Tuesday, March 05, 2019

រដ្ឋលេខាធិការក្រសួងផែនការ ជំរុញដល់មន្ត្រីជំរឿនត្រូវខិតខំប្រមូល ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីទទួលបានជោគជ័យ

ប៉ៃលិន៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក រិន វីរះ រដ្ឋលេខាធិការ ប្រចាំការក្រសួងផែនការ បានជំរុញដល់មន្ត្រីជំរឿន នៃមន្ទីរផែនការ ខេត្តប៉ៃលិន ត្រូវខិតខំធ្វើជំរឿន ដោយប្រមូលព័ត៌មានមួយជាក់លាក់ ច្បាស់លាស់ពីប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យដំណើរការជំរឿនឆ្នាំ២០១៩នេះ ទទួលបានជោគជ័យទៅតាមផែនការគ្រោងទុក ពីព្រោះទិន្នន័យ ជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបាន ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិន ទុកចោលអ្នកណាម្នាក់ឡើយ។
លោកបានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យការធ្វើជំរឿន ទទួលបាន លទ្ធផលប្រកបដោយជោគជ័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិ គាំទ្រ និងចូលរួម ការធ្វើជំរឿនទូរទាំងប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មាន តាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រី ធ្វើជំរឿនប្រជាជន។
នៅក្នុងឱកាសនោះផងដែរ លោក រិន វីរះ បានស្នើដល់អាជ្ញាមូលដ្ឋាន និងប្រជាពលរដ្ឋ រួមទាំងវិស័យឯកជនទាំងអស់នៅក្នុងខេត្ត សូមចូលរួមសហការជាមួយមន្ត្រីជំរឿន ក្នុងការធ្វើការសំភាសន៍ និងស្រង់ព័ត៌មានជំរឿនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដែលនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោកទឹម សុធីម ប្រធានមន្ទីរផែនការខេត្តប៉ៃលិន បានឱ្យដឹងថា នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យ ប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោល នយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដាន ត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០។

ការធ្វើជំរឿនទូទៅប្រជាជននៅទូទាំងប្រទេសកម្ពុជា គឺប្រព្រឹត្តទៅគិត ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាស ឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារ ប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្ត្រីជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស ដោយក្នុងរយៈពេល១១ថ្ងៃ មន្រ្តីជំរឿនម្នាក់ៗនឹងត្រូវសម្ភាសន៍ប្រជាពលរដ្ឋ ១២០ ទៅ ១៥០គ្រួសារ៕




No comments:

Post a Comment