Monday, April 03, 2017

ក្រសួង​ទេស​ចរណ៍ បើក​កិច្ចប្រជុំគណៈ​កម្មាធិការ​ទេសចរ​ណ៍អាស៊ាន ភ្ជាប់​ជាមួយកា​រជំរុញផ្សព្វ​ផ្សាយយុទ្ធនា​ការ​ទស្សនាអាស៊ា​នខួប​​លើក​​ទី​៥០

សៀមរាប ៖ ក្រសួងទេសចរណ៍ បើកកិច្ចកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាន ភ្ជាប់ជាមួយការជំរុញ ផ្សព្វផ្សាយយុទ្ធនាការ​ទស្សនាអាស៊ានខួប​លើក​ទី​៥០​ឆ្នាំ (Visit ASEAN@50) និងការផ្សព្វផ្សាយអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ទិត ចន្ថា រដ្ឋលេខាធិការ ជាតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប ។

លោក ទិត ចន្ថា បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់ប្រតិភូ បណ្តាប្រទេសសមាជិកអាស៊ាន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដោយដោយលោកបានវាយតម្លៃខ្ពស់ចំពោះវត្តមានដែលបានចូលរួម ដែលបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្រុញផ្សព្វផ្សាយអាស៊ាន។
លោកបានបន្តថា អាស៊ានជាសហគមន៍តែមួយដែលមាន ចក្ខុវិស័យនិងអត្តសញ្ញាណតែមួយ។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ ២០១៥ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងរបៀបវារៈនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងអាស៊ាន។
លោកបានបន្តទៀតថា នៅក្នុងបរិបទពិភពលោក ទេសចរណ៍អាស៊ានបានបង្ហាញឱ្យឃើញជាផ្នែកមួយនៃវិស័យនាំមុខគេ និងការរីកលូតលាស់លឿនបំផុត។ ប៉ុន្មានឆ្នាំមកនេះ តំបន់អាស៊ាន បានបង្ហាញនូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លា។ អង្គការទេសចរណ៍ពិភពលោក បានរាយការណ៍ថាចំនួនទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ៨%ក្នុងឆ្នាំ២០១៦ ខ្ពស់ជាងកំណើនជាមធ្យមជាសកលដែលមាន៣%។
សូមជម្រាបផងដែរថា  ប្រមុខដឹកនាំអាស៊ានបានប្រកាសថាឆ្នាំ២០១៧ ជាឆ្នាំសំខាន់មួយដើម្បីអបអរខួបលើកទី៥០របស់អាស៊ានដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នេះ “Visit ASEAN@ 50: Golden Celebration 2017” ត្រូវបានដាក់ឱ្យដំណើរការដោយ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅខែមករាឆ្នាំ២០១៦ ដោយមានបំណងបង្ហាញភាពសម្បូរបែបនៃវប្បធម៍ ធនធានធម្មជាតិ ភាសាមនុស្សនិងជាតិសាសន៍នៃតំបន់អាស៊ាន ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ានតាមរយៈការបង្កើនការផ្សព្វផ្សាយអាស៊ានជាគោលដៅទេសចរណ៍តែមួយ និងជំរុញការរំឮកខួបលើកទី៥០របស់អាស៊ាន។
នាឱកាសនោះផងដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា “អង្គរសង្រ្កាន្ត” ត្រូវបានជ្រើសរើសជាពិធីបុណ្យដ៏ល្អបំផុតមួយក្នុងចំណោមពិធីបុណ្យដែលល្អបំផុតទាំង៥០ (ASEAN’s Best 50 Festivals) ដែលអាស៊ានបានជ្រើសរើសផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ឆ្នាំ នៃការបង្កើត “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ១៩៦៧-២០១៧ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន២០១៧ (VISIT ASEAN@50 campaign) ដោយផ្អែកលើ “គុណតម្លៃ” ក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទំលាប់ តាមរយៈការអប់រំ (Educating) ការចូលរួម (Participating and Celebrating) និងការកម្សាន្តរីករាយ (Enjoying and having Fun) នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនាមជាមហាគ្រួសារខ្មែរជាមួយមិត្តភក្តិអាស៊ានប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងសុខដុមនីយកម្មក្នុងតំបន់៕




No comments:

Post a Comment