Tuesday, February 07, 2017

គណបក្សនយោបាយចំនួន២ គាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

(ភ្នំពេញ)៖ លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​គាំទ្រនូវ​គំនិត​ផ្តួចផ្តើម​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ស្នើ​ធ្វើ​វិសោធនកម្មច្បាប់ ​ស្តីពី​គណបក្សនយោបាយ គឺ​អ្នក​មានទោស មិនអាច​ធ្វើជា​ប្រធាន ឬ អនុប្រធានគណបក្សនយោបាយបានទេ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ នឹង​អាចឈានដល់ការ​រំលាយ​គណបក្សថែម​ទៀតផង​។​
លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្សខ្មែរ​រួបរួម​ជាតិ បាន​មានប្រសាសន៍នៅ​ព្រឹក​ថ្ងៃទី០​៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ​ថា នៅ​កម្ពុជា គួរតែមាន​ច្បាប់​នេះ គឺ​អ្នក​ដែលមាន​ទោស មិនអាច​ធ្វើជា​ប្រធាន និង​អនុប្រធានគណបក្ស​បានទេ ហើយ​នៅ​ប្រទេស​ថៃក៏មាន​ច្បាប់​នេះដែរ​។ លោក​ បាន​លើកឡើងថា កន្លងមក លោក​ក៏​ធ្លាប់​ទាមទារឱ្យ​មាន​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះដែរ គឺ​បើសិន​ជាមាន គណបក្ស​ណាមួយ រំលោភ​ទៅលើច្បាប់បោះឆ្នោត​។ បើ​មានច្បាប់​នេះ ប្រហែលជា​អាចធ្វើ​ឱ្យអ្នក​ដែល​ចង់​ប្រព្រឹត្ត​ខុស ប្រយ័ត្នប្រយែង មិន​ធ្វើ​ឱ្យខុស និង​គួរតែ​អនុវត្តច្បាប់​​ឱ្យបាន​តឹងរឹង ដើម្បី​កុំ​ឱ្យអ្នកប្រព្រឹត្ត​ខុស ចេះតែ​រួចខ្លួន​។
​លោក​បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់ មិនបាន​ល្អ ធ្វើឱ្យ​មនុស្ស​ប្រព្រឹត្ត​អ្វី ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​សម្រាប់​លោក គឺ​លោក​គាំទ្រ​ចំពោះការដាក់ទោសទណ្ឌ អ្នក​ដែល​ធ្វើ​ផ្ទុយ​នឹង​ច្បាប់បោះឆ្នោត​របស់​យើង​។ នៅពេលដែល​ច្បាប់ ចេញមក​ហើយកាលណា​ គឺតម្រូវ​ថាមេបក្សមិនត្រូវ​មានទោស ប៉ុន្តែ​បើ​យើងមានទោស​ គឺមិនអាចទៅ​ដឹកនាំ​គណបក្សនោះ​បានទេ​។​
ដោយឡែកចំណែក​លោកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គីបាន​មានប្រ​សា​ស​ន៍​​​​ថា លោកស្រី គាំទ្រចំពោះ​ផ្លូវច្បាប់ និង​គាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម របស់ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ។ លោកស្រី សុំ​ឱ្យ​ច្បាប់​អនុវត្តតាម​នីតិវិធី និង​សូម​ឱ្យអនុវត្ត​ច្បាប់ឱ្យ​បាន​ម៉ឹងម៉ាត់ កុំ​ឱ្យបុគ្គល ដែលមាន​កំហុសឆ្គងធ្វើជា​ប្រធាន អនុប្រធាន​គណបក្ស​។
លោកស្រី បាន​លើកឡើងថា បញ្ហា​ផ្នែក​ច្បាប់ បុគ្គល​ជា​ប្រធាន​គណបក្សណាមួយដែល ទាក់​ទិន​នឹង​បទល្មើស ឬក៏​ប្រព្រឹត្តទោសទណ្ឌ​ណាមួយ នីតិវិធី​អង្គហេតុ និង​អង្គច្បាប់ គឺ​បុគ្គល​ដែលមាន​ទោសទណ្ឌនោះ មិនអាច​ឈរ​ឈ្មោះជា​បេក្ខជន ដោយសារ​ប្រធាន​គណបក្ស ទាំងអស់នោះ (​គណបក្ស​សង្គ្រោះ​ជាតិ​) ជា​ទណ្ឌិត​៕


No comments:

Post a Comment