Tuesday, February 26, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។
ក្នុងជំជួបនោះ លោក Nobert BARTHLE បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការដឹកនាំប្រតិភូចំរុះដែលមានសមាជិកសភាផង និងមានសមាជិករដ្ឋាភិបាលផង មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីគម្រោងទាំងឡាយដែលសហព័ន្ធអាល្លឺម៉ង់បានធ្វើនៅក្នុងប្រទេសកម្ពុជា ដើម្បីបានជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តិការនៅលើគម្រោងជាច្រើនបន្ថែមទៀត ដោយអនុវត្តទៅតាមការណែនាំពីលោកស្រីអធិការបតី Angela Merkel ដែលកន្លងមកលោកស្រីតែងតែគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក Nobert BARTHLE បានកត់សម្គាល់ពីការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ហើយសង្កេតឃើញមានការវិនិយោគជាច្រើន នៅក្នុងនោះលោកក៏មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើនពីអាល្លឺម៉ង់អោយមកកម្ពុជាផងដែរ។ ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបាននាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដែលបានធ្វើអោយសេដ្ឋកិច្ចរឹងមាំ មានស្ថិរភាព និងសន្តិភាព ដែលនេះជាស្នាដៃដ៏ធំធេងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លើសពីនេះទៅទៀតលោកថា កន្លងមកគឺមានអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើនបានចាប់អារម្មណ៍មកវិនិយោគនៅប្រទេសកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងផ្ញើការសួរសុខទុក្ខជូនចំពោះលោកជំទាវអធិការបតីអាល្លឺម៉ង់ ដែលបានផ្ញើលិខិតអបអរសាទរចំពោះរូបលោក ដែលបានជាប់ឆ្នោតជានាយកមន្រ្តីកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ និងអរគុណចំពោះការវាយតម្លៃដោយស្មោះត្រង់ចំពោះការវិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា ទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧៩ គឺលោកបានជួបមនុស្សតែ ៧០នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ ភ្នំពេញមានមនុស្សជាច្រើនបានកំពុងរស់នៅយ៉ាងសុខសប្បាយ និងមានការអភិវឌ្ឍយ៉ាងច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍនេះទទួលបានត្រឹមក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដែលនាំអោយប្រទេសទទួលបាននូវសុខសន្តិភាព ហើយការអភិវឌ្ឍន៍នេះ ក៏មានការចូលរួមពីបណ្តាប្រទេសនានា ក្នុងនោះក៏មានអាល្លឺម៉ង់ផងដែរ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទោះបីជាពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយ ហើយក្នុងនោះកម្ពុជាបានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនោះរួមមាន ការអភិវឌ្ឍធនធានមនុស្ស បញ្ហាទឹកស្រោចស្រព បញ្ហាទូរគមនាគមន៍ គមនាគមន៍ និងបញ្ហាអគ្គិសនីផងដែរ។

លោក Nobert BARTHLE បានបញ្ជាក់សារជាថ្មីជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសអាល្លឺម៉ង់ គឺគាំទ្រ និងបន្តសហការជានិច្ច ជាពិសេសនៅជាមួយលោកនាយករដ្ឋមន្ត្រីក្នុងការជួយដល់កម្ពុជា ដូចជាការជួយលើវិស័យកសិកម្ម អគ្គិសនីការប្រើប្រាស់ផ្ទាំងសូឡា ប្រព័ន្ធស្រោចស្រពទឹក និងជំរុញការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។ លោកបានមានប្រសាសន៍ថា យើងនឹងដើរជាមួយគ្នា និងបន្តសហការជាមួយគ្នាអោយកាន់តែរឹងមាំថែមទៀត៕















No comments:

Post a Comment