Monday, March 16, 2015

សុន្ទរកថា​ស្វាគមន៍ ​របស់ ឯកឧត្តម​​អភិបាល​ខេត្ត​ក្រចេះ ក្នុង​ឧិកាស​ពិធី​បើក​បុណ្យ​ទន្លេ ថៃ្ងទី១៤ ខែមីនា ឆ្នាំ២០១៥

សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ  គណៈរដ្ឋមន្ត្រី  និងលោកជំទាវ  តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន..... ជាទី គោរពដ៍ខ្ពង់ខ្ពស់ !
សូមគោរព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់
សូមគោរព   ឯកឧត្តម លាកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា   រាជរដ្ឋាភិបាល ឯកឧត្តម លាក
 ជំទាវឯកអគ្គរាជទូត  រដ្ឋទូត  អ្នកឧញ៉ា លោកឧកញ៉ា   លោក   លោកស្រី    ភ្ញៀវកិត្តិយសជាតិ
អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ .......ជាទីគោរព !

ថ្ងៃនេះ ជាថ្ងៃប្រកបដោយមហានក្ខត្តឭក្សអធិកអធម  និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលខេត្តក្រចេះ​មានកិត្តិយស​ដ៍ឧត្តុង​ឧត្តម​បាន​ទទួល​ធ្វើជាម្ចា​ស់​ ផ្ទះរៀបចំពិធីធ្វើបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តក្រចេះនិយាយដោយឡែក និយាយរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់   កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ​  និង
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរយ៉ាង ក្លៀវក្លា និងសូម​ស្វាគមន៍ប្រកប​ដោយក្តីរំភើប​ឥតឧបមា​ដោយសេចក្តី​គោរពចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ  កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានឆ្លៀតឱកាសដ៍មានតម្លៃ អញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់នាពេលនេះ។ យើងខ្ញុំក៍សូមថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី បងប្អូនអាជីវករ សិប្បករ សេវាករ និងប្រជាពលរដ្ឋទាំងអស់​ ដែលបានអញ្ជើញចូលរួមក្នុងអង្គពីធីដ៍អធិកអធមនេះ។
          យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេនេះឡើង និងបានជ្រើសរើសយកខេត្តក្រចេះយើងខ្ញុំធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ យើងខ្ញុំចាត់ទុកព្រឹត្តិការណ៍ដ៍មានសារៈសំខាន់នេះពិតជានាំមកនូវកិត្តិយស និងកិច្ចអភិវឌ្ឍថ្មីៗបន្ថែមទៀតសម្រាប់ខេត្តក្រចេះយើងខ្ញុំ ក៍ដូចព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ឆ្លៀតក្នុងឱកាសដ៍ថ្លៃថ្លានេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនដោយសង្ខេបពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តក្រចេះមានដូចតទៅ៖ ខេត្តក្រចេះស្ថិតនៅប៉ែកឥសាន្តនៃប្រទេស មានផ្ទៃដីធម្មជាតិ១១.០៩៤គីឡូម៉ែត្រការ៉េ ចែកចេញជាពីរតំបន់សំខាន់ៗគឺ ប៉ែកខាងជើង និងខាងកើតជាតំបន់ខ្ពង់រាប មានព្រៃឈើ និងស្មៅច្រើនប្រភេទ ជាប្រភេទដីក្រហមអំណោយផលដល់ការចិញ្ចឹមសត្វគោ ក្របី និងដាំដំណាំកសិ-ឧស្សាហកម្ម។ ប៉ែកខាងត្បូង និងខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេមេគង្គសំបូរដោយបឹង អូរ ព្រែក ដីល្បាប់មានជីរជាតិ អំណោយផលដល់ការចិញ្ចឹមត្រី និងដាំដំណាំស្បៀង ជាពិសេសតំបន់ដីសើមសំបូរជម្រកសម្រាប់មច្ឆាជាតិចំរុះពងកូន និងបន្តពូជ និងមានសត្វផ្សោតទន្លេមេគង្គដែលជាសត្វធម្មជាតិដ៍កម្រ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលមកកំសាន្តខេត្តក្រចេះកើនឡើងជារៀងរាល់ឆ្នាំ។ ខេត្តក្រចេះចែកចេញជា ៥ស្រុក ក្រុង១ មាន៥សង្កាត់ និង៤១ឃុំ និងមាន២៥៣ភូមិ មានប្រជាពលរដ្ឋសរុប ៨៨.០៥៧ គ្រួសារ មនុស្ស ៣៨៤.៧២៥ នាក់ ប្រជាពលរដ្ឋប្រមាណ ៨២% ជាកសិករ ដង់ស៊ីតេ ៣២នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ខេត្តក្រចេះមាន ៧ជនជាតិដើមភាគតិចរស់នៅ​មាន៖ ភ្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល នៅក្នុងភូមិ  សាស្ត្រស្រុកសំបូរ ស្រុកចិត្តបុរី និងស្រុកស្នួល។
