Tuesday, February 07, 2017

លោក គឹម សន្តិភាព៖ បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ជាបណ្តឹងពីរខុសគ្នា

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ បាន​បង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបានធ្វើការបំភ្លឺជូនសាធារណៈមតិទាំងអស់​អំពីប្រភេទនៃបណ្តឹងក្នុងរឿងព្រហ្មទណ្ឌ។

លោក គឹម សន្តិភាព បានបញ្ជាក់ថា យោងតាមមាត្រា២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់យ៉ាងច្បាស់លាស់អំពីប្រភេទនៃបណ្តឹងក្នុងរឿងព្រហ្មទណ្ឌគឺមានពីរប្រភេទ៖ ១-បណ្តឹងអាជ្ញា៖ បើតុលាការស្វែងរកឃើញថា ជនល្មើសមានពិរុទ្ធភាពគ្រប់គ្រាន់ នោះនឹងនាំឱ្យមានការផ្តន្ទាទោសជននេះតាមច្បាប់កំណត់ ដែលអាចសម្រេចអំពីទោសដាក់ពន្ធនាគារ និងទោសពិន័យ ដែលមានកំណត់ច្បាស់លាស់ក្នុងក្រមព្រហ្មទណ្ឌតាមប្រភេទបទល្មើសនីមួយៗ ដែលក្នុងន័យនេះប្រាក់ពិន័យនៃបទល្មើសនីមួយៗត្រូវបង់ចូលថវិការដ្ឋ ។ ២-បណ្តឹងរដ្ឋប្បវេណី៖ ជនរងគ្រោះអាចតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងព្រហ្មទណ្ឌ និងមានសិទ្ធិប្តឹងទាមទារជួសជុលការខូចខាតដែលជាសំណងជម្ងឺចិត្តបណ្តាលមកពីអំពើល្មើសណាមួយ ដែលប្រាក់សំណងនេះ នឹងត្រូវប្រគល់ជូនទៅដើមបណ្តឹងរដ្ឋប្បវេណីបន្ទាប់ពីមានសេចក្តីសម្រេចស្ថាពររបស់តុលាការ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលជាកម្មវត្ថុនៃការប្តឹងទាមទារនេះពុំមានកំណត់ក្នុងច្បាប់ឡើ គឺជាសិទ្ធិសេរីភាពនៃការប្តឹងទាមទាររបស់ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណី រីឯការពិចារណាសម្រេចគឺជាអំណាចរបស់តុលាការ


No comments:

Post a Comment