Tuesday, February 27, 2018

តើវៀតណាមនឹងធ្វើដំណើរតាមចិនឬ?

នៅក្នុងវិធីខ្លះ បក្សកុម្មុយនីស្តវៀតណាមហាក់បីដូចជាធ្វើតាមផ្លូវដែលគូសឡើងដោយចិន។

បើទោះបីជាគណបក្សកុម្មុយនីស្តវៀតណាម ដែលមានតែបក្សតែមួយដឹកនាំរបបត្រូវបានគេចាត់ទុកថា មានលក្ខណៈប្រជាធិបតេយ្យជាងបក្សកុម្មុយនីស្តចិនក៏ដោយ។ ការលើកសរសើរនេះផ្អែកទៅលើភាពជាអ្នកដឹកនាំដែលមានភាពយល់ស្របគ្នាជាទូទៅ ប្រជាធិបតេយ្យនៅក្នុងបក្ស ហើយមានការដាក់សម្ពាធតិចទៅលើសង្គមស៊ីវិល។ ទោះជាយ៉ាងនេះក្តី កត្តាទាំងអស់នេះ​ត្រូវបានគេ​កត់​សម្គាល់ថា បានធ្លាក់ចុះ ចាប់តាំងពីមេកុម្មុយនីស្តវៀតណាមដែលកំពុងកាន់អំណាច គឺអគ្គលេខាធិការបក្ស Nguyen Phu Trong ដែលបានទទួលការជាប់ឆ្នោតសារជាថ្មីនៅដើមឆ្នាំ​២០១៦​។ និន្នា​ការនេះត្រូវបានគេជំរុញឱ្យកាន់តែលឿន នៅពេលដែលបក្សកុម្មុយ​នីស្ត​វៀត​ណាម​កំពុងតែរៀបចំដើម្បីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិរបស់ខ្លួននៅរដូវផ្ការីកនេះ ដែលជាសម័យប្រជុំលើកទី៧ ដែលនៅក្នុងនោះសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីភាពជាអ្នក​ដឹកនាំ និងកំណែទម្រង់ផ្ទៃក្នុងនឹងត្រូវបានគេធ្វើឡើង។

នៅពេលដែលបក្សកុម្មុយនីស្តចិន ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីចិនលោក Xi Jinping បានចាប់ផ្តើមនូវយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ខ្លួន ដើម្បីបង្ក្រាបទៅលើ «ជន​ពុក​រលួយគ្រប់លំដាប់ថ្នាក់» ក្រោយពីសមាជបក្សជាតិលើកទី១៨ នៅឆ្នាំ២០១២ នយោបាយផ្ទៃ​ក្នុង​របស់​វៀតណាមនៅតែមានភាពរង្គោះរង្គើរវាងលោក Nguyen Phu Trong និងនាយករដ្ឋ​មន្ត្រីលោក Nguyen Tan Dung ។ ការប្រកួតគ្នាដ៏មានតុល្យភាពនេះ បានជួយឱ្យបក្សកុម្មុយនីស្ត​វៀតណាមនៅតែរក្សាបានបរិយាកាសសន្តិភាព ចាប់តាំងពីប្រទេសនេះចាប់យកនយោបាយកំណែទម្រង់បែបទីផ្សារនៅឆ្នាំ១៩៨៦។

ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីលោក Trong បានលេចឡើងជាអ្នកឈ្នះ ពួកកាន់បែប​អភិរក្សហាក់ដូចជាសម្រេចយកតាមសមមិត្តចិនរបស់ពួកគាត់ និងសំអាតឧបសគ្គនៅខាងក្នុងបក្ស។ មួយឆ្នាំក្រោយពីការសម្របសម្រួលមកគេឃើញថា មានភាពរង្គោះរង្គើមិនធ្លាប់ដែលមានពីមុនមកនៅក្នុងជួរថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម នៅពេលដែលបក្សកុម្មុយនីស្តមួយនេះបានកំចាត់ចោលមន្ត្រីជាន់ខ្ពស់មួយចំនួន ដោយសារតែអំពើពុករលួយ ចំណាត់ការខុសផ្នែក​សេដ្ឋកិច្ច ការរំលោភទៅលើបទបញ្ញត្តិរដ្ឋដោយចេតនា ការលួចទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ផ្ទាល់ខ្លួន និងការរំលោភអំណាច។

ចំណុចដែលលេចធ្លោជាងគេបំផុតនោះ គឺការដេញលោក Dinh La Thang ដែលជាសមាជិកក្នុងការិយាល័យនយោបាយកាន់អំណាច ហើយត្រូវបានគេចាត់ទុកថា ជាបុគ្គលនយោបាយដែលកំពុងរះឡើង។ ក្រោយពីការកាត់សេចក្តីលើកទីមួយចំពោះបទល្មើសពីរដែលចោទប្រកាន់​គាត់។ គាត់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ បានធ្វើឱ្យគាត់ក្លាយ​ទៅជាសមា​ជិកការិយាល័យនយោបាយទីមួយ ក្នុងការរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះ។ ឧបករណ៍​ប្រើប្រាស់ដ៏ក្តៅរបស់លោក Trong សម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ ក៏បាន​ដុត​រោលរាលដល់មន្ត្រីមានមុខមាត់មួយចំនួនទៀត ទាំងអ្នកនៅក្នុងអំណាច ទាំងអ្នកដែល​ឈប់ធ្វើការក្នុងថ្នាក់មូលដ្ឋាន និងតាមបណ្តាក្រសួងមន្ទីរ ក៏ដូចជាសហគ្រាសរដ្ឋ។