 ផ្អែកលើមូលដ្ឋានសក្តានុពលខាងលើនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល បាននឹងកំពុងខិតខំអនុវត្តការងារយ៉ាងសកម្មដើម្បីសម្រេចឲ្យ បានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ និងប្រកបដោយភាពប្រាកដនិយម ធានាបាននូវសុខសន្តិភាព សុវត្ថភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យមានជាអាទិ៍ វិស័យកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំបរិមាណផលស្រូវមានកំណើនជាលំដាប់ ធានាការផ្គត់ផ្គង់ស្បៀងក្នុងខេត្តបានគ្រប់គ្រាន់ និងសល់ស្រូវជាង ៥ម៉ឺនតោន ជារៀងរាល់ឆ្នាំសម្រាប់នាំចេញ។ ខេត្តក្រចេះមានក្រុមហ៊ុនចំនួន៥៣ ដែលបានកំពុងធ្វើការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មលើផ្ទៃដីសរុប ២៩១.១៨៧ហិកតា ដោយដំណើរការដាំដុះកៅស៊ូបានជាង     ៧ម៉ឺនហិកតា និងដាំដំឡូងមី ស្វាយចន្ទីរ អំពៅ ម្រេច ជាច្រើនហិកតាថែមទៀត។ ក្រៅពីនេះនៅមានកៅស៊ូ ដំឡូងមី ស្វាយចន្ទីរ ម្រេច របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសាររាប់ម៉ឺនហិកតា ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពធូរធា។ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមានការរីកចំរើងយ៉ាងឆាប់រហ័ស ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទត្រូវបានកសាងជួសជុលកែលំអរ ធ្វើឲ្យខេត្តក្រចេះកំពុងបំពេញ    តួនាទីយ៉ាងសំខាន់តភ្ចាប់ខេត្តនៅភូមិភាគឥសាន្តទៅកាន់រាជធានីភ្នំពញ។ ទំនប់ ប្រឡាយជាច្រើនកន្លែងត្រូវបានកសាង ជួសជុលដាក់ឲ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតំរូវការវិស័យកសិកម្ម។  វិស័យ ទេសចរណ៍ក៍មានការរីកចំរើនគួរជាទីមោទនៈ បច្ចុប្បន្នខេត្តមានរមណីយដ្ឋាទេសចរណ៍១៦កន្លែងកំពុង ត្រូវបានយកចិត្តទុកដាក់កែលំអរសោភ័ណភាព   និងរៀបចំសហគមថែទាំការពារឲ្យបានល្អប្រសើរ។ ជាមួយេនះ ខេត្តបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាព ដោយបានយកចិត្តទុកដាក់បំពេញតាមសូចនាករ និងលក្ខណៈវិនិច្ឆ័យ និងខិតខំអនុវត្តគោលនយោបាយទីក្រុងបៃតង ទីក្រុងស្អាត ទេសចរមួយនាក់ ដើមឈើមួយដើម   ការពង្រីកស្តង់ដារទេសចរ ការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យទូលំទូលាយ ដើម្បីចូលរួមឲ្យសកម្មព្រមៗគ្នាក្នុងចលនា ទេសចរណ៍សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ ទេសចរណ៍ ធ្វើឲ្យទីរួមខេត្តក្រចេះតូចច្រឡឹងកាន់តែមានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាខេត្តក្រចេះមានចំនួនកើនឡើងជាលំដាប់ ។ ជាក់ស្តែងថ្មីៗកន្លងមកនេះ ក្រុងក្រចេះ នៃខេត្តក្រចេះទទួលបានចំណាត់ថ្នាក់ផ្ការំដួលទីក្រុងស្អាតចំនួនពីរទងសម្រាប់ឆ្នាំ២០១៤-២០១៨។ វិស័យផ្សេងៗទៀតក៍មានការរីកចំរើនជាទីមោទនៈផងដែរ។
-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី      ជាទីគោរពដ៍ខ្ពង់ខ្ពស់!
-អង្គពិធីទាំងមូល     ជាទីមេត្រី!
ពិធីបុណ្យទន្លេដែលយើងទាំងអស់គ្នាបានកំពុងជួបជុំគ្នាប្រារព្ធពិធីបើកនាឱកាសនេះ គឺជាពិធីបុណ្យលើកទី១ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយសម្រាប់ខេត្តក្រចេះក៍ជាលើកទី១ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់  កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូលបានខិតខំពុះពារជុំរុញក្នុងការរៀបចំ ដើម្បីឆ្លើយតបឲ្យបានសាក់សមនឹងព្រឹត្តិការណ៍ដ៍មានអត្ថន័យនេះ ដោយបានរៀបចំសាងសង់ ជួសជុលកែលម្អរប្រព័ន្ធផ្លូវ រៀបចំសាងសង់ច្រាំងទន្លេ កែលម្អរសួនច្បារ កែលម្អរគ្រឹះស្ថានសាធា  រណៈ និងឯកជន តុបតែងលម្អរភ្លើង រៀបចំសណ្តាប់អនាម័យ ព្រមទាំងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីនេះបានយ៉ាងម៉ឺងម៉ាត់ថែមទៀត។ ខេត្តក៍បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានផលិតផលឲ្យយកមកដាក់តាំងលក់ដូរ ដោយធ្វើការវិចខ្ចប់ឲ្យមានសោភណ្ឌភាព និងមានអនាម័យល្អក្នុងការឆ្លើយតបទៅនឹងទិសស្លោក«អនាម័យនាំមកនូវសុខភាព» ។
