Monday, March 16, 2015

សុន្ទរកថា​​ស្វាគមន៍​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុង​ឱកាស​បើក​ពិធី​បុណ្យទន្លេ នៅ​ខេត្តក្រចេះ ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១៥

សូមគោរព
-          ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវ អានី សុខអាន ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-          ឯកឧត្តម អ៊ឹម ឈុនលីម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិចុះ​ជួយខេត្ត​ក្រចេះ និងខេត្មណ្ឌលគីរី
-         ឯកឧត្តម ស ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ
-         ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
-         ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី!
ជាបឋម តាងនាមឲ្យ​ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ និង​ក្នុង​នាម​ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូម​គោរពសំដែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧប​​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការ គណៈរដ្ឋ មន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យទន្លេ ដែលបាននិងកំពុងរៀបចំ​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី ១៣-១៥ខែមីនា ឆ្នាំ២០១ នៅលើទឹកដី​ ​ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ទាក់ទាញនៅភូមិភាគឦសានរបស់កម្ពុជា។
          ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត​ ឯកអគ្គរដ្ឋ ទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ផ្នែកឯកជន និងបង ប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករក្នុងពិធីនេះ ប្រកបដោយ​សេចក្តីសប្បាយរីករាយ។
-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី  និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!
ពិធីបុណ្យ​ទន្លេត្រូវបានកំណត់ដោយ​អនុក្រឹត្យ​លេខ​​​​២៦៥ អនក្រ.បក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៤ ក្នុង ​គោល​បំណង​បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ​ ពិសេស​ដើម្បី​រួម​​ចំណែក​ដល់ការជំរុញ និង​អភិវឌ្ឍតំបន់​តាមដងទន្លេ​កម្ពុជា ឲ្យ​ក្លាយ​ជា​ប៉ូល​ទេសចរណ៍ដ៏ទាក់ទាញ​ស្របតាម​យុទ្ធសាស្ត្រ​ពិពិធកម្ម​ផលិតផល ​ទេសចរណ៍​​របស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ានឆ្នាំ ២០១១‑២០១៥ និងឆ្ពោះទៅផែនការក្រោយឆ្នាំ២០១៥ (Post-ATSP 2016-2020) ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងមេគង្គ- ជប៉ុន។
លើសពី​នេះទៀត ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តជាប់ដងទន្លេ ហើយ​ពិធីបុណ្យទន្លេនេះ មិនត្រឹម​តែ​ចូលរួម​ចំណែក​ក្នុង​ការ​​ផ្សព្វផ្សាយ​ពី​​សក្តានុពលទេសចរណ៍​ នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួម​ចំណែក​​យ៉ាងសំខាន់​​ដល់​​ការ​គាំទ្រ​នយោបាយរ​​ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្ពុជា​ប្រកបដោយនិរន្តរភាព និង​ការ​ទទួល​ខុសត្រូវ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរលើ​ការ​ប្តេជ្ញាចិត្តរួមមួយ​ច្បាស់​​លាស់​ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោ-ជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្គម និង​វប្បធម៌​។ ព្រមជាមួយ​នេះ ពិធីបុណ្យទន្លេ គឺជាឱកាសដ៏ប្រសើរដើម្បី​ជំរុញ​ឲ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនាប្រប្រណាំង "ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ​​ បដិសណ្ឋារកិច្ចល្អ" តាមរយៈ​ការ​លើកកម្ពស់គុណភាពសេវាកម្ម​ទេសចរណ៍ ជំរុញ​​ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ​ការយល់ដឹង​ជាសាធារណៈ​ដល់​​ប្រជា​ពលរដ្ឋអំពី​សារៈប្រយោជន៍​នៃ​ ធនធានតាមដងទន្លេទាំងអស់​ និងអំពីទស្សនាទាន “ស្អាត និងបៃតង”។ ជាក់ស្តែង​​ ក្នុងពិធី​បុណ្យទន្លេ​លើកទី១នេះ ក្រសួង​ទេសចរណ៍បានជ្រើសរើស និងផ្តល់​នូវអាជីវកម្មល្អ​ និងបុគ្គល​គំរូនៅខេត្តជាប់ទន្លេ សរុប​ចំនួន ទីតាំង ក្នុងនោះ ៣១ មូលដ្ឋានអាជីវកម្ម,            រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍ផលិតវត្ថុអនុស្សាវរីយ៍ និងបុគ្គលគំរូ ចំនួន ៣រូប
-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!