ខណៈដែលយុទ្ធនាការនេះហាក់ដូចជានាំមកនូវយុត្តិធម៌មួយចំនួន ចំពោះបញ្ហាអំពើពុករលួយដ៏អាស្រូវរបស់វៀតណាម នៅផ្នែកម្ខាងទៀតក៏វាជួយទៅដល់ការពង្រឹងអំណាចផ្តាច់ការឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់លោក Trong និងមនុស្សដែលគាត់គាំទ្ររបស់គាត់ភាគច្រើនបំផុតត្រូវបានគេសង្កេតឃើញថា គឺប្រធាននៃគណៈកម្មការអធិការកិច្ចមជ្ឈិមលោក Tran Quoc Vuong ដែលឋានៈរបស់វៀតណាមកម្រិតនេះស្មើគ្នាទៅនឹងលោក Wang Qishan ជាមេប្រឆាំង​អំពើពុករលួយរបស់ចិន។

បន្ថែមទៅលើនោះ ពីរឆ្នាំបន្ទាប់ពីលោក Trong ចូលកាន់អំណាច គាត់បានគ្រប់គ្រងទាំងស្រុងទៅលើយោធា និងកម្លាំងសន្តិសុខសាធារណៈ។ គាត់ក៏បានចាត់ចែងគ្រប់គ្រងកន្លែងនៅក្នុងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅក្នុងគណៈកម្មការកណ្តាលរបស់បក្ស សម្រាប់កិច្ចការសន្តិសុខសាធារណៈ ដែលជាការដឹកនាំកម្លាំងនគរបាលពិតៗនៅក្នុងឆ្នាំ២០១៦។ នេះគឺជាលើក​ដំបូងនៅក្នុងនយោបាយវៀតណាម ដែលអគ្គលេខាធិការបក្សត្រូវបានគេអនុញ្ញាតឱ្យចូលរួម​នៅក្នុងគណៈ​កម្មការនេះ។

នៅក្នុងផ្នែកមួយផ្សេងទៀត ដែលមានយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងផ្នត់គំនិតលោក Pham Minh Chinh ដែលជាសម្ព័ន្ធមិត្តរបស់លោក Trong ហើយក៏ជាប្រធាននៅក្នុងគណៈកម្មការអង្គ​ការ​មជ្ឈិមនៅក្នុងបក្សកុម្មុយនីស្តវៀតណាម កំពុងតែរៀបចំពិធីសាកល្បងឱ្យមានការបង្រួបបង្រួមរវាង​រដ្ឋាភិបាល និងប៉ុស្តិ៍របស់បក្សឱ្យមានកម្រិតរដ្ឋបាលដូចគ្នា។ និយាយបែបសាមញ្ញ គោល​បំណង​នេះ គឺដើម្បីកាត់បន្ថយបន្ទុកប្រព័ន្ធអភិបាលកិច្ចដែលមានមុខងារពី​របស់​វៀត​ណាម តាម​រយៈ​ការដាក់បញ្ចូលមេបក្សមូលដ្ឋាន ជាមួយនឹងមេបក្សដែលជាប់ឆ្នោតនៅក្នុងគណៈកម្មការប្រជា​ជន។ មនុស្សជាច្រើនរំពឹងទុកថា កម្មវិធីសាកល្បងនេះគឺជាជំហានលើកដំបូង​ឆ្ពោះទៅរកការបង្រួប​បង្រួមជាចុងក្រោយបង្អស់នូវតួនាទីដ៏ខ្ពស់បំផុតពីរនៅក្នុងនយោ​បាយ​វៀតណាម គឺលេខាធិការបក្ស និងប្រធានាធិបតី។

នេះគឺជាការអនុវត្តបែបប្រពៃណីនៅប្រទេសចិនកាលពីឆ្នាំ១៩៩៣ នៅពេលអគ្គលេខាធិការ បក្សកុម្មុយនីស្តចិនលោក Jiang Zemin ត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រមុខរដ្ឋចិន ហើយស្ថាន​ភាពនេះមិនត្រូវបានគេមើលឃើញកើតមាននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីមរណភាព​នៃបិតាស្ថានិក Ho Chi Minh ក្នុងឆ្នាំ១៩៦៩។

ទង្វើទាំងអស់នេះ បានបង្កើតមានឡើងដោយមិនអាចចៀសផុតបានសម្រាប់លោក Trong ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាមជាច្រើនទសវត្សរ៍កន្លងមក។ នៅក្នុងបរិក្ខារដូច្នេះ វៀត​ណាមកំពុងតែវារយឺតៗពីការគ្រប់គ្រងបែបបក្សតែមួយ ទៅកាន់ការគ្រប់គ្រងដោយមនុស្ស​តែ​ម្នាក់ ដូច​នៅប្រទេសចិននៅក្រោមការគ្រប់គ្រងរបស់ចិនអញ្ចឹង៕

ប្រភព៖ The Diplomat ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨



No comments:

Post a Comment