Tuesday, January 19, 2016

កម្ពុជា នឹងមានជើងហោះហើរត្រង់ទៅតូក្យូ ជាផ្លូវការ នៅខែកញ្ញា ខាងមុខនេះ ដែលចូលរួមចំណែកក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា និងកំណើនភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា

 ក្រុមហ៊ុន ANA នឹងប្រកាសផ្លូវហោះហើរត្រង់ទីក្រុងតូក្យូ-រាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមករាខាងមុខនេះ ហើយក្រុមហ៊ុន ANA នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនូវ ជើងហោះហើរផ្ទាល់ប្រចាំថ្ងៃ ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

ការប្រកាសបានធ្វើឡើងកាលនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ ក្នុងជំនួបពិភាក្សារវាង លោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Shinya Katanozaka ប្រធាន/នាយកប្រតិបត្តិនៃក្រុមហ៊ុន ANA HOLDINGS INC នៅសណ្ឋាគារ Imperial Tokyo។

ជើងហោះហើរផ្ទាល់មកកាន់ប្រទេសកម្ពុជានេះ ជាផ្លូវហោះហើរថ្មីតែមួយគត់ ដែលក្រុមហ៊ុនគ្រោងនឹងបើកនៅឆ្នាំ ២០១៦នេះ ហើយវាក៏ជាការចូលរួមអបអរសាទរ នៅក្នុងពិធីគម្រប់ខួបទី ៣០នៃប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន ANA។

ការហោះហើរត្រង់ ជាសមិទ្ឋិផលថ្មីមួយទៀតរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដែលមានចំណងមិត្តភាពដ៏យូរអង្វែងមក ហើយជាពិសេស គឺអាចចូលរួមចំណែកក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ប្រទេសទាំងពីរ និងការលើកកម្ពស់កំណើនទេសចរណ៍ជប៉ុន មកព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនហោះហើរ ALL NIPPON AIRWAYS CO., LTD ឬហៅថា Zenniku ឬ ANA ជាក្រុមហ៊ុនហោះហើរធំជាងគេទីពីរ នៅប្រទេសជប៉ុន ដែលមានការិយាល័យកណ្តាល នៅតំបន់ Miato ទីក្រុងតូក្យូ ប្រទេសជប៉ុន៕






No comments:

Post a Comment