស្នូល​នៃ​ពិភពលោក​យើង​នេះ​។ មានន័យថា ទាំង​ប្រាង្គ​ប្រាសាទ ទាំង​ព្រះមេរុ​ដែល​សុទ្ធសឹងតែ​ជា​ស្ថាន​នៃ​ព្រះអាទិទេព គឺជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ស្ថាន​សួគ៌ា ព្រោះថា​ជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត ហើយ​ជាទី​តាំង​នៃ​ព្រះអាទិទេព ឬ​ស្ថាន​ត្រៃ​ត្រឹ​ង្ស​។ គឺ​នៅលើ​ភ្នំ​ដ៏​ពិសិដ្ឋ​នេះហើយ ដែល​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ប្រថាប់​គង់នៅ​។​

​បើ​និយាយ​មួយបែប​ទៀត ប្រាសាទ ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ ឬក៏​សំណង់​សិប្ប​និ​មិ្ម​ត​ដែល​សាងសង់​លើ​កំពូលភ្នំ​សុមេរុ គឺ​តំណាង​ឱ្យ​ទេវស្ថាន ឬ​ឋានសួគ៌​យ៉ាង​ប្រាកដ​ក្នុង​ទស្សនវិជ្ជា​របស់​ខ្មែរ ហើយ​សំណង់​នេះ​ផ្សាភ្ជាប់​គ្នា​រវាង​មនុ​ស្សភាព និង​ទេវ​ភាព​។ កុំភ្លេចថា សម្រាប់​មតិ​មហាជន​ខ្មែរ​ដែល​កាន់​លទ្ធិ​ព្រះពុទ្ធសាសនា គេ​ជឿថា ក្រោយពី​យាង​ចូល​ទីវ​ង្គ​ត ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះមហាក្សត្រ​នឹង​យាង​ទៅ​នៅ​ជាមួយ​ព្រះ ឬក៏​ក្លាយទៅជា​ព្រះ​ដោយ​ពិតៗ​៕


No comments:

Post a Comment