Monday, March 16, 2015

សម្តេច​​តេជោ ហ៊ុន សែន ចូល​​ជួប​​សន្ទនា​​ជា​មួយ​ ឯកឧត្តម​ បាន​ គីមូន​ ជជែក​​រឿង​​សាលាក្តី​​ខ្មែរក្រហម​ និង​​ច្បាប់​​ស្តី​ពី​ ការ​គ្រប់​​គ្រង​គ្រោះ​ម​ហន្ត​រាយ​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឯកឧត្តម បាន គីមូន អគ្គលេខា​ធិការ​អង្គការ​​សហ​ប្រជា​ជាតិ ក្នុង​ខណៈសម្តេចអញ្ជើញចូលរួមសន្និ​សីទពិភព​លោក​លើក​ទី៣ ស្តីពី ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុង​សេន​ដាយ ប្រទេស​ជប៉ុន នៅរសៀល​ថ្ងៃទី១៤មីនា ឆ្នាំ​២០១៥
ក្នុងជំនួបពិភាក្សាគ្នានេះ ឯកឧត្តម បាន គីមូន មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួម សន្និសីទពិភព​លោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ នៅទីក្រុង​សេនដាយប្រទេសជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍សំដែង​នូវការវាយតម្លៃ​ខ្ពស់​និងកោតសរសើរជូនចំពោះ សម្តេតេជោ នាយករដ្ឋមន្រ្តីដែលបានជំរុញ​ឲ្យមានវប្បធម៌​សន្ទនា​នយោបាយ ជាពិសេសជាមួយនិងគណបក្សប្រឆាំងនៅ កម្ពុជា ព្រមទាំងបានវាយ​តម្លៃ​ខ្ពស់​ចំពោះការរីកចំរើនទាំងនយោបាយ និង​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសការ​សម្រេច​បាន​នូវ​លទ្ធផល​ជាផ្លែផ្កានៃការអនុវត្តសេចក្តីប្រកាស សហសវត្ស៍ ន៍របស់​អង្គការសហ​ប្រជា​ជាតិ លើចំណុចអាទិភាពទាំង៩របស់ខ្លួន។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងឯកឧត្តម បាន គីមូន បាន​ពិភាក្សា​​យ៉ាងយកចិត្តទុកដាក់ ចំពោះសាលាក្តីកាត់​ទោសមេដឹកនាំខ្មែរ​ក្រហម ក្នុងនោះ​ឯកឧត្តម​អគ្គលេខា​ធិការអង្គការសហប្រជាជាតិ បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះ ការ​ចូល​រួមវិភាគទានរបស់រាជរដ្ឋាភិ​បាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយផ្តល់នូវ​ថវិកាដល់ការ​បើក​​ប្រាក់បៀវត្សរ៍ ដល់បុគ្គលិកជាតិរបស់កម្ពុជា ហើយខាងផ្នែកអន្តរជាតិ​ជាបន្ទុករបស់​អង្គការ​​សហប្រជាជាតិ ក្នុងការស្វែងរកថវិកាដោយផ្ទាល់ ដើម្បីឲ្យមាននិរន្តរភាពទៅ​មុខជា​បន្ត​បន្ទាប់។
ពាក់ព័ន្ធនឹងការប្រារព្វ​ខួប​៧០ឆ្នាំរបស់អង្គការ​សហប្រជាជាតិ ដែលនឹងប្រារព្ធ​ធ្វើឡើងនៅ​ខែ​កញ្ញា​ឆ្នាំ២០១៥ ឯកឧត្តម បាន គីមូន បាន​គោរពអញ្ជើញសម្តេចតេជោចូល​រួម ក្នុងកិច្ចប្រជុំ​កំពូលរំលឹកខួបនោះ ព្រោះគឺជាកិច្ចប្រជុំកំពូលដ៏មាន​សារសំខាន់ ក្នុងការពិភាក្សាសម្រាប់​បណ្តា​ប្រទេសទាំងអស់ក្នុងពិភពលោក ដែលពាក់ព័ន្ធទៅនឹងដំណាក់​កាល​ក្រោយឆ្នាំ២០១៥ ដែលជា​សេចក្តីប្រកាសសហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។ ជាការឆ្លើយ​តប​សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ពេលវេលានោះសម្តេចមានការជាប់រវល់និងកិច្ចការ​ជា​ច្រើននៅក្នុងប្រទេស តាមរយៈនេះ សម្តេចនិងចាត់តាំងឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញ​ទៅចូលរួមកិច្ចប្រជុំនោះ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​មានប្រសាសន៍ជំរាបជូន ឯក​ឧត្ត​មអគ្គ​លេខាធិការអង្គការសហប្រជាជាតិដែរថា ដោយសារតែបញ្ហាគ្រោះ​មហន្តរាយ​គឺ​ជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់បំផុតនោះ កម្ពុជា​បាន​រៀបចំតាក់តែងច្បាប់ ​ស្តីពី ការគ្រប់​គ្រងគ្រោះ​មហន្តរាយ ហើយដែលច្បាប់​នោះមកដល់ពេលនេះ កំពុងតែស្ថិតនៅក្នុងដៃសភា។
សម្តេច​តេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍បន្តថា នៅពេលដែលច្បាប់នោះ​ដាក់ឲ្យអនុវត្តន៍​កម្ពុជា​នឹង​មានភាពប្រាកដនិយម ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា៕

No comments:

Post a Comment