Friday, June 03, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី-សម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ចាប់ផ្តើម​បំពេញ​ទស្ស​នកិច្ចផ្លូវ​ការ​នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ា​ឡេស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទី​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបាន​អញ្ជើញ​ចូលរួមវេទិកា​សេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន រយៈពេល២ថ្ងៃរួចមក។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅ ទីស្តីការគណៈរដ្ឋមន្រ្តី Pendana Square Putrajaya នៅជាយទីក្រុងគូឡាឡាំពួរ សម្តេចតេជោនាយករដ្ឋ​មន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការ​ធ្វើគារ​វ​កិច្ច​ ស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់ពីសំណាក់សមភាគីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd bin Tun Haji Abdul Razak នាយករដ្ឋមន្រ្តី​នៃប្រទេស​ម៉ាឡេស៊ី និងលោកជំទាវ ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ​នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដែលអមដំណើរដោយផ្ទាល់​ពីសំណាក់​​​សមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់​ប្រទេសម៉ាឡេស៊ីនៅពេលនេះ គឺធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនរឹងមាំ និងខ្លាំងក្លាថែមទៀត ក្នុងនាម​ជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ។ សូមបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញអបដំណើរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងដំណើរបំពេញទស្សនកិច្ច​ផ្លូវការ​នេះ​រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ និង លោកជំទាវ ខេង សំវ៉ាដា ប្រាក់សុខុន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាតំណាង​ជាតិ​សម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន និងលោកជំទាវ ខៀវ ទេពរង្សី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អូស្មាន់ ហា​ហ្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុង ស៊ាន រដ្ឋលរខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​របស់​ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។
បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស និងពិធីបដិសណ្ឋារកិច្ច ចំពោះបណ្តាមេដឹកនាំជាឥស្សរជនជាន់​ខ្ពស់ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជន​ការ​ទូត នៃបណ្តាប្រទេសជាមិត្តនានាប្រចាំប្រទេសម៉ាឡេស៊ីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលចង្អៀត និងជំនួបចរចាផ្លូវការទ្វេភាគី ដោយបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទិន​ទៅនិង​ការជំរុញទំនាក់​ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់ខ្ពស់បំផុត។ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានប្រសាសន៍ថ្លែងនូវ​អំណរគុណ​ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ​នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុង​បរិយាកាសដ៏រីករាយនេះ។ ជាការឆ្លើយតប​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​មានប្រសាសន៍ សំដែងនូវការវាយ​តម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ តាមរយៈ​នេះ ​សម្តេចតេជោសូមអញ្ជើញឯកឧត្តម​នាយករដ្ឋមន្រ្តី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ដែលនឹងប្រារព្វធ្វើឡើងនៅ ខែឧសភា ឆ្នាំ​២០១៧ ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំចង្អៀត និងជំនួបចរចាទ្វេភាគី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះ​ហត្ថ​លេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១អនុ​ស្សា​រណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីអ្នក​ស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រ​ទេស​កម្ពុជា ទី២អនុស្សារណៈ​នៃការយោគយល់​គ្នា​ស្តីពីកិច្ច​សហប្រតិ​ បត្តិការលើវិស័យព័ត៌មាន និងការ​ផ្សាយតាមរលក​ធាតុ​អាកាស និងទី៣​លិខិត​បញ្ជាក់​បំណង (​Letter of Intent) ដើម្បីចុះហត្ថលេខា​លើ​អនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហ​ប្រតិបត្តិការ​​លើវិស័យកសិកម្មក្នុងពេលខាងមុខ។
នៅក្នុងពិធីដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តមជាប្រវតិ្តសាស្រ្តនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដា​តូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ និងសមភាគីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមានប្រសាសន៍ទៅកាន់បណ្តាអ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទិនទៅនិងលទ្ធផលនៃជំនួបចរចាទ្វេភាគី៕







No comments:

Post a Comment