Monday, April 03, 2017

គណៈ​​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ជ្រើសរើស​បេក្ខភាព​តំណាង​រាស្ត្រ​លោក ជា វណ្ណ​ដេត ជំនួស​លោក សុខ អាន

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាននឹងកំពុងពិនិត្យបេក្ខភាព លោក ជា វណ្ណដេត ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសលោក សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងទៅ។

អង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានមានការចូលរួមទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃនេះ បានសម្រេចដាក់បេក្ខភាព លោក ជា វណ្ណដេត ឲ្យសមាជិករដ្ឋសភាពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់តំណាងរាស្ត្រនៅថ្ងៃទី០៧ ខែមេសា ខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភានៅក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
សូមជម្រាបផងដែរថា តាមច្បាប់នៅពេលសមាជិកសភាណាម្នាក់ទទួលមរណភាព គឺត្រូវដាក់ជំនួសវិញនូវបេក្ខភាពតំណាងរាស្ត្រទៅតាមលេខលំដាប់នៃឈ្មោះបេក្ខជនរបស់គណបក្សនយោបាយដែល បានឈរឈ្មោះក្នុងមណ្ឌលរបស់ខ្លួន។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការបោះឆ្នោតទទួលស្គាល់លោក ជា វណ្ណដេត ជាតំណាងរាស្ត្រ ជំនួសលោក សុខ អាន គឺចាំពេលរដ្ឋសភាចាប់ផ្តើមចូលប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ បន្ទាប់ពីវិសមកាលរយៈពេល៣ខែ៕



No comments:

Post a Comment