Tuesday, February 27, 2018

អភិបាលខេត្តពោធិ៍សាត់ សម្ពោធព្រះវិហារថ្មី ក្នុងវត្តរំដេញសុវណ្ណ ស្រុកក្រគរ ដែលចំណាយថវិកាកសាងអស់ ១៤៥.៩៧៣ដុល្លាអាមេរិក

(ពោធិ៍សាត់)នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះវិហារដ៏ថ្មីស្រឡាង រួមជាមួយសមិទ្ធផលនានា ដែលទើបស្ថាបនារួចជាស្ថាបពរ ក្នុងវត្តរំដេញសុវណ្ណ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ចំណាយថវិកាក្នុងការកសាងអស់ ១៤៥.៩៧៣ដុល្លារអាមេរិក បានមកពីការជួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសត្រូវបាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ខ្សែបូ បញ្ចុះខ័ណ្ឌសីមា វេរប្រគេនព្រះសង្ឃ ដើម្បីធ្វើសង្ឃកម្ម និងធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា និងដោយបានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា សមិទ្ធផលលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ រួមទាំងព្រះវិហារវត្តរំដេញសុវណ្ណយើងផងដែរ ដែលកើតមានរហូតមកដល់ពេលនេះ គឺដោយសារសង្គមជាតិយើងទាំងមូល ទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ឆ្លងតាមប្រវត្តិ និងរបាយការណ៍ នៃការកសាងសមិទ្ធផលក្នុងវត្តរំដេញសុវណ្ណ ឃើញថាវត្តនេះមានអាយុកាលច្រើនឆ្នាំ និងមានព្រះគ្រូចៅអធិការវត្តចំនួន៨អង្គ គិតមកដល់បច្ចុប្បន្ននេះទើបតែមានព្រះវិហារស្អាតល្អ។
នេះគឺជាការខិតខំពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនឹងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងសហការី ទើបបានចេញជារូបរាង និងធ្វើពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ សម្រាប់ធ្វើបុណ្យទានតាមប្រពៃណី។
លោកបានបញ្ជាក់ថា រាល់សមិទ្ធផលទាំងពុទ្ធចក្រ និងអាណាចក្រ គឺបានមកពីញើសឈាមរបស់យើងទាំងអស់គ្នា ដែលបានរួបរួមសាមគ្គីទៅតាមកម្លាំងសទ្ធាជ្រះថ្លា ប្រយោជន៍តម្កល់ទុកក្នុងព្រះ ពុទ្ធសាសនា សម្រាប់មនុស្សជំនាន់ក្រោយៗ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារ និងត្រូវចេះស្រលាញ់ យោគយល់គ្នា បើមានអ្វីធ្ងន់ធ្ងរ ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដែលជាម៉ែជាឳ ជួយដោះស្រាយ។
លោកបានរំលឹកថា នៅក្នុងស្រុកក្រគរ ក្នុងនោះក៏មានឃុំក្បាលត្រាច និងឃុំកំពង់ពោធិ៍ ដែលមានទំនាស់ដីធ្លីនោះតាមរយៈលោកផ្ទាល់ និងលោក កែវ រតនៈ និងក្រុមការងារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដោះស្រាយ ដីធ្លីជូនប្រជាពលរដ្ឋ ជាក់ស្តែងនាពេលនេះ បានដោះស្រាយដីធ្លីជូន ៦៤គ្រួសារ តាមរយៈការចាប់ឆ្នោតទទួលបានដីកន្លះហិកតា នៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ និងចែកប័ណ្ណកម្មសិទ្ធិចំនួន ៩៦គ្រួសារ នៅភូមិក្រឡាញ់ ឃុំក្បាលត្រាចនាពេលនេះ។
នៅក្នុងពិធីសម្ពោធនោះ ក៏មានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជានិមិត្តរូប ៦គ្រួសារ ក្នុងចំណោម៩៦គ្រួសារ ប្រគេននិងប្រគល់ប័ណ្ណសរសើរសប្បុរសជន ដែលបានជួយកសាងចំនួន៥៣នាក់ ចែកជូនអាវ និងមួកដល់ប្រជាការពារ២០២នាក់ ជូនក្រណាត់ស និងថវិកា៥០០០រៀល ដល់លោកតាលោកយាយ៣០នាក់ និងជូនវត្ថុកំដរដៃដល់អ្នកចូលរួម៤០០នាក់ក្នុងម្នាក់សារុង១។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះសួរសុខទុក្ខ គ្រួសារលោកស្រី សុត្រ អ៊ូច អាយុ៦៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៧នាក់ រស់នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត រងរបួសធ្ងន់ស្រាលមនុស្ស៥នាក់ ខណៈចេញទៅក្របករបរជីកដំឡូង នៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង បាត់ដំបង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។ ជាមួយគ្នានោះលោកក៏បាន ធានារាល់ការព្យាបាល ចំពោះជនរងគ្រោះទាំងអស់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ផងដែរ៕






No comments:

Post a Comment