Monday, March 16, 2015

ឯកឧត្តម ស៊ិនហ្សូ អាបេ នាយក​រដ្ឋ​មន្រ្តីជប៉ុន រៀបចំ​ពិធីទទួល​អាហារ​ការងារ ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​កម្ពុជា​

នៅវេលាថ្ងៃត្រង់ថ្ងៃទី១៥មីនា ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យ​អញ្ជើញ​ចូល​រួម សន្និសីទ​ពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះ​មហន្តរាយ នៅ​ទីក្រុងសេនដាយ ប្រទេសជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន រៀបចំពិធីទទួលអាហារការងារ​ថ្ងៃត្រង់ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន​សម្តេច​​​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ និង​​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍ ថ្លែងនូវអំណរ​គុណ​ជូន​ចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួម​សន្និសីទពិភព​លោក​​លើកទី៣ ស្តីពីការ​កាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុង​សេន​​ដាយ ប្រទេសជប៉ុន ដែល​បានធ្វើឲ្យសន្និសីទនេះ​ ទទួលបានជោគជ័យ​ដ៏​ត្រចះ​​​ត្រចង់បំផុត។ ឯកឧត្តម​នាយករដ្ឋមន្រ្តី​មានប្រសសាសន៍​បន្តថា ដោយសារ​ឆ្នាំ​២០១៥នេះ គឺជាខួប៦០ឆ្នាំនៃការចុះហត្ថលេខា​លើកិច្ច​សហប្រតិបត្តិការ​មិត្ត​ភា​ព នៃ​ប្រទេសទាំងពីរកម្ពុជា ជប៉ុន គឺពិតជាមានកត្តា​សំខាន់ខ្លាំង​ណាស់​​នៅក្នុង​ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍ឯកភាពចំពោះការលើក​ឡើង​របស់ឯក​ឧត្តម​នាយករដ្ឋមន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ ចំពោះទំនាក់ទំនងដ៏ស្អិត​រមួតនៃ​ប្រទេស​ទាំងពីរនៅ​ក្នុងរយៈ​ពេល៦០ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខា​មក​នោះ​។
សម្តេចក៏បានចាត់ទុកថានេះគឺជាឱកាសដ៏ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែឈានដល់ចំណុចកំពូលថ្មីទៀត។
សម្តេចតេជោមានប្រសាសន៍ បន្តថា នៅថ្ងៃទី៦ខែមេសាខាងមុខនេះ ដោយបាន​ការ​ឯកភាព​ពីភាគីជប៉ុន កម្ពុជានឹងសម្ភោធដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការស្ពាន​អ្នក​លឿ​ង ដែលត្រូវបាន​ប្រសិទ្ធនាមថាស្ពានស៊ូបាសា ជាចំណងដៃដ៏ពិសិដ្ឋ​របស់រដ្ឋា​ភិបាល និងប្រជាជនជប៉ុន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់នៅមុន​ពិធី​បុណ្យចូលឆ្នាំខ្មែរចូលមកដល់ ដែលនោះ​គឺជាតំណាងជាក់ស្តែងនៃ​ចំណងមិត្ត​ភាព កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អនៃ​ប្រ​ទេស​ទាំងពីរ។
ឯកឧត្តម ស៊ិនហ្សូ អាបេ មានប្រសាសន៍ស្វាគមន៍ចំពោះ​ការដាក់ឲ្យប្រើ​ប្រាស់ជា​ផ្លូវការ នូវស្ពានអ្នកលឿង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ដែល​បាន​ដាក់រូបសញ្ញាស្ពាន គីហ្សូណា និងស្ពានអ្នកលឿង​ហៅស្ពាន​ស៊ូបាសា ទៅក្នុងក្រដាក់​ប្រាក់៥០០រៀល ដែលជារូបិយបណ្ណថ្មី របស់កម្ពុជា។ ឯកឧត្តម​ក៏បានបញ្ជាក់ដែរថា ឯកឧត្តមទទួលក្រដាស់ប្រាក់នោះរួចហើយ ពី​ឯកឧត្តមអនុរដ្ឋ មន្រ្តីការបរទេសរបស់គាត់ ដែលរូបសម្តេចបានផ្ញើរ​មកជូន​រូបឯកឧត្តម។
ឯកឧត្តមមានប្រសាសន៍បន្តថា ជប៉ុននឹងបន្តរួមចំណែកដល់ការពង្រឹងការ​តភ្ជាប់​នោះ ពិសេស​​ការតភ្ជាប់រវាងកម្ពុជាជាមួយនិងប្រទេសជិត​ខាងក្នុងតំបន់​អាស៊ាន​៕ 

No comments:

Post a Comment