Tuesday, February 07, 2017

លោក សុខ ឥសាន៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នយោបាយចិនមួយ

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នយោបាយចិនមួយ។
លោក សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងមាត្រា៥៣ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើសកលលោក។
អ្នកនាំពាក្យគណបក្សប្រជាជន ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជា មិនអនុញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារៈយោធា គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅក្នុងផ្ទៃក្នុងប្រទេស ។
លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នយោបាយធ្វើមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។ ដោយទ្បែកជាមួយសាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពជាប្រកាន់នយោបាយចិនតែមួយ ដោយចាត់ទុកចិនតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន។ រាល់បញ្ហាកើតឡើងរវាងសាធារណរដ្ឋប្រជាមានិតចិន និងកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ សាធារណរដ្ឋប្រជាមានិតចិន ជាសមាជិកអង្គការសហប្រជាជាតិ ឯចិនតៃវ៉ាន់ មិនមែនជាសមាជិកអង្គការសហប្រជាជាតិទេ។ ការប្រកាន់ជំហរនយោបាយចិនមួយរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាសិទ្ធិសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនអាចមានប្រទេសណាជ្រៀតជ្រែកបានឡើយ៕

No comments:

Post a Comment