Tuesday, January 19, 2016

គ្រាប់ពូជ​ដំណាំកសិកម្ម និង​សៀវភៅ​ស្តីពីកសិកម្ម ត្រូវបាន​អាជ្ញាធរជាតិអប្សរាប្រគល់​ជូនប្រជាពលរដ្ឋភូមិរុន​តាឯក (ប្រភពពី GNN)

គ្រាប់ពូជដំណាំ​កសិកម្មចំនួន៨មុខ និងសៀវភៅស្តីពី​បច្ចេកទេសកសិកម្ម​ចំនួន៦មុខ ដែលនិយាយអំពី​របៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃ​អាជ្ញាធរជាតិ​អប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់​នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
លោក ចាន់ វឌ្ឍនា ប្រធាននាយក​ដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ថ្លែងថា គ្រាប់ពូជ និងសៀវភៅទាំងនេះ ជាអំណោយដែល​ក្រុមការងារបានទាក់ទង​ស្នើសុំទៅក្រសួងកសិកម្ម ដើម្បីមកចែកជូន​ប្រជាពលរដ្ឋនៅទីនេះ សម្រាប់ជាទុន និងបង្កើនចំណេះ​ដឹងផ្នែកកសិកម្ម។ វាជាគ្រាប់ពូជដែល​អ្នកជំនាញកសិកម្មបាន​ចម្រាញ់យ៉ាងល្អ និងសមស្រប​តាមតម្រូវការទីផ្សារជាក់ស្តែង។
ចំណែកសៀវ​ភៅបច្ចេកទេសកសិកម្ម​វិញ ជាសៀវភៅ​ណែនាំខ្លីៗ មានរូបភាព និងអក្សរតិចតួចដែលអាច​ជួយជាស្មារតីដល់កសិករបាន។
អនុប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍​កសិកម្ម និងសហគមន៍ លោក ស៊ឹម ថន ក៏បានណែនាំដល់ប្រជាពលរដ្ឋអំពី​របៀបប្រើប្រាស់​ពូជ និងសៀវភៅ​នេះផងដែរ។ ជាមួយគ្នា​នេះ លោក ក៏បានលើកឡើងថា បច្ចុប្បន្នអាជ្ញា​ធរជាតិអប្សរា កំពុងអនុវត្តគោលការណ៍​អភិវឌ្ឍន៍សហគមន៍​ចំនួន១០ចំណុច មានដូចជា ការជំរុញកសិកម្ម​បែបធម្មជាតិ ការចូលរួម​គាំទ្រទាំងទុន សម្ភារៈ និងចំណេះដឹង​ផ្នែកកសិកម្ម ការលើកកម្ពស់​វិស័យសុខាភិបាល និងផ្តល់មុខរបរជូន​សហគមន៍ជាដើម។
អ្នកស្រី លឿម សុគីម ជាប្រជាពល​រដ្ឋមកពីស្រុកបាគង ដែលបានមក​រស់នៅក្នុងភូមិ​ធម្មជាតិរុនតាឯករយៈ​ពេលជាង៥ឆ្នាំមកហើយ​បញ្ជាក់ថា អ្នកស្រីរីករាយ​ណាស់ដែលបានទទួល​គ្រាប់ពូជ និងសៀវភៅ​បច្ចេទេសកសិកម្មនេះ។ អ្នកស្រីបញ្ជាក់ថា ”ខ្ញុំចង់ចិញ្ចឹមគោ និងមាន់។ ពីមុនក៏ខ្ញុំធ្លាប់ចិញ្ចឹម​មាន់ដែរ តែជួនបានផល ជួនក៏ឈឺងាប់ ព្រោះយើង​ចិញ្ចឹមតាមទម្លាប់ មិនសូវចេះ។ ឥឡូវបានក្រុម​អប្សរាមកជួយពន្យល់​ចឹងទៅ បានផលល្អ​លែងងាប់ទៀត។ ខ្ញុំឮថា ខាងអប្សរានឹងយក​មេគោមកប្រវាស់ជូន​ប្រជាជន។ ខ្ញុំនឹងសាកល្បង​ចិញ្ចឹមគោថែមទៀត។






No comments:

Post a Comment