Monday, March 16, 2015

ក្រសួងអប់រំអំពាវនាវឲ្យបន្តបោះឆ្នោតគាំទ្រអ្នកគ្រូ នាង ផល្លា សម្រាប់ជ័យលាភីគ្រូប្រជាប្រិយភាព

បើទោះ​បីជា​អ្នកគ្រូ​ នាង ​ផល្លា​ ដែលជា​គ្រូ​បង្រៀន​សិស្ស ​គ ថ្លង់ ​និងពិការ​ភ្នែក នៅអង្គការ​គ្រួសារថ្មី​នៃប្រទេស​កម្ពុជា​ មិនបាន​ក្លាយជាម្ចាស់​ពានរង្វាន់​គ្រូបង្រៀន​ឆ្នើមពិភពលោក​ (Global Teacher Prize) ក៏ដោយ ​ក៏ក្រសួង​អប់រំ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​នៅតែ​បន្តអំពាវនាវ​ឲ្យសាធារណ​ជន​ បោះឆ្នោត​គាំទ្រអ្នកគ្រូ​ សម្រាប់​រង្វាន់​លើកទឹក​ចិត្ត​ជាគ្រូបង្រៀន​ប្រជា​ប្រិយភាព។
បើយោង​តាមលទ្ធផល​ផ្លូវការ ​ដែលត្រូវបាន​ប្រកាស​នៅយប់​ថ្ងៃអាទិត្យ​ទី១៥ ​ខែមីនា ពីទី​ក្រុងឌូបៃ​ ប្រទេស​អេមីរ៉េត ​អារ៉ាប់រួម ​លោកស្រី ​Nancie Atwell ​មកពីសហរដ្ឋ​អាមេរិក ក្លាយ​ជាម្ចាស់ពាន​ជាមួយទឹក​ប្រាក់ចំនួន​១លាន​ដុល្លារ​អាមេរិក។
បន្ទាប់​ពីការប្រកាស​លទ្ធ​ផល ក្រសួង​អប់រំ​បានសរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួនថា ​«សូមអរគុណ​ដល់អ្នកគ្រូ ​នាង ផល្លា ​ដែលតំណាង​ឲ្យគ្រូទូទាំង​ប្រទេសកម្ពុជា ​ដែលបានជាប់​ជាបេក្ខជន​ទាំង១០រូប​ចុងក្រោយ​ក្នុងកម្មវិធីគ្រូ​ឆ្នើម​ពិភពលោក ​ដោយបាន​លះបង់​កម្លាំងចិត្ត​ និង​កាយក្នុង​ការជួយ​បង្រៀន​ដល់កុមារ​ពិការភ្នែក​ និង​គថ្លង់​នៅកម្ពុជា​»។​ ក្រសួង​បញ្ជាក់​បន្ថែមថា​ «នេះជា​ចំណែក​មួយក្នុងការ​ជួយពង្រឹង​ និង​លើកកម្ពស់​វិស័យអប់រំ​ដល់កុមារ​គ្រប់ៗរូប​។ ​ទោះបីជា​អ្នកគ្រូ ​មិនបាន​ទទួលបាន​ជ័យលាភី​ក៏ដោយ​ យើង​ទាំងអស់​គ្នាសូម​កោត​សរសើរ​នូវការ​លះបង់​ដ៏ធំធេង​របស់អ្នក​គ្រូ ​ហើយ​នៅ​តែបន្តការលើក​ទឹកចិត្ត ​និង​គាំទ្រ​ដល់អ្នកគ្រូ ​ក្នុងការ​បំពេញការងារ​គ្រប់ភារកិច្ច​ឲ្យ​បាន​ជោគជ័យ»
ក្រសួង​អប់រំ​អំពាវនាវ​ដល់​សាធារណជន​បន្តបោះឆ្នោត​គាំទ្រ​ដល់​អ្នកគ្រូ ​ដើម្បី​អ្នកគ្រូ​អាចទទួល​បាន​នូវជ័យលោភី​គ្រូ​ដែល​មាន​ប្រជាប្រិយ​ភាព​ជាងគេ​។ ​សាធារណជន​អាច​ចូលទៅ​តាមរយៈ​តំណhttp://bit.ly/1GrhFHF រហូត​ដល់ថ្ងៃ​ទី១៧​ ខែ ​មីនា​ ឆ្នាំ ២០១៥ ​ដើម្បីបោះឆ្នោត​។
