Tuesday, January 19, 2016

ឯកឧត្តម​បណ្ឌិត ប៉ែន បញ្ញា ដឹកនាំកិច្ច​ប្រជុំត្រៀម​សម្រាប់ការរៀបចំ​មហាសន្និបាត​សភាតំបន់អាស៊ី​(APA)លើកទី៩ ដែល​សភាកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ

នៅរសៀលថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៦ នៅវិមាន​រដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈ​កម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួប​ប្រជុំជាមួយ ឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិ​ការរដ្ឋសភា ព្រមទាំងមន្រ្តីពាក់​ព័ន្ធមួយចំនួន ដើម្បីពិភាក្សា​អំពីការងារ​ត្រៀមរៀបចំមហា​សន្និបាតសភាតំបន់​អាស៊ី APA លើកទី៩ ដែលនឹងរៀប​ចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា នាចុងឆ្នាំ​២០១៦ខាងមុខ។

ក្នុងកិច្ច​ប្រជុំនាពេលនេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានផ្តោតការ​ពិភាក្សាទៅ​លើការងារ ពាក់ព័ន្ធទៅ​នឹងខ្លឹមសារ និងនីតិវិធីដំណើរការ​នៃមហាសន្និបាត​ទាំងមូល ព្រមទាំងដំណើរការការងារAPA។ ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីរៀបចំមហាសន្និបាត APA លើកទី៩នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបង្កើតជាក្រុម​ការងារទទួលបន្ទុកកិច្ចការ​ផ្សេងៗគ្នា ដើម្បីចាត់ចែងរៀបចំការងារនៅ​មុនពេលមហាសន្និបាត រហូតដល់ពេលដំណើរ​ការមហាសន្និបាត និងពេលបិទ​មហាសន្និបាត គឺដូចកាលពី​មហាសន្និបាត APA លើកទី៨   ដែលមានដូចជា ក្រុមការងារ ផ្នែកហិរញ្ញ​វត្ថុនិងផ្គត់ផ្គង់  ផ្នែកឯកសារ​និងខ្លឹមសារ ផ្នែកដឹកជញ្ជូន ផ្នែកសន្តិសុខ ផ្នែកពិធីការ និងផ្នែក​ព័ត៌មាននិងICT។

ឆ្លៀតក្នុងឱកាសនោះ​ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះការយក​ចិត្តទុកដាក់របស់ថ្នាក់​ដឹកនាំ ព្រមទាំងមន្រ្តី គ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច ក្នុងខណៈដែលសភាកម្ពុជា ធើ្វជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត មហាសន្និបាត (APA) សភា តំបន់អាស៊ីលើកទី៨ កាលពីចុងឆ្នាំ២០១៥កន្លងមកនេះទទួលបានជោគជ័យដ៏ប្រសើរ ដែលនេះជាមោទនភាព​របស់កម្ពុជាលើឆាក​អន្តរជាតិ។

សូមបញ្ជាក់ថា មហាសន្និបាត​សភាតំបន់អាស៊ី(APA) លើកទី៨ និងលើកទី៩ គឺសភាកម្ពុជា ជាប្រទេសម្ចាស់ផ្ទះរៀបចំ​មហាសន្និបាតទាំងពីរ​លើកនេះ ហើយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភានៃព្រះ​រាជាណាចក្រកម្ពុជា ក៏ជាប្រធាន​សភាតំបន់អាស៊ី (APA) នេះផងដែរ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ គឺឆ្នាំ២០១៥​និងឆ្នាំ២០១៦៕





No comments:

Post a Comment