ជាមួយនេះ ខេត្តក៍បានសហការជាមួយក្រសួងពាក់ព័ន្ធ បណ្តាខេត្តនានា និងផ្នែកឯកជនរៀបចំ ពិព័រណ៌ពាណិជ្ជកម្មក្នុងគោលបំណងជុំរុញសកម្មភាពពាណិជ្ជកម្ម និងផលិតផលនានានៅក្នុងមូលដ្ឋានខេត្តក្រចេះ ក៍ដូចជាផលិតផលមកពីបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងផលិតផលដែលនាំ​ចូលពីក្រៅប្រទេស ដើម្បីជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងដើម្បីឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងបង្កើនសកម្មភាពជុំរុញពាណិជ្ជកម្មតាមព្រុំដែនជាមួយប្រទេសជិតខាងដោយបានរៀបចំស្តង់សរុបចំនួន១៦៨ស្តង់ ដោយមានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាអ្នកទទួលរ៉ាប់រង ដែលបានដាល់តាំងលក់ផលិផលជាច្រើនប្រភេទប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតំរូវការទីផ្សារ មានតម្លៃសមស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន។
ទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិដ៍ស្តុកស្តម មានប្រភពនៅខ្ពង់រាបទីបេ ហូរកាត់ប្រទេសចំនួន៦ មានប្រទេសចិន ភូមា ថែ ឡាវ កម្ពុជា វៀតណាម មានប្រវែងសរុប ៤៨៨០ គ.ម។ ហូរកាត់ ព្រះរាជា ណាចក្រកម្ពុជាមានប្រវែង ៥០០គ.ម កាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ។ ដោយឡែកហូរកាត់ខេត្តក្រចេះមានប្រវែង ១៤០ គ.ម កាត់ស្រុក៤ ក្រុង១ គឺស្រុកសំបូរ ស្រុកចិត្តបុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង និងក្រុងក្រចេះ។ ទន្លេមេគង្គបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិទាំងមូល រួមមាន ផ្តល់ត្រីជាអាហារ ជាប្រភពទឹកសម្រាប់ហូប ប្រើប្រាស់ និងបំរើឲ្យវិស័យកសិកម្ម ជាផ្លូវគមនាគមន៍សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៍ស្រស់ត្រកាល ផ្តល់រ៉ែក្រួសខ្សាច់បំរើដល់វិស័យ សំណង់ និងនៅរដូវវស្សាបាននាំមកនូវដីល្បាប់ដ៍មានជីជាតិមកចាប់បំពេញដីស្រែចំការរបស់ប្រជាកសិករ ធ្វើឲ្យដំណាំដុះលូតលាស់បានល្អផ្តល់នូវភោគផលបានច្រើន ធ្វើឲ្យជីវភាពរសនៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើង។
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលបីថ្ងៃនេះ គឺពិតជានឹងរំលេចឲ្យឃើញកាន់តែច្បាស់ថែមទៀតពីសារៈប្រយោជន៍ដ៍ធំធេងនៃទន្លេមេគង្គនៃយើងទាំងអស់គ្នា។
ជាទីបញ្ចប់  ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់   កងកំលាំងប្រដាប់អាវុធគ្រប់
ប្រភេទ​ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល ខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ   ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៍មមាញឹកអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីជាប្រវត្តិសាស្ត្រនេះនិងសូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៌        កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃក្នុងបេសកកម្មបំរើជាតិមាតុភូមិ។ ទន្ទឹមនេះអនុញ្ញាតឲ្យខ្ញុំបាទថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រចំពោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីដែលបានដឹកនាំវិស័យទេសចរណ៍មានការរីកចំរើនប្រៀបបាននិងស្នូរផ្ទុះនៃកាំជ្រួចជះរស្មីភ្លឺថ្លាត្រចះត្រចង់ទាំងក្នុងប្រទេស ទាំងក្នុងតំបន់ និងពិភពលោក ធ្វើឲ្យភ្ញៀវទេសចរមានកំណើនរាប់លាននាក់រាល់ឆ្នាំគួរជាទីមោទនភាព។ សូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។
ក្នុងព្រឹត្តិការណ៍ដ៍អស្ចារនេះ ខ្ញុំសូមឲ្យការកំសាន្ត និងការស្នាក់នៅរបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោក លោកស្រី  លើទឹកដីខេត្តក្រចេះយើងខ្ញុំ សូមប្រកបដោយផាសុខភាព។


                                                          សូមអរគុណ!

No comments:

Post a Comment