Monday, March 16, 2015

រដ្ឋសភា នឹងបើកកិច្ចប្រជុំជជែកដេញដោល លើសេចក្តីស្នើច្បាប់បោះឆ្នោត និងច្បាប់គជប នៅថ្ងៃ១៩មីនា ខាងមុខនេះ

បើតាម​សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន ​ជម្រាប​ជូន​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន ​ស៊ិនហ្ស៊ូ ​អាបេ ​ក្នុងកិច្ច​ប្រជុំ ​នៅប្រទេស​ជប៉ុន ​កាល​ពីថ្ងៃទី​១៥​ មីនា ​កន្លងទៅ ​សម្តេច​បានមាន​ប្រសាសន៍​ ប្រាប់​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ថា ​នៅថ្ងៃទី​១៩​មីនា​ខាងមុខ​ នឹង​មានការ​ជជែក​ដេញដោល​គ្នា​ក្នុងសភា​ លើ​សេចក្តី​ព្រាង​សេចក្តី​ស្នើច្បាប់​បោះឆ្នោត​ និង​ច្បាប់​គជប​។
គួរ​បញ្ជាក់​ថា​ ការ​លើក​ឡើង​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​នៅពេល​ដែល​សម្តេច​ កំពុង​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​ជប៉ុន​ និង​ចូលរួម​សន្និសីទ​ពិភព​លោក​លើកទី៣​ ស្តីពី​ការកាត់​បន្ថយ​ហានិ​ភ័យ​នៃគ្រោះ​មហន្តរាយ​។
តាម​សេចក្តី​រាយការណ៍​ពី​ ប្រទេស​ជប៉ុន​ បង្ហាញ​ថា​ ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​ហ៊ុន​សែន​ និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ជប៉ុន​ ស៊ិន​ហ្ស៊ូ ​អាបេ ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​មាន​ប្រសាសន៍​សំដែង​នូវ​ការរីករាយ​ចំពោះ​ការ​កែទម្រង់​នានា ​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​ការ​កែទម្រង់​លើការ​បោះឆ្នោត​ ដែល​គឺ​ផ្តើមចេញ​ពីការ​ដឹកនាំ​ប្រកប​ដោយកិត្តិ​បណ្ឌិត​របស់​សម្តេចតេជោ​ នាយករដ្ឋមន្ត្រី។
ទាក់ទិន​ទៅនឹងការ​កែទម្រង់​ការបោះ​ឆ្នោតនោះ​ លោកនាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​មាន​ជំនឿយ៉ាង​មុតមាំថា ​គណបក្ស​ទាំងពីរ​ នឹង​បន្ត​ការចរចារ​គ្នា ​ដើម្បី​ឈាន​ទៅសំរេចទាំងស្រុង ​នៅ​ពេលឆាប់ៗ​ខាងមុខ​ ហើយជប៉ុន​ នឹងជួយ​ដល់កម្ពុជា ​តាមរយៈ​ការបញ្ជូន​អ្នកឯក​ទេសរបស់ខ្លួន​ ក្នុងការជួយ​ដល់គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត។
ជាការ​ឆ្លើយតប​ សម្តេចតេជោ​ មានប្រសាសន៍​ថា​ មក​ដល់​ពេលនេះ ​គណបក្ស​ទាំងពីរ ​បានធ្វើ​ការរួមគ្នា ​ដើម្បី​ឈានទៅ​សំរេច​ ក្នុងពេល​ដ៏ខ្លីខាងមុខ​ ពោល​គឺនៅថ្ងៃទី​១៩​មីនាខាងមុខ​ នឹងមាន​ការជជែក​ដេញ​ដោល​គ្នាក្នុងរដ្ឋសភា​អំពីច្បាប់​បោះឆ្នោត​ថ្មី។
សម្តេច​នាយករដ្ឋមន្ត្រី ​បានបន្ត​ទៀតថា​ អ្វីៗ​កំពុងដំណើរ​ការ​ទៅមុខ ​ហើយនៅ​ពេលដែល​ច្បាប់បោះ​ឆ្នោតថ្មី​ដំណើរ​ការហើយ​នោះ​ ជប៉ុន​អាចបញ្ជូន​អ្នកឯកទេស​បោះឆ្នោត​មកកម្ពុជា​ បញ្ហា​សំខាន់ ​គឺការជួយ​រៀប​ចំបញ្ជីបោះ​ឆ្នោត​ដល់កម្ពុជា​ ដោយសារ​នៅ​ឆ្នាំ២០១៧ កម្ពុជា​មាន​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ និង​នៅឆ្នាំ២០១៨ ​ការបោះឆ្នោត​សកល​ជ្រើស​តាំង​តំណាង​រាស្ត្រ៕

អត្ថបទ៖ ច័ន្ទ ទេវី


No comments:

Post a Comment