Tuesday, January 19, 2016

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន

នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានអនិច្ចកម្ម នៅវេលាម៉ោង ១៤:៣០ នាទីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគាពាធ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍នៅក្នុងលិខិតរំលែកទុក្ខថា មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន គឺជាការបាត់បង់ស្វាមីដ៍ឧត្តុង្គឧត្តម ជាការបាត់បង់ បិតា ជីតា ប្រកបដោយព្រហ្ម វិហារធម៌ គុណធម៌ សច្ចៈធម៌ ជាទីគោរពស្រឡាញ់។ ជាមួយគ្នានេះ មរណភាពរបស់ឯកឧត្តម ក៏ជាការបាត់បង់វីរកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីកម្មដ៏ខ្ពង់ខ្ពស់បំផុត បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងទឹកចិត្តស្នេហាជាតិដ៍ស្មោះស្ម័គ្រ ក្នុងការស្តារកសាងប្រទេសឡើងវិញរហូតមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ជាតិមាតុភូមិយើង បន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាមន្រ្តីរាជការនៅក្នុងកាកបាទក្រហមទាំងមូល សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំក្តុកក្តួលរំជួលចិត្តនេះ ជាមួយលោកជំទាវ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ញ៉ឹក ហួន បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





No comments:

Post a Comment