          នៅក្នុងពិធីបុណ្យទន្លេលើកទី១ គណៈកម្មការអន្តរក្រសួង បានរៀបចំឲ្យមានជា​សកម្មភាពសំខាន់ៗមួយ​ចំនួន ដូច​ខាងក្រោមៈ
១- ពិធីថ្វាយសក្ការៈ ដែលបានរៀបចំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
២- សកម្មភាពកីឡា ដែលមានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ ចំបាប់លើឆ្នេរខ្សាច់ ជិះកង់​ រត់ប្រណាំង ការប្រណាំងម៉ូតូទឹក ការប្រណាំងទូកប្រពៃណី ប្រដាល់គុន​បុរាណខ្មែរ ឆ័ត្រយោងពីលើអាកាស…។
៣- មហោស្រពម្ហូបអាហារ ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍សមិទ្ធផលផលិតផល កសិទេសចរណ៍ និងផលិតផលខ្មែរ ក្រោមកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
៤- ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរជាដើម​។
៥- ការរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ”ទេសចរម្នាក់ ដើមឈើមួយដើម” ”គូរស្រករ​មួយគូរ ដើមឈើ២ដើម”នៅសហគមន៍កោះទ្រង់ជាដើម។
          ប្រការគួរកត់សំគាល់ និងជាទីមោទនៈសំរាប់ពិធីបុណ្យទន្លេលើកទី១ គឺមានការចូលរួមជាច្រើនពីផ្នែក​ឯកជន សាធារណជន និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសកិច្ចសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលមានលោកឧកញ៉ា តែ តាំងប៉ ជាប្រធាន ដែលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏មានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
          ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរចំពោះឯកឧត្តម សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងសហការីដែល បាន​ខិតខំប្រឹងប្រែងសហការជាមួយក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ធ្វើការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តសំខាន់ៗនៅខេត្តក្រចេះបានល្អប្រសើរ ព្រមទាំងបំផុសចលនាប្រជាជន និងយុវជនឲ្យចូលរួមយ៉ាងសកម្ម និង​ផុលផុសក្នុងការថែរក្សា ការពារបរិស្ថាន អនាម័យ សំរាម និងសណ្តាប់ធ្នាប់នៅតាមទី​សាធារណៈ ទីក្រុង និង តាមដងទន្លេខេត្តក្រចេះ  ដែលធ្វើឲ្យខេត្តក្រចេះប្រែមុខមាត់ថ្មី និងសក្តិសមជាគោលដៅទេសចរណ៍សំរាក​លំហែ​កំសាន្តប្រកបដោយភាពទាក់ទាញ​ និងស្រស់បំព្រង។
-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!
