Tuesday, March 05, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ៥ចំណុចក្នុងការចូលរួមលើកស្ទួយតួនាទីស្រ្តី

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗចំនួន៥ ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ។
ចំណុចសំខាន់ៗចំនួន៥នោះរួមមាន៖
១- ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ព្រមទាំង តាមដានសមត្ថភាពដែលមានជំនាញហើយ ត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។
២- ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្តដែលជាប់ទោសឱ្យទាន់ពេលវេលា ហើយត្រូវសហការគ្នាបង្កើតឱ្យមានមូលដ្ឋានស្ថិតិរួមមកជាផ្លូវការមួយដែលអាចតាមដានស្ថានភាពពួកគាត់បាន គឺត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងជម្លោះផ្សេងៗ។
៣- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ដើម្បីបានសិក្សាមុខវិជ្ជាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាជាដើម។
៤- ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងវប្បធម៌ ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។
៥- ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើងតាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ៕







No comments:

Post a Comment