Tuesday, February 26, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនជាមួយប្រមុខរដ្ឋវៀតណាម

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) ​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកឯកសារចំនួន៥រួមមាន៖
១- ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោកដែលចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The)រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសា​ធារណ​​ការ និងដឹកជញ្ជូនកម្ពុជា។
២- សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
៣- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ២៥លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយលោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។
៤- ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០ ដែលចុះហត្ថលេខាដោយ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា​ណិជ្ជកម្មកម្ពុជា។
៥- ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេស​ចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

បន្ទាប់ពីពិធីចុះ​ហត្ថលេខារួច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) ​​ប្រមុខរដ្ឋវៀតណាម បានអញ្ជើញលៀងសាយភោជន៍រួមគ្នា​ នៅវិមានសន្តិភាព​ រាជធានីភ្នំពេញ​ ប្រកបដោយក្ដីរីករាយ​ និងស្និទ្ធស្នាលក្រៃលែង៕




No comments:

Post a Comment