          ពិធីបុណ្យទន្លេលើកទី១ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍” ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ថាការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗតាមដងទន្លេ បានកំពុងក្លាយជាកាតាលីករជំរុញការអភិវឌ្ឍនៅ​តាមសហគមន៍ ដោយបង្កើតឱកាស​ការងារ  បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ចូលរួម​ដល់​​ការកាត់បន្ថយភាពក្រីក្រ ពិសេសចូលរួមដល់ការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ដែល​ជា​​បញ្ហា​ប្រឈម​ជា​សាកល។
          ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ជាប់ដងទន្លេ បានរួមចំណែកបង្កើតឧត្តម​ភាពប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍ​វិស័យទេសចរណ៍នៅកម្ពុជា។ សក្តា នុពលទាំង​នេះបានធ្វើឲ្យកម្ពុជា​ កំពុងទទួលស្វាគមន៍កំណើន​នៃ​ការ​​​មកដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែង​នៅឆ្នាំ២០១កន្លងទៅ ចំនួន​ទេសចរអន្តរជាតិដែលមក​ទស្សនាកម្ពុជាមានចំនួន ៤.៥០២.៧៧៥នាក់ កើនឡើង %​ ធៀបនឹងឆ្នាំ២០១៣។ តាមព្យាករណ៍​ នៅឆ្នាំ២០១៥ ​កម្ពុជាអាច​​នឹង​ទទួល​បានទេសចរអន្តរជាតិប្រមាណ លាននាក់ និងប្រមាណ ៧,៥ លាននាក់ ​នៅឆ្នាំ​២០២០ ។ ការ​រីកចម្រើន​នៃវិស័យ​ទេសចរណ៍ គឺពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ និងលើកកំពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋពិសេសចូលរួមដល់​ការសម្រេច​នូវ​ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបីរបស់​​រាជរដ្ឋាភិបាលអាណត្តិទី៥ ដើម្បី “កំណើន ការងារ ប្រសិទ្ធភាពនិងសមធម៌”
-       ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
-       ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី!
ឆ្លៀត​ឱកាស​ដ៏វិសេសវិសាល​នេះ ខ្ញុំសូម​អនុញ្ញាតថ្លែងអំណរ​គុណដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេច​តេជោនាយក​-រដ្ឋមន្ត្រី ដែលបាន​អនុញ្ញាត និង​គាំទ្រ​ដល់​ការ​រៀបចំ​ពិធីបុណ្យ​ទន្លេនេះ ដែលនឹង​ក្លាយជាព្រឹត្តិការណ៍​ទេសចរណ៍ដ៏​សំខាន់ និង​ទាក់​ទាញ​​នៅតំបន់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា​ ហើយ​ខ្ញុំក៏សូម​អរគុណ​ចំពោះ​ការអញ្ជើញ​ចូលរួម​ទស្ស​នា​យ៉ាង​កុះករ ប្រកប​ដោយ​បរិយាកាស​សប្បាយរីករាយ​ពីសំណាក់បងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេស​សូម​​អរគុណ​ចំពោះគណៈ​កម្មការអន្តរក្រសួង​រៀបចំ​បុណ្យទន្លេ​ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង ​រដ្ឋ និងឯកជន កីឡាករ-​កីឡាការិនី សិល្បករ-សិល្បការិនី និងក្រុមហ៊ុន​ Sponsor នានា ដែល​បានចូលរួម​យ៉ាង​សកម្មក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ រួមចំណែក​ធ្វើឲ្យ​ខេត្ត​ក្រចេះរីកមុខមាត់ថ្មី និងបន្តភាពទាក់ទាញ​របស់ខ្លួន​នាពេលអនា​គត ទាំងលើផ្នែក​សេដ្ឋកិច្ច-សង្គម វិនិយោគ និង​ទេសចរណ៍។
ខ្ញុំ​ក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធ​ ផ្សព្វផ្សាយ​ទូរទស្សន៍​ វិទ្យុ បណ្តាញសារព័ត៌មាន​ និងអ្នកនិពន្ធ និងសិល្បៈករ‑ការិនីទាំងអស់ដែលតែងតែ​បាន​ចូលរួម​យ៉ាងសកម្មក្នុង​ ការផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា​ ពិសេសសក្តានុពល​ទេសចរណ៍​តំបន់​អេកូទេសចរណ៍ភូមិភាគឦសាន តាមរយៈ​​ការផ្សព្វផ្សាយអំពី​​សក្តានុពល​ទេសចរណ៍​ដ៏ទាក់ទាញ ការតាក់តែង និងនិពន្ធបទចំរៀងទេសចរណ៍ ស្ប៉តអប់រំ​នានា ។
មុននឹងបញ្ចប់ ខ្ញុំសូម​អនុញ្ញាតគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សូមជួបប្រទះ តែ​ពុទ្ធពរ ទាំង​៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

No comments:

Post a Comment