Tuesday, January 19, 2016

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ


នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦នេះ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិត​រំលែកទុក្ខជូនចំពោះ​លោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខ ដ៏ក្រៀមក្រំជា​ទីបំផុតដែល ឯកឧត្តម នាយឧត្តម​សេនីយ៍ ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកង​យោធពលខេមរភូមិន្ទ ដែលបានទទួល​មរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។

សារលិខិតរំលែក​ទុក្ខនោះក៏បាន​បញ្ជាក់ថា ការបាត់​បង់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន គឺជា ការបាត់បង់​នូវស្វាមី បិតា ជីតា ជាទីគោរព​ស្រឡាញ់ និងជាវីរកុល​បុត្រខ្មែរដ៍ឆ្នើមមួយរូប ដែលបាន​បូជា កម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់​បែបយ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិ​មាតុភូមិ ក្នុងចលនារំដោះ ប្រទេសជាតិចាក​ផុតពីភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដើម្បីនាំ​យកនូវសន្តិភាព ស្ថេរភាព និង វិបុលភាពពិត​ប្រាកដជូនប្រជាជនកម្ពុជា។

សារលិខិតរំលែកទុក្ខ​ក៏បានបន្ថែមទៀតថា រូបឯកឧត្តម នាយឧត្តមសេនីយ៍ បាត់បង់ទៅក៏ពិតមែន ក៏ប៉ុន្តែកិត្តិ​យសគំរូវីរៈភាព ភាពអង់អាចក្លាហាន និងសេចក្តីល្អ​របស់ឯកឧត្តមស្ថិតស្ថេរជានិច្ចក្នុងដួងចិត្ត​របស់លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់​ញាតិជិតឆ្ងាយទាំងអស់។

សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ក៏ដូចជាមន្រ្តី​រាជការនៅក្នុងព្រឹទ្ធសភា​ទាំងមូល សូមចូលរួមរំលែកនូវ សេចក្តីទុក្ខ​ដ៏ក្រៀមក្រំក្តុកក្តួលអាឡោះ​អាឡ័យជាទីបំផុត​ជាមួយ លោកជំទាវ ក្រុមគ្រួសារ និងញាតិមិត្ត ទាំងអស់​នៃសព ព្រមទាំងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សា​ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន បានទៅសោយ​សុខក្នុងសុគតិ ភពជានិច្ចនិរន្តរ៍​តរៀងទៅ៕


No comments:

Post a Comment