Tuesday, January 19, 2016

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីជូនដំណឹងដល់សាធារណជនស្តីពីការចាប់អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូន​ដំណឹងដល់ សាធារណជន ទាំងអស់ឱ្យបាន​ជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ តទៅ មន្រ្តីនគរបាល   ចរាចរណ៍ផ្លូវគោក​នឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យ​រាល់បទល្មើសទាំងអស់ដែល​មានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍​ផ្លូវគោក ក្នុងនោះរួមទាំង​ការត្រួតពិនិត្យលិខិតស្នាមដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួត​ពិនិត្យលក្ខណៈបច្ចេកទេស​យានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹក​ជញ្ជូនជាដើម។

យោងតាមសេចក្តី​ជូនដំណឹងបានឱ្យដឹងថា គណៈកម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក សូមថ្លែងអំណរគុណ និងកោត​សរសើរ ប្រកបដោយក្តីមោទន​ភាពជាទីបំផុត ចំពោះសាធារណជន និងសមត្ថកិច្ច   ទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តី​ពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ទាំងពេលធ្វើ​ចរាចណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែប​បទផ្សេងៗតាមលក្ខខណ្ឌ​ដែលច្បាប់បានតម្រូវ។ ដើម្បីដោះស្រាយ​ការលំបាកជូនប្រជា​ពលរដ្ឋ រាជរដ្ឋាភិបាលបាន​សម្រេចទទួលស្គាល់ការកាន់កាប់ ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែល​ប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឱ្យ​មានការបញ្ជាក់ពីម្ចាស់ ដើម​ឡើយ។

យោងតាមសេចក្តីជូន​ដំណឹងនេះផងដែរក៏បាន សំណូមពរដល់សា​ធារណជន មេត្តារូតរះទៅបំពេញបែប បទផ្សេងៗ នៅមន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានី ខេត្ត ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាម លក្ខខណ្ឌ​ដែលច្បាប់កំណត់ ជាពិសេសការចុះ​បញ្ជីយានយន្ត និងការធ្វើលិខិតអនុញ្ញាត​ធ្វើអាជីវកម្មដឹក ជញ្ជូន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវ​ដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តា បង្កលក្ខណៈងាយ​ស្រួលគ្រប់បែបយ៉ាងក្នុងការផ្តល់សេវាជូន​សាធារណជនឱ្យបានល្អប្រសើរ។

សេចក្តីជូនដំណឹង​ក៏បានបញ្ជាក់បន្ថែមទៀតថា ទីតាំងត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានយន្តមាននៅ រាជធានីភ្នំពេញ (អគ្គនាយកដ្ឋានដឹកជញ្ជូន និងចំការដូង) នៅមន្ទីរ​សាធារណការនិងដឹក​ជញ្ជូននៃបណ្តា ខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរ​ការពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦តទៅ៕


No comments:

Post a Comment