Tuesday, February 27, 2018

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ

នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ហ៊ុន សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្រី បេន ប្រធានក្រុម​ប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល​នៃគណៈអភិបាល​ស្រុកបាទី ដោយលោក ភួន ឈីម អភិបាលរងស្រុក ត្រូវបានតែងតាំងជាអភិបាលស្រុក ជំនួសលោក អ៊ុក រី អតីតអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅសាលាខេត្ត។ ពិធីនេះប្រព្រឹត្តទៅនៅ​បរិវេណ​សាលាស្រុកបាទី ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពនៅក្នុងខេត្ត និងមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទូទាំងស្រុកបាទី។

ក្រោយពីស្តាប់នូវការឡើងប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក លោកអភិបាលខេត្តបានមានប្រសាសន៍​ថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកចាស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អកន្លងមក និងអបអរសាទរចំពោះលោកអភិបាលស្រុកថ្មីដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ។ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅលោកអភិបាលស្រុកថ្មីដឹកនាំរក្សា ឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុងចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជា​ក្រុមគ្រួសារត្រូវយកចិត្តទុកដាក់​ជួយយក​អាសារចំពោះមន្ត្រីរបស់ខ្លួន ហើយមិនត្រូវទុកមន្ត្រីណាម្នាក់ដែលជួបប្រទះបញ្ហាដោយពុំអើពើឡើយ។

បន្ថែមពីនោះអភិបាលស្រុកត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវបញ្ហាក្នុងមូលដ្ឋាន ហើយត្រូវ​សហការ​ឱ្យបានជិតស្និតជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះអណ្តែត ដោះស្រាយបញ្ហា​ទាំងនោះ​ឱ្យបានឆាប់រហ័សបំផុតតាមអភិក្រមទាំង៣គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។
ជាចុងក្រោយ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើបន្ថែមដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធទាំងអស់ត្រូវ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពបំផុត ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអាទិភាពដែលត្រូវ បង្ក្រាប និងទប់ស្កាត់ឱ្យបានផងដែរ ៕






No comments:

Post a Comment