Tuesday, February 07, 2017

កញ្ញា ធី សុវណ្ណថា សម្រេចតម្លើងការទាមទារសំណងពី ២៥ម៉ឺន ដល់ ៥០ម៉ឺនដុល្លារ ពីលោក សម រង្ស៊ី

(ភ្នំពេញ​)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម បានសម្រេចទាមទារតម្លើងសំណងពីលោក សម រង្ស៊ី ពី ២៥ម៉ឺនឡើងដល់ ៥០ម៉ឺនដុល្លារ។  កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះ​ថា «ការប្តឹងទាមទារសំណងនេះបានផ្លាស់ប្តូរហើយ គឺពី២៥ម៉ឺន ដល់៥០ម៉ឺនដុល្លារ ដោយក្នុងពាក្យបណ្តឹងដាក់ទាមទារ២០០លានរៀល, នៅពេលនេះការបំភ្លឺនៅអយ្យការ​បានចប់រួចរាល់ហើយ»។
សូមជំរាបថា កញ្ញា​ ធី​ សុវណ្ណថា​ បាន​ប្តឹង​​លោក ​សម​ រង្ស៊ី​ ដោយ​ភ្ជាប់​យក​ករណី​ដែល​លោក ​សម​ រង្ស៊ី​ ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ថា ​បាន​សូក​ប្រាក់ ​កញ្ញា​ ធី​ សុវណ្ណថា​ ចំនួន​១លាន​ដុល្លារ​អាមេរិក ឱ្យរូបនាងធ្វើសកម្មភាព ប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។​ ដើម្បី​បង្ហាញ​​ភាព​ស្អាតស្អំ​ ទើប​កញ្ញា​ ធី​ សុវណ្ណថា​ បានប្តឹង​ទៅ​តុលាការ​ឱ្យ​ជួយ​រក​យុត្តិធម៌​ និង​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ តាម​ច្បាប់​។
កន្លង​មក ​ក​ញ្ញា​ ធី​ សុវណ្ណថា​ បញ្ជាក់​ថា​ ក្នុង​ឱកាស​ជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៧​ លោក​ សម​ រង្ស៊ី​ បាន​និយាយ​ថា​ លោក ហ៊ុន សែន បាន​សូក​ប្រាក់​ កញ្ញា ​ធី​ សុវណ្ណថា​ ចំនួន​១លាន​ដុល្លារអាមេរិក​….។ កញ្ញា ធី​ សុវណ្ណថា​ ចាត់​ទុកថា​ ការ​លើកឡើង​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នេះ​ គឺ​ជា​ការ​ចោទប្រកាន់​មួល​បង្កាច់​ ជា​ការ​អះអាង​ដោយ​បំផ្លើស​និង​ជា​ការ​ទម្លាក់​កំហុស​ដោយ​ទុច្ចរិត​ ហើយ​បាន​ធ្វើ​ឱ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស ​កេរ្តិ៍​ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ កញ្ញា​ ធី​ សុវណ្ណថា​។
គួររំលឹកផងដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ញុះញង់វាយប្រហារ លើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ហើយប្រធានបក្សប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើនថែមទៀត ដែលមិនទាន់ កាត់ទោស ដែលភាគច្រើនជាបណ្តឹង បរិហារកេរ្តិ៍ជាសាធារណៈ៕




No comments:

Post a Comment