Monday, March 16, 2015

ជប៉ុន​នឹង​ផ្តល់​នូវ​កម្ចីសម្បទាន​ដល់​កម្ពុជា​ដែល​មាន​ទឹកប្រាក់​១ម៉ឺន​​​​៩​​ពាន់​ ២០០លាន​យ៉េន សម្រាប់កា​រកសាង​កំណាត់​ផ្លូវជាតិ​លេខ៥ និង​​ជម្រុញ​​ឲ្យមាន​​ការហោះ​ហើរត្រង់ កម្ពុជា‑​ជប៉ុន​នៅ​ពេល​ដ៏ខ្លី​ខាងមុខ

ក្នុង​ឱកាស​ទទួល​រៀបចំពិធីទទួលអាហារការងារ ជូនសម្តេចតេជោនាយករដ្ឋ​មន្រ្តី និង​គណៈ​ប្រតិភូកម្ពុជានៅវេលាថ្ងៃត្រង់​ថ្ងៃទី១៥មីនា ដែលជាថ្ងៃទី២នៃការស្នាក់អាស្រ័យ​អញ្ជើញ​ចូល​រួម សន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះ​មហន្តរាយ នៅ​ទីក្រុង​សេនដាយ ប្រទេសជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន   បានស្វាគមន៍​ចំពោះ​ការ​ដាក់ឲ្យប្រើ​ប្រាស់ជា​ផ្លូវការ នូវ​ស្ពានអ្នកលឿង និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ដែលបានដាក់រូបសញ្ញាស្ពាន គីហ្សូណា និងស្ពានអ្នកលឿង​ហៅស្ពាន​ស៊ូបាសា ទៅក្នុងក្រដាក់ប្រាក់៥០០រៀល ដែលជារូបិយបណ្ណថ្មី របស់កម្ពុជា ហើយ ដោយសារ​តែគំរោង​នៃការ​តភ្ជាប់​នោះ​មាន គុណភាពខ្ពស់ ជប៉ុនឹងផ្តល់នូវកម្ចីសម្បទាន​ដល់កម្ពុជាដែល​មានទឹកប្រាក់១ម៉ឺន​​​​៩​ពាន់​២០០លានយ៉េន សម្រាប់ការកសាងកំណាត់ផ្លូវជាតិលេខ៥។
ក្នុងជំនួបពិសារបាយការងារនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុនមាន​ប្រសាសន៍ បច្ចុប្បន្ន​នេះសន្ទុះនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានការកើនឡើងនោះ ឯក ឧត្តមមានសេចក្តី​សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានិងបន្តជំរុញយ៉ាងណាឲ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់​តែមានស្ថេរភាពជាពិសេសពាក់ព័ន្ធនិងថ្លៃអគ្គិសនី។
ជាមួយគ្នានេះ ឯកឧត្តមចង់ឃើញការអនុវត្តកិច្ច​ព្រម​ព្រៀង នៃវិស័យអាកាសចរណ៍របស់​ប្រទេស​ទាំងពីរ ដែលបានចុះហត្ថលេខាកាលពីខែមករាកន្លងទៅ ឲ្យបានចេញដំណើរ​ជា​រូបរាង​នៅពេលខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលបានលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនផ្លូវការ និងការទូតដល់ប្រទេសជប៉ុន ជាមួយ​គ្នា នេះឯកឧត្តមក៏ចង់ឃើញផងដែរនូវការផ្លាស់ប្តូរប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ​ផងដែរ។
ទាក់ទិនទៅនឹងការ បើកឲ្យមានការហោះហើរត្រង់នៃប្រទេសទាំងពីរ សម្តេចតេជោ មាន​ប្រសាសន៍ថា សេវាហោះហើរគឺវាពាក់​ព័ន្ធនិងក្រុមហ៊ុនហោះហើរផ្ទាល់ តាមរយៈនេះសម្តេច​មានប្រសាសន៍ស្នើឲ្យមានការគាំទ្រ ពីឯកឧត្តម​នាយក​រដ្ឋមន្រ្តីជប៉ុន ដើម្បីឲ្យសេវា​ហោះហើរ​បានចេញជារូបរាង។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមនាយករដ្ឋ​មន្រ្តីជប៉ុន មានប្រសាសន៍ថា នេះ​គឺជាលើកទី១ហើយដែលឯកឧត្តមបានឃើញក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន ANA មានការ​ចាប់​អារម្មណ៍ចំពោះការហោះហើរត្រង់នោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឯកឧត្តម និងខិត​ខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យច្បាប់ស្តីពីហោះហើរ នៃវិស័យអាកាសចរណ៍ស៊ីវិល​របស់ប្រទេស​ទាំងពីរ បានចេញជារូបរាងពីរដ្ឋសភា។ ឯកឧត្តមបានផ្តល់នូវសេចក្តីសង្ឃឹមថា