តាមរយៈ​ជីវប្រវត្តិ​សង្ខេបរបស់​ អ្នកគ្រូ​ នាង​ ផល្លា ​ដែល​ត្រូវបាន​ បង្ហោះ​ក្នុង ​គេហទំព័រ​ របស់ ​(Global Teacher Prize)  បានឲ្យ​ដឹងថា​ អ្នកគ្រូបាន​ចាប់ផ្ដើម​ធ្វើការជាមួយ​ក្មេងពិការ​ភ្នែក​ក្នុងឆ្នាំ១៩៨៦​ជា ​នាយកសាលា​របស់​អង្គការ​សហប្រជា​ជាតិ​នៅក្នុង​ជុំរំ​ជន​ភៀស​ខ្លួន​ក្នុងប្រទេស ​ថៃ ​ហើយ​នៅពេលគាត់​ត្រឡប់​មកប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៣​ គាត់បានក្លាយ​ជា​គ្រូបង្រៀន​សិស្ស ​គ ថ្លង់​ មុន​គេបង្អស់​ក្នុង​ប្រវត្តិសាស្ដ្រ​ប្រទេស​កម្ពុជា​ ។  គាត់បាន​បរិច្ចាគ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​ដើម្បី​បើកសាលា ​គ ថ្លង់​ ដំបូងបង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​បាន​បង្កើត​អក្សរផុស​ខ្មែរ​  (Braille) សម្រាប់​អ្នកពិការ​អាន​ផងដែរ​។
បច្ចុប្បន្ន ​អ្នកគ្រូ ​នាង ផល្លា ​ជាគ្រូបង្រៀន​កុមារ គ ថ្លង់ ​កុមារពិការ​ភ្នែក ​ក្នុងអង្គ​ការ​គ្រួសារថ្មី​ នៅ​សង្កាត់​ឃ្មួញ ​ខណ្ឌសែន​សុខ ​រាជធានី​ភ្នំពេញ​។ ​អ្នកគ្រូ​ នាង​ ផល្លា ​មានតួនាទី​ជាគ្រូបង្រៀន​ ជា​នាយក​សាលា ​និងជាអ្នក​សម្របសម្រួល​កម្មវិធី​អប់រំកុមារ ​គ ថ្លង់ ​នៅក្នុងប្រទេស​កម្ពុជាជាង​២០ឆ្នាំ​មកហើយ ​។
គួររំឮក​ថា​មុនពេលត្រូវ​បានជ្រើសរើស​ឲ្យជាប់​ក្នុងបេក្ខជន​គ្រូឆ្នើម​ទាំង១០​ចុងក្រោយ​ នេះ ​អ្នកគ្រូ ​នាង​ ផល្លា​ បាន​ឆ្លងកាត់វគ្គ​ជម្រុះ​ពីរដង​រួចមក​ហើយ ​គឺលើកទីមួយ​ជាប់​ក្នុង​ចំណោម​គ្រូ៥០នាក់​ នៃ​គ្រូបង្រៀន​ជុំវិញ​ពិភពលោក​ ដែល​មាន​ចំនួន៥០០០​នាក់​ចូលរួម​ និង​លើកទីពីរ​ គាត់​ត្រូវបាន​ជ្រើសរើស​ក្នុង​ចំណោម​គ្រូ១០នាក់​ចុងក្រោយ ​ពីគ្រូ​បង្រៀន​៥០​នាក់​។ ​តាមរយៈការ​ជ្រើសរើស​ដ៏​ស្វិតស្វាញ​នេះ ​គឺ​សបញ្ជាក់​ពីភាពសំខាន់​ និង​គុណ​សម្បតិ្ត​ដ៏ច្រើន​ដែលអ្នកគ្រូ​ នាង​ ផល្លា​ មាន​ បើទោះបី​ជាគាត់​មិនបាន​ទទួលពាន​រង្វាន់គ្រូ​ឆ្នើម​ពិភព​លោក​ក្តីក៏នេះ​ជាមោទន​ភាព​របស់​កម្ពុជា​ ដែលអ្នក​គ្រូ​បាននាំយក​នូវទង់​ជាតិ​កម្ពុជា​ទៅលើក​បង្ហាញ​នូវលើ​ឆាក​អន្តរជាតិ​ ក្នុងកម្ម​វិធី​ដ៏វិសេស​វិសាល​មួយនេះ៕

        អត្ថបទ៖ ច័ន្ទ ទេវី             


No comments:

Post a Comment