នឹងមាន​ការ​ហោះហើរត្រង់នៅពេលដ៏ខ្លីខាងមុខ។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព​ចាប់តាំងពី​ក្រោយ​​សង្រ្គាមលោកលើកទី២ ពិសេស​ការ​បន្តដើរ​តួនាទីថែរក្សាសន្តិភាព​ សម្រាប់ពិភព​លោកនាពេលកន្លងមក ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មាន​ប្រសាសន៍ស្នើឲ្យសម្តេចតេជោ​នាយករដ្ឋមន្រ្តី គាំទ្រនូវតួនាទីជប៉ុនក្នុងការថែរក្សាសន្តិភាព សម្រាប់ពិភព​លោក។
ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា នៅខែមិថុនាខាងមុខ ជប៉ុននិងរៀបចំសិក្ខាសាលា​ជាន់ខ្ពស់​មួយ ពាក់ព័ន្ធទៅនិងការកសាងនិងថែរក្សាសន្តិភាពនោះ ដោយផ្តើមចេញពីបទ​ពិសោធន៍​ដែល​ជប៉ុនមាន ក្នុង​ការរួមចំណែកថែរក្សាសន្តិភាពសម្រាប់កម្ពុជា កាលពីដើមទសវត្ស​ទី៩០​មក​នោះ។
ទាក់ទិនទៅនិងបញ្ហា​នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជា​គាំទ្រ​នូវរាល់​សកម្មភាពថែរក្សាសន្តិភាពពិភព​លោក ដែលស្ថិតនៅក្នុងក្របខណ្ឌនៃដំបូល​របស់អង្គការ​សហប្រជាជាតិ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មានប្រសាសន៍​សំដែងនូវការរីករាយចំពោះ ការកែទម្រង់នានាក្នុងប្រទេស​កម្ពុជា ពិសេសការកែទម្រង់លើ​ការបោះឆ្នោត នោះសោតគឺផ្តើមចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​ របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី។
ទាក់ទិនទៅនិងការកែទម្រង់ការបោះឆ្នោតនោះ ឯកឧត្តមនាយករដ្ឋ​មន្រ្តី​ជប៉ុន​មានជំនឿយ៉ាង​មុតមាំថា គណបក្សទាំងពីរនិងបន្តការចរចារគ្នា ដើម្បីឈានទៅ​សំរេច​ទាំង​​ស្រុង​នៅពេលឆាប់​ៗ​ខាងមុខ ហើយជប៉ុននិងជួយដល់កម្ពុជាតាមរយៈ​ការបញ្ជូន​អ្នក​ឯកទេសរបស់ខ្លួន ក្នុងការ​ជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការ​ឆ្លើយ​តបសម្តេចតេជោមានប្រសាសន៍ថា មក​ដល់ពេលនេះគណបក្សទាំងពីរ​បានធ្វើការ​រួមគ្នា ដើម្បីឈានទៅសំរេចក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺនៅថ្ងៃ​ទី១៩មីនាខាងមុខ នឹងមាន​ការ​ជជែកដេញដោលគ្នាក្នុងសភា។ សម្តេចបន្តថា អ្វីៗកំពុងដំណើរការទៅមុខ ហើយនៅ​ពេល​ដែល​ច្បាប់បោះឆ្នោតថ្មីដំណើរការហើយនោះ ជប៉ុនអាចបញ្ជូនអ្នកឯកទេសបោះឆ្នោត​មក​កម្ពុជា បញ្ហាសំខាន់គឺការជួយរៀបចំបញ្ជីបោះឆ្នោតដល់កម្ពុជា ដោយសារនៅឆ្នាំ​២០១៧​កម្ពុជា មានការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងនៅឆ្នាំ២០១៨ ការបោះឆ្នោត​សកលជ្រើសតាំងតំណាងរាស្រ្ត។     
ក្នុងជំនួបពិភាក្សាគ្នានោះ ដែរប្រមុខរដ្ឋាភិបាល​នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន ក៏បានពិភាក្សា​គ្នា​យ៉ាងល្អិតល្អន់ជុំវិញសភាពការណ៍តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា​។
ក្នុងជំនួប​ពិភាក្សាគ្នានោះដែរ ឯកឧត្តម ស៊ិនហ្សូ អាបេ មានប្រសាសន៍ថ្លែងអំណរគុណ​ជូន​ចំពោះសម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ​ចំពោះ​ប្រទេស​ជប៉ុន សម្រាប់បេក្ខភាពសមាជិក​មិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហ​ប្រជា​ជាតិ ពិសេសក្រោយការកែទម្រង់អង្គការ​សហ​ប្រជាជាតិមកនោះ៕

No comments:

Post a Comment